វិស័យដំឡូងមី

អ្នកជំនាញស្នើឱ្យភាគីពាក់ព័ន្ធជួយស្វែងរកទីផ្សារ ដើម្បីបង្វែរការនាំចេញដំឡូងមីពីថៃ ទៅកាន់ទីផ្សារវៀតណាម


នៅក្នុងរដូវប្រមូលផលដំឡូងមីចុងឆ្នាំនេះ អ្នកជំនាញសង្កេតឃើញថា ដំឡូងមីនៅតំបន់ជាប់ព្រំដែនជាប់ជាមួយវៀតណាម ហាក់ទទួលបានតម្លៃល្អ ដោយកសិករអាចលក់បានក្នុងរង្វង់៣០០រៀលក្នុងមួយគីឡូក្រាម តែដំឡូងមីនៅតំបន់ជិតព្រំដែនថៃ អាចលក់បានក្នុងរង្វង់ជាង១០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ ដើម្បីជួយលើកកម្ពស់តម្លៃដំបូងមីរបស់កសិករនៅតំបន់ជាប់ព្រំដែនជាមួយថៃ អ្នកជំនាញក្នុងវិស័យកសិកម្ម យល់ឃើញថា ក្រសួង និងស្ថាប័នគួរស្វែងរកក្រុមហ៊ុនបើករោងចក្រកែច្នៃ និងបង្វែរការនាំចេញទៅលក់នៅប្រទេសវៀតណាម។
វិស័យដំឡូងមី
ដោយ

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្មម្នាក់បានលើកឡើងពីក្ដីបារម្ភចំពោះកសិករ ដែលផលិតដំឡូងមីនៅខេត្តជិតព្រំដែនជាមួយប្រទេសថៃ ដែលអាចជួបបញ្ហាទីផ្សារនៅក្នុងរដូវប្រមូលផលនៅចុងឆ្នាំនេះ ដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ហាក់មិនទាន់មានភាពធូរស្រាល។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នដំឡូងមីកម្ពុជា អាចនាំចេញទៅលក់នៅប្រទេសវៀតណាម ជំនួសឱ្យទីផ្សារថៃ តែថ្លៃដឹកជញ្ជូនហាក់ខ្ពស់ ដែលទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធជួយធ្វើយ៉ាងណាជំរុញឱ្យមានកែច្នៃដំឡូងមីស្រស់ទៅជាដំឡូងមីស្ងួតនៅតាមតំបន់ជាយដែនថៃ ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។

​ជាមួយគ្នានេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានលើកឡើងថា ការផលិត​ដំណាំដំឡូងមីនៅតាមតំបន់ជិតព្រំដែនថៃ ហាក់មិនសូវទទួលបានទិន្នផលល្អនោះទេ ដោយ​សារសណ្ឋានដីនៅតំបន់នោះមិនសូវមានជីជាតិ គួបផ្សំការប្រមូលផលដំឡូងមីនៅមិនទាន់គ្រប់អាយុ និងមិនមានការផ្លាស់ប្ដូរពូជដំឡូងមីជាដើម។ ជុំវិញបញ្ហានេះសហព័ន្ធដំឡូងមីកម្ពុជា នឹងរៀបចំយុទ្ធនាការចុះផ្សព្វផ្សាយពីបច្ចេកទេសដាំដុះ និងផ្លាស់ប្ដូរពូជដំឡូងមីក្នុងឆ្នាំ២០២៦។ តែយ៉ាងណាកសិករនៅតំបន់ជាយដែនថៃ កំពុងប្រឈមជាមួយបញ្ហាដឹកជញ្ជូន ដូច្នេះសហព័ន្ធដំឡូងមីកម្ពុជា ក៏កំពុងចរចាជាមួយភាគីចិន ឱ្យមកវិនិយោគក្នុងវិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនក្នុងស្រុក។

​បើតាមឧកញ៉ា ច្រាយ សុន សម្រាប់រថយន្តដែលកំពុងសិក្សាជាមួយចិន ឱ្យមកបោះទុនវិនិយោគក្នុងវិស័យដឹកជញ្ជូននេះ គឺជាដំណោះស្រាយរយៈពេលវែងមួយ ដើម្បីរួមចំណែកជួយជំរុញទីផ្សារកសិផលខ្មែរ។ តែយ៉ាងណាប្រសិនរដ្ឋាភិបាលអាចដាក់ចេញគោលការណ៍លើការដឹកជញ្ជូនអាចបន្ថែមទម្ងន់បានច្រើនបន្ថែមទៀត នោះតម្លៃដឹកជញ្ជូនក្នុងស្រុក ក៏ចុះថោកទៅតាមនោះដែរ។

គួរបញ្ជាក់ថា សហព័ន្ធដំឡូងមីកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមដំឡូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដោយសន្យាទិញដំឡូងមីស្រស់ពីកម្ពុជា ប្រមាណ៩លានតោនក្នុង១ឆ្នាំ សម្រាប់ការអនុវត្តរយៈពេល៥ឆ្នាំ ក្នុងកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញយកសក្តានុពលបន្ថែមពីកិច្ចព្រមព្រៀង RCEP?

ទោះបីជាវិបត្តិសេដ្ឋកិច្ចសកលបន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិ …

Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”

ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ