ដើម្បីទប់ទល់នឹងសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីទើបឡើងកាន់តំណែងរបស់សហរដ្ឋអាម៉េរិក ដែលអាចនឹងដាក់លើខ្លួនក្នុងពេលឆាប់ៗខាងមុខនោះ សហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិកមួយដែរនោះ កំពុងសម្លឹងទៅរកការពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដែលជាប្រទេសមានទីផ្សារធំបំផុតរបស់ពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វុនឌ័រ ឡេយេន ( Ursula von der Leyen) បានអះអាងថា សហភាពអឺរ៉ុបនឹងចាប់ផ្តើមអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌាឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយក្រុមការងារគណៈកម្មការទាំងមូល នឹងធ្វើទស្សនកិច្ចនៅប្រទេសនេះក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រៅពីបាញ់ឆ្ពោះទៅរកប្រទេសឥណ្ឌា គណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗ ក៏បានប្រកាសពីការធ្វើបច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម៉ិកស៊ិក ក៏ដូចជាគ្រោងចាប់ផ្ដើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតដូចជា ប្រេស៊ីល អាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងស្វីស ផងដែរ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក បានគំរាមដាក់ពន្ធលើទំនិញនាំចូលពីចិន ៦០% កាណាដា និងម៉ិកស៊ិក ចំនួន២៥% សហភាពអឺរ៉ុប២០% ហើយប្រទេសផ្សេងៗ១០%។ ស្ថិតក្នុងស្ថានភាពនេះ សហភាពអឺរ៉ុបកំពុងស្វែងរកការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន។
ជាក់ស្តែងសហភាពអឺរ៉ុប បានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងមួយមានឈ្មោះហៅថា Mercosur ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់ ដែលចុះហត្ថលេខាដោយសហភាពអឺរ៉ុប។ តាមរយៈកិច្ចព្រមព្រៀងនេះវានឹងជួយបង្កើតទីផ្សារសម្រាប់ពលរដ្ឋជិត៨00លាននាក់ ហើយអាចនឹងជួយកាត់បន្ថយសម្ពាធពន្ធ និងលើកកម្ពស់ទុនដល់ក្រុមហ៊ុនអឺរ៉ុបក្នុងមួយឆ្នាំជាង៤ពាន់លានដុល្លារ។ បន្ថែមលើនេះ អឺរ៉ុបនឹងជួសជុល និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមាន។ នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៥ សហភាពអឺរ៉ុបមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក រហូតដល់ជិត២១៤ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ