WHO - ចិន

WHO បារម្ភពីការកើតមានមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតនៅចិន និងស្នើឲ្យរដ្ឋាភិបាលផ្ដល់ព័ត៌មានបន្ថែម


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនហាក់បានរាយការណ៍ដោយមើលស្រាលពីស្ថានការណ៍កូវីដ១៩នៅក្នុងស្រុក ពិសេសគឺនៅពេលដែលស្ថានការណ៍ឆ្លងកាន់តែមានភាពធ្ងន់ធ្ងរទៅៗ ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះមក។ ក្រោយមើលឃើញសភាពការជាក់ស្តែងមិនសូវល្អដូចនេះ អង្គការសុខភាពពិភពលោក ព្យាយាមទាមទារព័ត៌មានបន្ថែមពីប្រទេសចិន ពិសេស WHO ចង់បង្ការការលេចឡើងនៃមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលមានលទ្ធភាពកើតឡើងច្រើន នៅពេលណាដែលមេរោគចរាចរទូលំទូលាយយ៉ាងដូច្នេះ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
WHOព្យាយាមទាមទារព័ត៌មានបន្ថែមដោយបារម្ភពីមេរោគបំប្លែងខ្លួនថ្មីមួយទៀត!

អង្គការសុខភាពពិភពលោក នៅថ្ងៃអង្គារទី០៣ មករា ២០២៣ បានអញ្ជើញអ្នកជំនាញចិនមកធ្វើបទបង្ហាញពីទិន្នន័យ និងស្ថានភាពឆ្លងក្នុងប្រទេសចិន ក្នុងកិច្ចប្រជុំប្រឹក្សាបច្ចេកទេសមួយ។ ទន្ទឹមនោះ WHO បានស្នើទៅរដ្ឋអំណាចប៉េកាំង ផ្តល់ឱ្យខ្លួននូវទិន្នន័យអ្នកឆ្លងកូវីដ១៩ ដែលត្រូវចូលសម្រាកមន្ទីរពេទ្យ ចំនួនអ្នកស្លាប់បច្ចុប្បន្ន និងអត្រានៃការចាក់វ៉ាក់សាំងផងដែរ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយពីសំណើរបស់ WHO ចំពោះប្រទេសចិនឡើយ ប៉ុន្តែអ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយនៅក្រោយកិច្ចប្រជុំថា ពួកគេនឹងបន្តទាក់ទងជាមួយចិនទៀតនៅពេលក្រោយ ហើយនឹងជម្រាបពីលទ្ធនៃកិច្ចប្រជុំ ក្នុងសន្និសិទសារព័ត៌មាន WHO នាសប្តាហ៍នេះ។ អ្នកនាំពាក្យដដែល រំពឹងថា គេអាចនឹងជជែកជាមួយប៉េកាំងឱ្យបានស៊ីជម្រៅ ពីលទ្ធភាពនៃមេរោគបំប្លែងខ្លួននៅប្រទេសចិន និងក្នុងពិភពលោក។

នេះមិនមែនជាលើកដំបូងឡើយចាប់តាំងពីករណីឆ្លងនៅចិន បានកក្រើកឡើងវិញខ្លាំងមក គឺ WHO ព្យាយាមសុំព័ត៌មានលំអិតពីរដ្ឋអំណាចប៉េកាំងជារឿយៗ អំពីស្ថានការណ៍ឆ្លងពិតប្រាកដ។ ផ្ទុយទៅវិញ ចិនថែមទាំងបានបិទ លែងបញ្ចេញទិន្នន័យឆ្លងប្រចាំថ្ងៃជាសាធារណៈនៅក្នុងស្រុករបស់ខ្លួនថែមទៀត ចាប់ពីពាក់កណ្តាលខែធ្នូមក។

ទោះយ៉ាងណា នៅថ្ងៃចន្ទសប្តាហ៍នេះប៉េកាំងបានប្រកាសពីករណីស្លាប់ដោយសារកូវីដ១៩ចំនួន ៣ករណីបន្ថែម ដែលធ្វើឱ្យករណីស្លាប់សរុបមានដល់ ៥២៥៣នាក់។ ប៉ុន្តែ តួលេខនេះ មិនត្រូវបានគេជឿថា ជាតួលេខពិតប្រាកដឡើយ ខណៈដែលស្ថាប័នជំនាញនានា បាន ព្យាករណ៍ពីចំនួនអ្នកឆ្លង និងអ្នកស្លាប់ថ្មីៗអាចមានដល់ខ្ទង់លាននាក់។

ដោយឡែកកាលពីថ្ងៃអង្គារ កាសែតចិន People Daily បានចុះផ្សាយថាអ្នកឆ្លងថ្មីក្នុងប្រទេសចិន គឺសុទ្ធសឹងមានអាការៈស្រាលប៉ុណ្ណោះ ក្រៅពីនោះមានតែ៣% ទៅ៤% ទេដែលមានអាការៈធ្ងន់ធ្ងរ។

សូមជម្រាបថា ទោះបីជាមិនមានទិន្នន័យច្បាស់លាស់ ហើយស្ថានការឆ្លងជាក់ស្តែង អាចខុសពីការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយចិនក៏ដោយ ប៉ុន្តែ ប្រទេសកាន់តែច្រើនហើយ បានផ្តើមដាក់បម្រាម និងលើកវិធានការតឹងរ៉ឹងជាងមុនចំពោះអ្នកដំណើរមកពីប្រទេសចិន ក្នុងនោះមានប្រទេសធំនៅអឺរ៉ុប នៅអាស៊ី និងមួយចំនួនក្នុងតំបន់អាស៊ានផងដែរ៕




អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចនៅប៉ាគីស្ថាន បង្ខំឲ្យរដ្ឋត្រូវចាត់វិធានការបន្ទាន់ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល

ប្រឈមមុខនឹងវិបត្តិថាមពល និងវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញវិធានការមួយចំនួនដើម្បីសន្សំសំចៃថាមពលប្រើប្រាស់ រួមទាំងការបិទ…

ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីបើក «…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ