ការចរចាបញ្ចុះពន្ធបដិការ

តើកម្ពុជា អាចមានសន្លឹកបៀអ្វីខ្លះ ក្នុងការចរចាបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក?


រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចបន្ថយអត្រាពន្ធបដិការលើទំនិញកម្ពុជា នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ពី៤៩% មកនៅត្រឹម៣៦% ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា តទៅ។ តែយ៉ាងណាកម្ពុជា នៅមានពេលប្រមាណ៣សប្តាហ៍ក្នុងការចរចាបន្តជាមួយអាម៉េរិក ហើយបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា នៅមានលទ្ធភាព និងសន្លឹកបៀសំខាន់ៗមួយចំនួនទៀត ក្នុងការចរចាបញ្ចុះពន្ធបដិការជាមួយអាម៉េរិក ឱ្យទាបជាងអត្រាដែលទើបប្រកាសថ្មីៗនេះ។
ការចរចាបញ្ចុះពន្ធបដិការ
ដោយ

តើកម្ពុជា អាចមានសន្លឹកបៀអ្វីខ្លះ ក្នុងការចរចាបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក? ហើយអ្នកជំនាញមានការយល់ឃើញបែបណាចំពោះលទ្ធភាពទទួលបានការបញ្ចុះពន្ធបន្ថែមទៀត?

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា កម្ពុជា នៅមានលទ្ធភាពក្នុងការចរចាបញ្ចុះពន្ធបដិការជាមួយអាម៉េរិក បន្ថែមទៀត ដោយសារកម្ពុជា ស្ថិតក្នុងឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ហើយពលរដ្ឋមួយចំនួនធំពឹងអាស្រ័យលើវិស័យវាយនភណ្ឌ ដែលជាវិស័យមួយមិនស្ថិតក្នុងគោលដៅទាក់ទាញរបស់អាម៉េរិក។ បើតាមអ្នកជំនាញរូបនេះ សន្លឹកបៀដែលកម្ពុជា អាចប្រើក្នុងការចរចាបញ្ចុះពន្ធបដិការ រួមមាន ការទម្លាក់ពន្ធលើទំនិញនាំចូលពីអាម៉េរិក មកនៅអត្រាសូន្យភាគរយ និងការអនុញ្ញាតឱ្យក្រុមហ៊ុន Starlink មកធ្វើអាជីវកម្មនៅកម្ពុជា។ បន្ថែមលើនេះ កម្ពុជា ត្រូវតែធានាថា រាល់ទំនិញដែលនាំចេញពីកម្ពុជា មានប្រភពដើមនៅកម្ពុជា និងការរក្សាអព្យាក្រឹតភាពមិនចូលបក្ខសម្ព័ន្ធ ពង្រីកការធ្វើអាជីវកម្មប្រេង និងឧស្ម័នតាមរយៈការបង្កើនការនាំចូលពីអាម៉េរិក ជាដើម។ បើតាមលោកបណ្ឌិត ជ័យ តិច ប្រសិនបើសហរដ្ឋអាម៉េរិក នៅរក្សាការយកពន្ធចំនួន៣៦% នោះកម្ពុជា នឹងជួបវិបត្តិលើវិស័យវាយនភណ្ឌ ដោយសារកម្ពុជា មិនអាចប្រកួតប្រជែងជាមួយដៃគូធំៗដែលមានអត្រាពន្ធទាបជាងកម្ពុជា នោះទេ។

ដោយឡែក លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខតំបន់ យល់ឃើញថា កម្រិតពន្ធបដិការ៣៦% ដែលសហរដ្ឋអាម៉េរិក បានដាក់មកលើកម្ពុជា ជាកម្រិតមួយខ្ពស់នៅឡើយ បើធៀបនឹងប្រទេសក្នុងតំបន់។ បើតាមអ្នកស្រាវជ្រាវរូបនេះ ការប្រើប្រាស់ការទូតចរចាដោះដូរ អាចនាំមកនូវការចំណេញរយៈពេលខ្លី ស្របពេលការពឹងផ្អែកលើកិច្ចព្រមព្រៀងនយោបាយ និងសេដ្ឋកិច្ចអាចបំផ្លាញស្វ័យភាពយុទ្ធសាស្ត្រសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់កម្ពុជា។ សម្រាប់កម្ពុជា ដែលជារដ្ឋតូច និងមានទំហំពាណិជ្ជកម្មតូចជាមួយសហរដ្ឋអាម៉េរិក កម្ពុជា កំពុងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើន គួបផ្សំនឹងការកែសម្រួលការអនុគ្រោះពន្ធដល់វិនិយោគិនបរទេស ដែលមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ កម្ពុជា អាចផ្តោតសំខាន់ទៅលើការចង់បាន និងវិស័យដែលវិនិយោគិនអាម៉េរិក មានបំណងមកវិនិយោគនៅកម្ពុជា ជាពិសេសវិស័យបច្ចេកវិទ្យា កម្មន្តសាល ឌីជីថល អប់រំ ពាណិជ្ជកម្មឌីជីថល ក៏ដូចជាការពង្រឹងការចិត្តទុកបន្ថែមទៀតដូចជាការធ្វើឌីជីថលលូបនីយកម្មលើការចុះបញ្ជីធុរកិច្ច សិទ្ធិកាន់កាប់ដីធ្លី ពលកម្មជំនាញ តម្លៃទឹកភ្លើង និងប្រព័ន្ធច្បាប់ជាដើម។ បើតាមលោក ថុង ម៉េងដាវិត ការពង្រឹងលើសិទ្ធិ និងសុវត្ថិភាពពលករ ការកែទម្រង់ច្បាប់មួយចំនួន ការអនុគ្រោះ និងការទទួលយកនូវអនុសាសន៍ណែនាំមួយចំនួន ដែលមានភាពវិជ្ជមាន គឺជាចំណុចចាប់ផ្តើមមួយក្នុងការកសាងទំនុកចិត្ត និងជាការត្រួសត្រាយផ្លូវក្នុងការបង្កើនកិច្ចសន្ទនាប្រកបដោយស្ថាបនា និងបើកចំហរជាមួយនឹងអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យការចរចាពាណិជ្ជកម្ម ឬការវិនិយោគណាមួយ ត្រូវគោរព និងរក្សាគោលការណ៍ស្នូល ពោលគឺអធិបតេយ្យភាព គណនេយ្យភាព ផលប្រយោជន៍រួម និងនិរន្តរភាព។

ពាក់ព័ន្ធបញ្ហានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា កម្ពុជា អាចនៅមានលទ្ធភាពក្នុងការចរចាបញ្ចុះពន្ធជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើកម្ពុជា រឹតបន្តឹងលើប្រភពដើម នៃទំនិញដែលនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។ បន្ថែមលើនេះ កម្ពុជា អាចពិនិត្យលើបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការធ្វើពាណិជ្ជកម្មឱ្យមានតុល្យភាពជាដើម ខណៈបញ្ហាទាំងនេះក៏ត្រូវបានសហរដ្ឋអាម៉េរិក ធ្លាប់លើកឡើងនាពេលកន្លងមកផងដែរ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើការចរចាអាចតម្រូវទៅតាមអ្វីដែលសហរដ្ឋអាម៉េរិក ចង់បាន នោះនឹងអាចធ្វើឱ្យសហរដ្ឋអាម៉េរិក បញ្ចុះអត្រាពន្ធដល់កម្ពុជា បន្ថែមទៀត។ អ្នកជំនាញរូបនេះ យល់ឃើញថា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែបន្តរក្សាអត្រាពន្ធ៣៦% ដដែលនោះនឹងអាចធ្វើឱ្យប៉ះពាល់ពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា។

បើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបើកផ្លូវឱ្យកម្ពុជា បន្តចរចាបន្ថែមទៀត ខណៈពេលនេះ កម្ពុជា ក៏បានជូនដំណឹងសុំចរចាបន្តលើបញ្ហានេះជាមួយសហរដ្ឋអាម៉េរិក រួចហើយផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម អះអាងថា កម្ពុជា នៅមានលទ្ធភាពខ្ពស់ក្នុងការចរចាដើម្បីបញ្ចុះពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ហើយ ឯកឧត្តម ស្នើឱ្យក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជា រក្សាភាពអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធបដិការចំនួន៣៦% លើទំនិញកម្ពុជា នាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្រោយប្រទេសទាំងពីរបានខិតខំចរចាយ៉ាងស្វិតស្វាញអស់ជាច្រើនលើកកន្លងមកនេះ។ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារ កើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំចេញទៅសហរដ្ឋអាម៉េរិក មានទំហំជាង៩ពាន់៩រយលានដុល្លារ ហើយអាម៉េរិក នាំចូលមកម្ពុជា វិញ មានទំហំជាង២៦០លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ប្រទេសចិនរកឃើញតំបន់ដែលមានស្ដុកធនធានរ៉ែលីចូម ជិត ៥០០លានតោន

នាយកដ្ឋានធនធានធម្មជាតិខេត្តរបស់ចិន បានអះអាងថានៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២៥ថា ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេស ដែលមានកាន់កាប់ធនធានរ៉ែលីច…

អ្នកវិភាគអះអាងថា ពន្ធបដិការរបស់អាម៉េរិក ដែលទើបប្រកាសថ្មីៗ កំពុងសំពងកំណើនសេដ្ឋកិច្ចថៃ

អ្នកវិភាគបានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ អាចនឹងធ្លាក់ចុះមកនៅត្រឹម១,១% នៅឆ្នាំនេះ ប្រសិនបើសហរដ្ឋអាម៉េរិក អនុវត្តការយកពន្ធបដិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ