ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការព្យាករសេដ្ឋកិច្ចក្នុងកំណើនវិជ្ជមាន គឺយោងតាមសកម្មភាពនៃខ្សែច្រវាក់ផលិតកម្មរបស់វិស័យនានា ដែលមានការកើនឡើងនិងមានភាពប្រសើរជាងមុន។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅពេលសកម្មភាពមានការកើនឡើង នោះពលរដ្ឋក៏នឹងមានការងារធ្វើច្រើនជាងមុនផងដែរ។ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចមិនមានកំណើនទេ នោះពលរដ្ឋក៏មិនមានការងារធ្វើនោះដែរ ដោយសារតែមិនមានសកម្មភាពសេដ្ឋកិច្ចនិងមិនមានការវិនិយោគ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន់ ផល្លា បច្ចុប្បន្នមិនមែនគ្រប់វិស័យសុទ្ធតែជួបការលំបាកនោះទេ ពោលគឺមានវិស័យខ្លះមានភាពល្អប្រសើរ និងមានវិស័យខ្លះអាចជួបការលំបាក។ ជាក់ស្តែងក្នុងស្ថានភាពបច្ចុប្បន្នវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មអាចមានការលំបាកមួយចំនួន ព្រោះវិស័យទាំងពីរនេះបានរងផលប៉ះពាល់ខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះកំពុងងើបឡើងវិញសន្សឹមៗ មិនទាន់ល្អដូចមុនពេលមិនទាន់ផ្ទុះវិបត្តិជំងឺកូវីដ-១៩ នោះទេ។
ជុំវិញការត្អូញត្អែររបស់ប្រជាពលរដ្ឋមួយចំនួនចំពោះស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាឥរិយាបថនៃការចំណាយរបស់ប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះការប្រែប្រួលនៃសេដ្ឋកិច្ចរបស់កម្ពុជាមានទម្រង់ផ្សេងៗពីគ្នា ក្នុងនោះអាចមានការកើនឡើងក្នុងវិស័យឧស្សាហកម្មសម្រាប់នាំចេញ ប៉ុន្តែមានការធ្លាក់ចុះសម្រាប់វិស័យសេវាកម្មលក់រាយ និងលក់ដុំ ហើយការធ្លាក់ចុះក្នុងវិស័យសេវាកម្មលក់រាយ និងលក់ដុំបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាអ្នកប្រកបអាជីវកម្មខ្នាតតូច មធ្យម និងមុខរបរក្រៅប្រព័ន្ធជាច្រើន។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦% នៅឆ្នាំ២០២៤ នេះ ដោយរំពឹងជួយគាំទ្រ និងជំរុញជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ទោះបីវិស័យកសិកម្មអាចបន្តកើនឡើងយឺតក៏ដោយ។ តែយ៉ាងណាសេដ្ឋកិច្ចកម្ពុជាអាចនឹងប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹង និងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រជាដើម។ ហានិភ័យទាំងនេះ អាចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា៕
អត្ថបទ៖ បូ ដូឡា, ឯកសារ