
ការស្រាវជ្រាវដែលធ្វើឡើងដោយក្រុមហ៊ុន Henley & Partners បានបង្ហាញថា មានក្រុមអ្នកមានធនធានជាង១៤ម៉ឺននាក់ បានផ្លាស់ទីលំនៅរបស់ពួកគេនៅទូទាំងពិភពលោក។ ប្រទេសដែលបានក្លាយជាគោលដៅកំពូលសម្រាប់ការផ្លាស់ទីលំនៅរបស់ក្រុមអ្នកមានទាំងនេះ រួមមានអេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាម៉េរិក អ៊ីតាលី និងស្វីសជាដើម។
តាមកំណត់ត្រាដែលក្រុមហ៊ុននេះ បានរកឃើញ អ្នកដែលបានផ្លាស់ទីលំនៅទៅតាំងទីលំនៅថ្មីនៅប្រទេសអេមីរ៉ាតអារ៉ាប់រួមមាន៩ពាន់៨០០នាក់, សហរដ្ឋអាម៉េរិក មាន៧ពាន់៥០០នាក់, អ៊ីតាលីមាន៣ពាន់៦០០ នាក់ និងស្វីស មានជាង៣ពាន់នាក់។ បើតាមការអះអាងរបស់ក្រុមហ៊ុនដដែលនេះ កត្តាដែលជំរុញឱ្យក្រុមអ្នកមានធនធានទាំងនេះផ្លាស់ប្តូរទីលំនៅរួមមានបញ្ហាភូមិសាស្ត្រនយោបាយ ការបណ្តាក់ទុន និងបរិយាកាសនៃការរស់នៅ។
អេមីរ៉ាតអារ៉ាប់រួម ជាពិសេសទីក្រុងឌូបៃ និងអាប៊ូដាប៊ី បានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានអំណោយផលខ្ពស់សម្រាប់ក្រុមអ្នកមានលុយ។ ទីនោះក្រុមអ្នកមានអាចទទួលបានអត្ថប្រយោជន៍ច្រើនពាក់ព័ន្ធនឹងបញ្ហាពន្ធ ហើយអ្វីដែលសំខាន់ប្រទេសនេះមានបរិយាកាសសេដ្ឋកិច្ចមានស្ថិរភាព ជាសង្គមដែលស៊ីវិល័យ ពោរពេញដោយហេដ្ឋារចនាសម្ព័ន្ធទំនើប និងមានការតភ្ជាប់ទូលំទូលាយ៕
ដោយៈ សរ សុជាតិ