
យោងតាមការស្ទង់មតិប្រចាំឆ្នាំធ្វើឡើងដោយសភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ប្រចាំប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា បង្ហាញថា បណ្ដាក្រុមហ៊ុនអឺរ៉ុបនៅពេលនេះកំពុងកាត់បន្ថយការចំណាយ និងការបោះទុនវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈសេដ្ឋកិច្ចចិនកំពុងធ្លាក់ចុះ ហើយការប្រកួតប្រជែងយ៉ាងស្វិតស្វាញជំរុញឱ្យតម្លៃទំនិញមានការធ្លាក់ចុះ។
បញ្ហាប្រឈមរបស់ក្រុមហ៊ុនលោកខាងលិចទាំងនេះឆ្លុះបញ្ចាំងពីបញ្ហាកាន់តែធំនៅក្នុងសេដ្ឋកិច្ចចិន ដែលរងការញាំញីដោយវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃ ដែលបានធ្វើឱ្យអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចាយវាយ។ ទន្ទឹមនេះ ប្រទេសចិន ក៏កំពុងប្រឈមនឹងសម្ពាធពីអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជុំវិញការសម្រុកនាំចេញទំនិញយ៉ាងគំហុករបស់ខ្លួនផងដែរ។
សភាពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ប្រចាំប្រទេសចិន បានលើកឡើងតាមរយៈរបាយការណ៍ស្ទង់មតិទំនុកចិត្តអាជីវកម្មឆ្នាំ២០២៥ របស់ខ្លួនថា វិស័យសំខាន់ៗរបស់ប្រទេសចិនមានស្ថានភាពកាន់តែអាក្រក់ៗទៅ។ កត្តាមួយ ដែលជួយជំរុញការនាំចេញរបស់ប្រទេសចិន ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុករបស់ខ្លួនដូចគ្នាដែរ។ ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលចិន បានជំរុញឱ្យបណ្ដាក្រុមហ៊ុនចិន បោះទុនវិនិយោគច្រើនលើសលប់ក្នុងវិស័យសំខាន់ៗដូចជាវិស័យរថយន្តអគ្គិសនីជាដើម ដែលនាំឱ្យការផលិតច្រើនជាងតម្រូវការ។
ដោយ: តែម សុខុម