វិស័យ ហិរញ្ញវត្ថុ

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយព្យាករថា យ៉ាងហោចណាស់ទុនវិនិយោគបរទេស២៥ពាន់លានដុល្លារ នឹងហូរចេញពីប្រទេសចិន ដោយសារលោក ដូណាល់ ត្រាំ


វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) កាលពីថ្ងៃទី១១ ខែធ្នូ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ ហើយវិនិយោគិនទំនងជាកាត់បន្ថយការវិនិយោគរបស់ពួកគេនៅក្នុងបណ្ដាទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័សរហូតដល់ទៅជិត១ភាគ៣ ដោយសារតែគោលនយោបាយដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
វិស័យ ហិរញ្ញវត្ថុ
ដោយ

ហើយជាលទ្ធផលមូលធនបរទេសរហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិកនឹងហូរចេញពីប្រទេសចិន នៅឆ្នាំក្រោយ។

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងវ៉ាស៊ីនតុន ឌីស៊ី សហរដ្ឋអាម៉េរិក បានលើកឡើងថា ការគំរាមដំឡើងពន្ធគយពីសំណាក់លោក ដូណាល់ ត្រាំ ប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃ និងការបញ្ចុះអត្រាការប្រាក់យឺតជាងការរំពឹងទុកពីសំណាក់ធនាគារកណ្តាលអាម៉េរិក កំពុងជះផលប៉ះដល់ផែនការរបស់បណ្ដាវិនិយោគិនរួចទៅហើយ។ តាមរយៈរបាយការណ៍ពាក់កណ្តាលឆ្នាំរបស់ខ្លួន វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានលើកឡើងថា រំហូរទុនវិនិយោគបរទេសបានជួបបញ្ហាប្រឈមកាន់តែខ្លាំង ដែលធ្វើឱ្យបណ្ដាវិនិយោគិនមានចំណាប់អារម្មណ៍តិចជាងមុនលើទ្រព្យសកម្មមានហានិភ័យ ។

ការផ្លាស់ប្តូរកំពុងវាយប្រហារប្រទេសចិន ធ្ងន់ធ្ងរជាងគេ ខណៈដែលបណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សដែលមិនរាប់បញ្ចូលប្រទេសចិន ត្រូវបានព្យាករថា នឹងទាក់ទាញរំហូរមូលធនយ៉ាងសម្បើមចូលទៅក្នុងមូលបត្របំណុល និងភាគហ៊ុន ជាពិសេសនៅក្នុងតំបន់ដែលសម្បូរធនធានដូចជាមជ្ឈិមបូព៌ា និងអាហ្វ្រិកជាដើម។

នៅឆ្នាំ២០២៤ នេះ ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកបានជួបវិបត្តិទុនវិនិយោគផ្ទាល់ពីបរទេសហូរចេញក្រៅទឹកដីចិន ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ហើយតាមការព្យាករ ទុនវិនិយោគរហូតដល់ទៅ២៥ពាន់លានដុល្លារអាម៉េរិកនឹងហូរចេញពីប្រទេសចិន នៅឆ្នាំ២០២៥។

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានព្យាករថា រំហូរទុនវិនិយោគទៅកាន់បណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័សនឹងធ្លាក់ចុះពី៩៤៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ មកនៅត្រឹម៧១៦ពាន់លានដុល្លារអាម៉េរិក ដែលភាគច្រើនដោយសារតែរំហូរទុនចូលទៅកាន់ប្រទេសចិនធ្លាក់ចុះខ្លាំង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ភាពតស៊ូរបស់លោកស្រី សៅ កុសល៖ ដំណើរឆ្ពោះទៅចំណុចស្នូលនៃការងារផ្នែកលក់របស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ដំណើរអាជីពការងាររបស់លោកស្រី សៅ កុសល គឺបានបង្ហាញពីការតស៊ូ និងការរីកចម្រើនដែលជារឿងរ៉ាវបង្កប់នូវស្មារតី អំណត់អត់ធន់ និងការសម្របខ្លួនចំ…

តើមាសបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពសម្បូរសប្បាយក្នុងសង្គមថៃ?

ស្របពេលឆ្នាំថ្មី២០២៥ កាន់តែរំកិលជិតចូលមកដល់ មាសគឺជាទ្រព្យសកម្មដ៏ល្អ និងមានសុវត្ថិភាពខ្ពស់គ្មានពីរ ស្របពេលស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ