លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ស្របពេលដែលវិស័យអចលនទ្រព្យកម្ពុជាជារួមនៅមិនទាន់មានភាពប្រសើរឡើងវិញនោះ គម្រោងពុះដីឡូតិ៍ដែលគ្មានអាជ្ញាបណ្ណ និងមិនមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវកំពុងបង្កការលំបាក និងបង្កើតជាភាពស្មុគស្មាញដល់អតិថិជន និងរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែគម្រោងដីឡូត៍ទាំងនោះ អតិថិជនបានទិញរួចហើយ ប៉ុន្តែមិនអាចចូលទៅរស់នៅ ឬយកទៅអភិវឌ្ឍន៍បាន។ តែយ៉ាងណា ថ្នាក់ដឹកនាំរូបនេះ បានវាយតម្លៃថា សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ដែលមានអាជ្ញាបណ្ណ គោរពទៅតាមច្បាប់ទម្លាប់ត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធលូ និងផ្លូវជាដើមនោះ នៅតែមានតម្រូវការទិញលក់ជាធម្មតានាពេលបច្ចុប្បន្ននេះ។
បើតាមលោក សន សៀប វិស័យអចលនទ្រព្យកម្ពុជាអាចចំណាយពេលវេលាច្រើនបន្ថែមទៀត ទើបអាចវិលទៅរកភាពល្អប្រសើរឡើងវិញ ដ្បិតថាវិស័យនេះគឺដើរស្របគ្នាជាមួយនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងពិភពលោក។ តែទោះជាបែបនេះក្តី អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឆ្នាំនេះ ហាក់បង្ហាញសញ្ញាល្អប្រសើរឡើងវិញបន្តិច បើធៀបនឹងឆ្នាំមុន បើទោះបីជាតម្លៃតម្លៃអចលនទ្រព្យនៅក្នុងឆ្នាំនេះមានការធ្លាក់ចុះជាងឆ្នាំមុនក៏ដោយ។
យ៉ាងណាមិញ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជា ដែលជាវិស័យសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច អាចវិលទៅរកការរីកចម្រើនឡើងវិញបាននោះ លោក សន សៀប បានយល់ឃើញថា អ្នករកស៊ីក្នុងវិស័យនេះទាំងអស់គួរគោរពតាមច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍរបស់វិស័យនេះ ក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទៅលើវិស័យនេះ៕