
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការចរចាពាណិជ្ជកម្មជុំទី២របស់មហាយក្សចិន និងសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៩ ខែមិថុនា នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នាមិនដាច់ស្រឡះលើបញ្ហាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា និងសាធាតុរ៉ែកម្រ។ បញ្ហានេះបានធ្វើឱ្យជំនួបរយៈពេលជាង៦ម៉ោងបានបញ្ចប់ដោយមិនមានលទ្ធផល ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តការពិភាក្សាថ្ងៃទី២ នៅថ្ងៃអង្គារ៍ ទី១០ ខែមិថុនា បន្តទៀត។ បើតាមការអះអាងរបស់មន្ត្រីអាម៉េរិកកិច្ចចរចាពាណិជ្ជកម្មនេះ ភាគីទាំងពីរផ្តោតខ្លាំងលើការបន្ធូរបន្ថយភាពតានតឹងជុំវិញការនាំចេញបច្ចេកវិទ្យា និងសមាសធាតុរ៉ែកម្រ។
ពាក់ព័ន្ធការចរចានេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រាប់អ្នកសារព័ត៌មានថា ការចរចាជាមួយប្រទេសចិនបានដំណើរការល្អ ប៉ុន្តែការពិភាក្សាជាមួយចិនមិនងាយស្រួលឡើយ។ លោកបានអះអាងថា លោក ទទួលរបាយការណ៍ពីការចរចារវាងរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិកលោក ស្កុត បេសសិន (Scott Bessent ) និងសហសេវិករបស់លោកត្រឹមតែប៉ុណ្ណឹង។
ដោយឡែកគណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហ៊ី លីហ្វេង ( He Lifeng) បានចាកចេញពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន វ៉ាង វិនតាវ (Wang Wentao) ដោយមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ។
ការិយាល័យស្ថិតិអាម៉េរិកបានឲ្យដឹងថា នៅ៤ខែដើមឆ្នាំ២០២៥ ចិនបាននាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិកមានទំហំរហូតដល់១២៨ពាន់លានដុល្លារ ខណៈអាម៉េរិកនាំចេញទៅចិនបានត្រឹម៤០ពាន់លានដុល្លារប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ