សមាគម CVEA

តើសមាគម CVEA មានផែនការ និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា?


សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដាក់ចេញផែនការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក៏ដូចជាជួយពង្រឹងគុណភាពវិស័យផ្តល់សេវាកម្មវាយតម្លៃក្នុងវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ថ្នាក់ដឹកនាំ CVEA បានគូសបញ្ជាក់ថា ការអនុវត្តផែនការ និងយុទ្ធសាស្ត្រឱ្យទទួលបាននូវប្រសិទ្ធភាពលុះណាតែមានការចូលរួមពីភាគីពាក់ព័ន្ធ ពិសេសពីរាជរដ្ឋាភិបាលកម្ពុជា តែម្ដង។
សមាគម CVEA
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា ឱ្យមានភាពធន់នៅក្នុងឆ្នាំ២០២៥-២០២៦ សមាគមបានដាក់ចេញផែនការចំនួន៣ចំណុចដូចជា ការពង្រឹងការគោរពច្បាប់ ពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការការពាវិជ្ជាជីវៈ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងផែនការទាំង៣នេះ ត្រូវបានរៀបចំឡើងស្របនឹងយុទ្ធសាស្រតបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ និងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគនៅក្នុងប្រទេស។ យ៉ាងណាក៏ដោយ ប្រធាន CVEA យល់ឃើញថា ដើម្បីពង្រឹង និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ក៏ដូចជាបង្កើនទំនុកចិត្តដល់វិនិយោគិន គឺទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការ និងគោរពច្បាប់ទាំងអស់គ្នា។

​ទន្ទឹមនឹងដាក់ចេញផែនការ៣ចំណុចខាងលើ សមាគមនេះ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៦ចំណុចផងដែរ រួមមាន ការរួបរួម ការអនុវត្តស្តង់ដា ការបណ្ដុះបណ្ដាល ការត្រួតពិនិត្យ ការផ្សព្វផ្សាយលើកទឹកចិត្ត និងការតស៊ូមតិ។ នេះបើតាមការគូសបញ្ជាក់របស់​ឧកញ៉ា ចេង ខេង សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលរំពឹងថា តាមរយៈការដាក់ចេញយុទ្ធសាស្ត្រទាំងនេះ វានឹងចូលរួមចំណែកជួយគាំទ្ររាជរដ្ឋាភិបាល ក្នុងឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

​ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះដែរ កាលពីពេលថ្មីៗ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគាំទ្រ និងឯកភាពផ្ដល់ទិន្នន័យដីធ្លីដល់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា។ ថ្នាក់ដឹកនាំសមាគម CVEA រំពឹងថា តាមរយៈការផ្តល់ទិន្នន័យនេះវានឹងធ្វើឱ្យការវាយតម្លៃលើអចលនវត្ថុកាន់តែមានប្រសិទ្ធភាព និងមានភាពជាក់លាក់បន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញជឿជាក់ថា វិស័យអចលនទ្រព្យនៅឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន?

វិស័យអចលនទ្រព្យកម្ពុជា បានជួបបញ្ហាប្រឈម និងភាពរង្គោះរង្គើជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម…

តើមានកត្តាអ្វីជំរុញឱ្យ IMF ព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកមានស្ថិរភាព តែនៅតំបន់អាស៊ីហាក់មិនច្បាស់លាស់នៅឆ្នាំនេះ?

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ