ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម

តើដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម អាចផ្តល់ផលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ច និងនយោបាយកម្ពុជា?


ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញក្ដីរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល១ថ្ងៃរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ពុជានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជួយជំរុញកំណើនដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ប្រកបដោយតម្លាភាព និងសមធម៌។ ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេមើលឃើញថា ជាការពង្រឹងខ្នងបង្អែកកាទូតដ៏សំខាន់សម្រាប់កម្ពុជាក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាប្រឈមនៅតាមព្រំដែនជាមួយប្រទេសជិតខាងផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ចចាត់ទុកដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ពុជា វាជាការបង្ហាញពីការរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ស្របពេលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈដំណើរទសន្សកិច្ចនេះវានឹងជួយជំរុញការដោះដូរពាណិជ្ជកម្ម ការតភ្ជាប់ការដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របពេលវៀតណាមជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេលំដាប់ទី៣របស់កម្ពុជាបន្ទាប់ពីចិន និងសហរដ្ឋអាម៉េរិកកាលបីឆ្នាំ២០២៥។

ជាមួយគ្នានេះលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចបានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ពុជាមិនត្រឹមតែជាការបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាសញ្ញានៃការគាំទ្រផ្នែកនយោបាយ ខណៈកម្ពុជាកំពុងមានវិវាទព្រំដែនជាមួយប្រទេសថៃ។ ក្រៅតែពីបញ្ហាពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈដំណើរទស្សនៈនេះវានឹងជួយផ្តល់ធាតុចូលសម្រាប់ជួយដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ ស្របពេលកម្ពុជាបានចាប់បញ្ជូនជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញឱ្យត្រឡប់ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់។

ដោយឡែក លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ការផ្លាស់ប្ដូរដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនៅក្នុងតំបន់បានក្លាយជាទំនៀមទម្លាប់ក្នុងការផ្លាស់ប្តូរយោបល់ និងភ្ជាប់ទំនាក់ទំនងកាទូតរវាងគ្នានិងគ្នា។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះរំពឹងថា លទ្ធផលនៃទស្សនកិច្ចនេះនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យទេសចរណ៍ និងការដោះដូរពាណិជ្ជកម្ម ក្រោមស្មារតីគោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានេះបានក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក តូ ឡឹម បន្ទាប់ពីលោកត្រូវបានសមាជបក្សកុម្មុយនីស្តវៀតណាមជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាធិការបក្សសាជាថ្មី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេដឹកនាំកំពូលរបស់វៀតណាមរូបនេះបានចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដូចជាចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងជាប្រពៃណៃរវាងប្រទេសទាំងបី។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង១១,៣ពាន់លានដុល្លារជាមួយក្តីរំពឹងនឹងកើនដល់២០ពាន់លានដុល្លារនាពេលខាងមុខ ស្របពេលដែលវៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាសរុបចំនួន២២៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង២,៩ពាន់លានដុល្លារ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពង្រីកការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗនៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បន្តពង្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ