អ្នកលក់ដូរតាមដងផ្លួវ

តើអ្វីជាបញ្ហាប្រឈមរបស់អ្នកលក់ដូរតាមដងផ្លួវ ហើយអាជ្ញាធរគួរជួយអន្តរាគមន៍បែបណា?


អ្នកលក់ដូរតាមដងផ្លួវ ដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរួមចំណែកជួយបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងជាផ្នែកមួយនៃទេសចរ និងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ តែយ៉ាងណាអ្នកជំនាញអះអាងថា អ្នកប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែប្រឈមនឹងបញ្ហាមួយចំនួន និងទាមទារឱ្យអាជ្ញាធរបន្តគាំពារដល់ពួកគេ។ តើអ្វីជាបញ្ហាប្រឈមរបស់អ្នកលក់ដូរតាមដងផ្លួវ ហើយអាជ្ញាធរគួរជួយអន្តរាគមន៍បែបណា?
អ្នកលក់ដូរតាមដងផ្លួវ
ដោយ

លោក វន់ ពៅ ប្រធានសមាគម IDEA បានថ្លែងថា អ្នកលក់ដូរតាមដងផ្លូវដែលស្ថិតក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ​បានរួមចំណែកស្រូបយកកម្លាំងពលកម្មការងារបានមួយចំនួន និងជាផ្នែកមួយនៃទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈការលក់ដូរភាគច្រើននៅធ្វើតាមបែបប្រពៃណី និងស្នើដល់អ្នកពាក់ព័ន្ធឱ្យជួយបង្កភាពងាយស្រួលដល់អាជីវករស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានគូសបញ្ជាក់ថា ជាង៨៨%នៃកម្មករធ្វើការក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ គឺជាអ្នកលក់ដូរតាមដងផ្លូវដែលបានរួមចំណែកផ្ដល់សេវាកម្មម្ហូបអាហារតម្លៃសមរម្យ ជួយបង្កើតការងារ និងកាត់បន្ថយការចំណាកស្រុក។ បើតាមនាយិកាអង្គការអុកស្វាម អ្នកធ្វើការក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែស្ថិតក្នុងក្រុមងាយរងគ្រោះ និងត្រូវមានការគាំពារដល់ពួកគេ។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការគាំទ្រដល់សកម្មភាពមុខរបររបស់ពលរដ្ឋស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំក្រសួងការងារ បានចាត់ទុកអ្នកលក់ដូរតាមផ្លូវបានរួមចំណែកក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ជួយទាក់ទាញអ្នកទេសចរ និងបង្កើតជាទីផ្សារផលិតផលសម្រាប់បង្ហាញដល់សាធារណជន។ ជាក់ស្ដែងនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររៀបចំឱ្យមានការលក់ដូរនៅផ្លូវថ្មើជើង និងបានផ្ដល់ឱកាសជូនដល់អ្នកលក់ដូរតាមផ្លូវមួយចំនួនបានចូលទៅលក់នៅទីនោះផងដែរ។ តែយ៉ាងណាថ្នាក់ដឹកនាំក្រសួងការងារ យល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នអ្នកលក់ដូរតាមដងផ្លូវ ឬការធ្វើសកម្មភាពសេដ្ឋកិច្ចមិនអាចធ្វើតាមបែបបុរាណដូចមុននោះទេ ពោលគឺគួរងាកមកលក់តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រីកការលក់របស់ពួកគេ។

សូមបញ្ជាក់ថា ការលើកឡើងខាងលើនេះធ្វើឡើងក្នុងទិវាអន្តរជាតិ អ្នកលក់ដូរតាមដងផ្លួវលើកទី១៣ ដែលជាវេទិកាផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សា និងចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈម ដែលពួកគេជួបប្រទះ ដើម្បីកែលម្អលក្ខខណ្ឌការងារ និងសុខុមាលភាពទូទៅ ដើម្បីពង្រឹងក្របខ័ណ្ឌគាំពារសង្គមរបស់កម្ពុជា ដើម្បីធានាថា អ្នកលក់ដូរតាមដងផ្លូវមិនត្រូវបានទុកចោលនៅពេលដែលកម្ពុជា ឈានទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វុន្ថា




អត្ថបទបន្ទាប់


ចិនចាប់ផ្ដើមចេញមុខជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយទាហានថៃបាញ់ពលរដ្ឋស៊ីវិលកម្ពុជាស្លាប់និងរបួស ខណៈអាម៉េរិកហាក់ស្ងប់ស្ងាត់

ក្រោយពីថៃប្រកាសទាត់ចោលកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃជាឯកតោភាគី ទាហានថៃបានដៃគ្មានខ្លាចញញើតបានបាញ់ពលរដ្ឋស៊ីវិលខ្មែរឱ្យស្លាប់ម្នាក់ និងរបួស…

តើចិន មានឥទ្ធិពលខ្ពស់កម្រិតណាក្នុងការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ?

ក្រោយនាយករដ្ឋមន្ត្រីជិតខ្ទាតចេញពីតំណែងរបស់ថៃ ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលផ្តួចផ្តើមឡើងដោយមេដឹកនាំអាម៉េរិក និងម៉ាឡេស៊ី ហើយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ