
តែយ៉ាងណាមកទល់ពេលនេះគេមិនទាន់អាចវាយតម្លៃពីទំហំ និងស្ថានភាពនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំនេះបាននៅឡើយទេ ដោយសារសករាជពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធបតីសហរដ្ឋអាម៉េរិកកំពុងបង្កក្តីបារម្ភដល់វិនិយោគិន និងបង្កើតជាភាពមិនច្បាស់លាស់សម្រាប់សេដ្ឋកិច្ចពិភពលោក។ តើកម្ពុជាមានការរំពឹងបែបណាចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ត្រាំ?
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មិនមានអ្វីដែលត្រូវរំពឹងខ្លាំងលើរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនោះទេ។ តែយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះបានលើកឡើងថា អ្វីដែលកម្ពុជាចង់បានពីសហរដ្ឋអាម៉េរិក គឺការបន្តទំនាក់ទំនងសេដ្ឋកិច្ច និងចង់ឱ្យមានការយោគយល់លើវិស័យពាណិជ្ជកម្ម និងកិច្ចសហការនានាឱ្យខ្លាំងជាងមុន។ យ៉ាងណាមិញ រាជរដ្ឋាភិបាលកម្ពុជានៅតែគិតគូរជាសំខាន់លើផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈគោលនយោបាយការទូតសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជាមានស្ថិរភាពសេដ្ឋកិច្ចល្អ និងពលរដ្ឋមានជីវភាពសមរម្យនាពេលខាងមុខ។
ជាមួយគ្នានេះអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group បានគូសបញ្ជាក់ថា មកទល់ពេលនេះគេពុំទាន់អាចវិនិច្ឆយចំពោះគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកមកលើសេដ្ឋកិច្ចកម្ពុជាបាននៅឡើយទេ ខណៈការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់។ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានេះ អ្នកជំនួញដ៏ល្បីល្បាញរូបនេះយល់ឃើញថា កម្ពុជាគួរបង្វែរការជួញដូរ ឬពង្រីកទីផ្សារទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត ដោយមិនត្រូវរង់ចាំលទ្ធផលនៃគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ចេញមកនោះទេ ព្រោះអ្វីៗវាអាចយឺតពេល។ បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី ក្រៅពីសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប កម្ពុជាគួរគិតគូរលើការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសនៅអាស៊ីខាងកើត ដែលមានប្រជាជនច្រើន។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារកើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាម៉េរិកមានទំហំជាង៩ពាន់៩រយលានដុល្លារ ខណៈអាម៉េរិកនាំចូលមកម្ពុជា វិញមានទំហំជាង២៦០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ