លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ដោយសារស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅមានចំនួនតិច ដែលវានៅតែជាក្ដីកង្វល់សម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ បើតាមអគ្គនាយកក្រុមហ៊ុន RMA Cambodia ក្រៅពីបញ្ហានេះ បញ្ហាគ្រឿងបន្លាស់មានតម្លៃថ្លៃ និងការពិបាកលក់ចេញ ក៏ជាកត្តាធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានកំណើនយឺតផងដែរ។
មិនខុសគ្នាពីលោក ងន សាំង នោះទេ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានលើកឡើងថា ទីតាំងបញ្ចូលថាមពលអគ្គិសនីនៅមានកម្រិត នៅតែជាបញ្ហាប្រឈមសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី និងការអភិវឌ្ឍវិស័យនេះ។ បើតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ វិស័យឯកជនកំពុងរង់ចាំកញ្ចប់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីវិនិយោគលើស្ថានីយបញ្ចូលថាមពល ខណៈឧបករណ៍សម្រាប់ដំឡើងការបញ្ចូលថាមពលអគ្គិសនីនៅមានតម្លៃថ្លៃ។ បើតាមលោក សឿន ដារ៉ា នៅក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤ ការលក់រថយន្តអគ្គិសនីមានការកើនឡើងប្រមាណ៤០០% បើធៀបនឹងរយៈពេលពេញ១ឆ្នាំ២០២៣។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីសរុបប្រមាណជិត១,៥០០គ្រឿង ខណៈកាលពីឆ្នាំ២០២៣ មានប្រមាណ៣១៥គ្រឿងប៉ុណ្ណោះ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេសមានចំនួន២១កន្លែង ដែលមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនសរុបចំនួន២៧ទូ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ និងបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនីមានចំនួន៣ម៉ឺនគ្រឿង៕
អត្ថបទ៖ បូ ដូឡា