ទោះជាយ៉ាងណា ក្រុមអ្នកជំនាញព្រមានថា ការប្រមូលផ្តុំអំណាចអាចបង្កឱ្យមានបញ្ហាថ្មីៗមិនចេះចប់។ អ្នកជំនាញទាំងនោះលើកឡើងថា ប្រសិនបើគ្មានតុលាការឯករាជ្យ គ្មានភ្នាក់ងារប្រឆាំងអំពើពុករលួយដែលឯករាជ្យ គ្មានសេរីភាពសារព័ត៌មាន និងគ្មានទស្សនវិស័យដ៏រឹងមាំរបស់អង្គការសង្គមស៊ីវិលទេ នោះប្រាកដណាស់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយអាចក្លាយជាអាវុធមុខពីរដ៏គ្រោះថ្នាក់ ដែលត្រូវបានគេប្រើប្រាស់ ដើម្បីធ្វើទុក្ខបុកម្នេញគូប្រជែងនយោបាយ ហើយការពារតែបក្ខពួករបស់ខ្លួន។ នេះបើយោងអត្ថបទវិភាគមួយចុះផ្សាយដោយគេហទំព័រ DW កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
របាយការណ៍បង្ហាញថា អំពើពុករលួយនៅតែជាបញ្ហាធ្ងន់ធ្ងរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ សន្ទស្សន៍វាស់ស្ទង់អំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់លេខ១០៩ ក្នុងចំណោម១៨២ប្រទេស។ ទន្ទឹមនេះ បាតុកម្មធំៗក៏បានកើតឡើងនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសដទៃទៀតផងដែរ ដោយពួកគេតវ៉ាចំពោះការប្រើប្រាស់មូលនិធិសាធារណៈខុសគោលដៅ និងវិសមភាពសង្គម ដែលមានគម្លាតកាន់តែធំ ពោលគឺអ្នកមាន មានកប់ពពក ចំណែកឯអ្នកក្រ គឺក្រហៅមិនឮ។
ក្រុមអ្នកគាំទ្រការដឹកនាំរដ្ឋដ៏តឹងរ៉ឹងតែងតែចង្អុលទៅប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុត ទោះបីជាសិង្ហបុរី ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយគណបក្សតែមួយយ៉ាងណាក៏ដោយ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរី គឺជាករណីលើកលែងដោយសារតែប្រទេសនេះមានទំហំតូច ការិយាធិបតេយ្យមានប្រសិទ្ធភាព ការអនុវត្តច្បាប់តឹងរ៉ឹង និងស្ថិរភាពនយោបាយរយៈពេលវែង។
ប្រទេសកាន់របបផ្តាច់ការផ្សេងៗទៀតនៅក្នុងតំបន់ដូចជាវៀតណាម ជាដើមបានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំមួយ ដែលបានបោសសម្អាតមន្ត្រីជាន់ខ្ពស់អស់ជាច្រើន។ ទោះជាយ៉ាងណា ក្រុមអ្នករិះគន់អះអាងថា យុទ្ធនាការទាំងនេះនៅតែដំណើរការនៅក្នុងប្រព័ន្ធដែលការប្រកួតប្រជែងនយោបាយ និងការទទួលខុសត្រូវមានកម្រិត។
ក្រុមអ្នកជំនាញនិយាយថា ភាពជោគជ័យពិតប្រាកដនៅក្នុងការប្រឆាំងអំពើពុករលួយមិនសូវពឹងផ្អែកលើប្រព័ន្ធនយោបាយដឹកនាំរដ្ឋនោះទេ តែត្រូវពឹងផ្អែកខ្លាំងលើកត្តាដូចជានីតិរដ្ឋរឹងមាំ, ហិរញ្ញប្បទាននយោបាយដែលមានតម្លាភាព, ស្ថាប័នឯករាជ្យដូចជាស្ថាប័នតុលាការជាដើម, សេវាសាធារណៈល្អដែលគ្មានអំពើពុករលួយ និងគណនេយ្យភាពសាធារណៈ។
សរុបមករបបផ្តាច់ការមិនអាចធានាបាននូវរដ្ឋាភិបាលដែលស្អាតស្អំគ្មានអំពើពុករលួយបាននោះទេ។ ប្រសិនបើគ្មានការត្រួតពិនិត្យ និងតុល្យភាពទេនោះ អំណាចកាន់តែច្រើនអាចបង្កើនហានិភ័យ នៃការរំលោភបំពានជាជាងកាត់បន្ថយអំពើពុករលួយ៕
ដោយ: តែម សុខុម