ក្រុមអ្នកជំនាញបានមើលឃើញថា នេះគឺជាការតស៊ូរវាងអំណាចទន់ផ្នែកស្មារតី និងតថភាពនៃជីវភាពប្រចាំថ្ងៃ ខណៈដែលផលិតផលក្នុងស្រុកនៅមិនទាន់អាចឆ្លើយតបបានទាំងស្រុងនូវតម្រូវការជំនួស។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច សង្កេតឃើញថា ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ តាមបណ្តាញសង្គមនាពេលនេះ គឺជាការសម្តែងមតិតាមបែបអំណាចទន់របស់ពលរដ្ឋ ខណៈចលនានេះមានសម្ទុះខ្លាំងផ្នែកស្មារតី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពលរដ្ឋនៅមានកម្រិតនៅឡើយ ពោលគឺស្មារតីកម្លាំងចិត្ត និងតម្រូវការក្រពះហាក់មិនបានដើរទន្ទឹមគ្នា។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ខ្សែច្រវាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន និងចែកចាយទំនិញថៃ មកកម្ពុជា មានលក្ខណៈចាស់ទុំ និងស៊ីជម្រៅ និងមានភាពប្រកួតប្រជែងខ្ពស់ខាងតម្លៃ ដែលធ្វើឱ្យទំនិញថៃ វាសមស្របនឹងកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរទូទៅ។ ម្យ៉ាងទៀត ដោយសារពលរដ្ឋខ្មែរមានភាពស៊ាំនឹងគុណភាពនៃទំនិញថៃ ជាច្រើនជំនាន់ ជាហេតុធ្វើឱ្យទំនិញថៃ នៅតែមានវត្តមាននៅលើទីផ្សារកម្ពុជា។ ទោះជាយ៉ាងណាលោកបណ្ឌិតយល់ថា ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ មិនត្រឹមតែជួយបំបាក់ឧស្សាហកម្មផលិតរបស់ថៃ ប៉ុណ្ណោះទេ តែវាជាអាវុធសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពមួយ ដើម្បីផ្ញើសារទៅកាន់អ្នកនយោបាយថៃ ឱ្យដឹងពីអំណាចរបស់អ្នកប្រើប្រាស់ខ្មែរ។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ចលនាធ្វើពហិការរបស់ពលរដ្ឋខ្មែរបច្ចុប្បន្នហាក់មានភាពលំបាក ដោយសារមានការបន្លំប្រភពដើម និងការលួចប្តូរផ្លាកសញ្ញាទំនិញ បើទោះពលរដ្ឋមានចរន្តគាំទ្រផលិតខ្មែរយ៉ាងគំហុកក៏ដោយ។ សម្រាប់អ្នកជំនាញរូបនេះ មូលហេតុដែលនាំឱ្យទំនិញថៃ នៅតែបន្តមានវត្តមាននៅលើទីផ្សារកម្ពុជា ដោយសារខ្វះខាតទំនិញជំនួស ត្បិតទំនិញថៃ បានចូលក្នុងទីផ្សារកម្ពុជា អស់រយៈពេលយូរឆ្នាំមកហើយ ដែលហាក់មានភាពលំបាកក្នុងការលុបបំបាត់ចេញពីទីផ្សារក្នុងស្រុក។ អ្នកជំនាញរូបនេះយល់ថា ដើម្បីអាចលុបបំបាត់ទំនិញថៃ នៅលើទីផ្សារកម្ពុជាបានទាមទារឱ្យពលរដ្ឋខ្មែរមានឧត្តមគតិខ្ពស់ ហើយអាជ្ញាធរត្រូវរឹតបន្តឹងការត្រួតពិនិត្យទំនិញថៃ នៅតាមព្រំដែន ជាពិសេសអ្នកផលិតក្នុងស្រុកត្រូវបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ក្នុងស្រុកតាមរយៈការផលិតទំនិញមានគុណភាពល្អ និងតម្លៃមានភាពប្រកួតប្រជែង។
បើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ក្រោមរបាំងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកម្ពុជា ជាសមាជិកនេះ រដ្ឋាភិបាលមិនអាចចេញបញ្ជាបិទមិនឱ្យនាំចូលទំនិញថៃតាមអំពើចិត្តបាននោះទេ ព្រោះវាល្មើសនឹងគោលការណ៍ ដែលចែងថាគ្មានការរើសអើង។ ជាក់ស្ដែងប្រសិនបើរដ្ឋាភិបាលលូកដៃបិទដោយគ្មានមូលដ្ឋានសន្តិសុខជាតិ ច្បាស់លាស់ទេ នោះក្រោមច្បាប់របស់ WTO កម្ពុជា អាចនឹងរងការប្តឹងផ្តល់ និងការសងសឹកសេដ្ឋកិច្ចត្រឡប់មកវិញជាក់ជាមិនខានឡើយ៕
អត្ថបទ៖ ជា ម៉ារ៉ា