វិស័យការងារ

ហេតុអ្វីបានជាការត្រឡប់មកធ្វើការក្នុងស្រុក គឺជាជម្រើសដ៏ឆ្លាតវៃជាងការបន្តធ្វើនៅក្នុងប្រទេសថៃ?


​​ការធ្វើចំណាកស្រុកទៅប្រទេសជិតខាងធ្លាប់ជាជម្រើសចម្បងសម្រាប់ពលករខ្មែរ ដែលចង់បានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែបច្ចុប្បន្នរូបភាពនេះកំពុងផ្លាស់ប្តូរក្រោយប្រទេសថៃ បានឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយអតីតពលកររាប់សិបម៉ឺននាក់បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់យកឱកាសការងារដែលមានស្ថិរភាព និងសុវត្ថិភាពជាងមុន។ ​
វិស័យការងារ
ដោយ

លោក ប៉ាត តុលា អតីតពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលទទួលបានការងារធ្វើភ្លាមៗនៅក្នុងរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ បន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញបានគូសបញ្ជាក់ថា ការធ្វើការងារក្នុងស្រុកមិនត្រឹមមានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ចំណូលសមរម្យ និងអត្ថប្រយោជន៍ជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញមិនទាន់ទទួលបានការងារធ្វើទាក់ទងមកក្រសួងការងារ ដ្បិតមានឱកាសការងារជាច្រើនកំពុងរង់ចាំពួកគេ។

ជាមួយគ្នានេះ អ្នកនាង ណាន ឡៃហន អតីតពលករខ្មែរមកពីប្រទេសថៃម្នាក់ដែរនោះបានអះអាងថា ទោះបីជាប្រាក់ខែនៅប្រទេសថៃ មើលទៅហាក់ច្រើនជាងនៅកម្ពុជា បន្តិចមែន ប៉ុន្តែការចំណាយលើការស្នាក់នៅ អាហារ និងថ្លៃសេវាផ្សេងៗហាក់ខ្ពស់ជាងនៅកម្ពុជា។ ផ្ទុយទៅវិញ ការធ្វើការនៅកម្ពុជា អ្នកនាង អាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន ដែលធ្វើឱ្យទឹកប្រាក់សល់សុទ្ធក្នុងដៃមានទំហំធំជាងមុន សម្រាប់ការសន្សំ និងផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានេះ លោក ឌី ចន្ធី តំណាងផ្នែករដ្ឋបាល នៃរោងចក្រ ធី អេស ស្ព័ត បានឱ្យដឹងថា គិតមកទល់ពេលនេះរោងចក្រខ្លួនបានទទួលអតីតពលកខ្មែរត្រឡប់ពីថៃ ឱ្យចូលធ្វើការបានប្រមាណជាង៥០០នាក់ហើយ តាមរយៈការជួយសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមតំណាងរោងចក្ររូបនេះ មានឱកាសការងារជាច្រើនទៀតកំពុងរង់ចាំពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ជាក់ស្តែងសម្រាប់រោងចក្រខ្លួនផ្ទាល់នៅត្រូវការកម្មករប្រមាណជាង៨០០នាក់បន្ថែមទៀត។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា យន្តការអន្តរាគមន៍ទាន់ពេលវេលារបស់រដ្ឋាភិបាលក្នុងការជួយរកការងារឱ្យអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ មិនត្រឹមតែជួយដោះស្រាយបញ្ហាជីវភាពរបស់ពលករបានភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកសាងកម្លាំងពលកម្មជំនាញសម្រាប់សេដ្ឋកិច្ចជាតិ រយៈពេលវែង។

បើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតមកទល់ពេលនេះមានអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង៦៥ម៉ឺននាក់ក្នុងចំណោមជាង៩៥ម៉ឺននាក់បានទទួលឱកាសការងារធ្វើតាមរយៈយន្តការរបស់ក្រសួងការងារ ខណៈជាង៣២ម៉ឺននាក់កំពុងធ្វើការងារនៅក្រៅប្រព័ន្ធ។ នេះគឺជាជោគជ័យមួយ ដែលសបញ្ជាក់ឱ្យឃើញថា ការងារក្នុងស្រុក គឺជាស្ថិរភាព និងអនាគតពិតប្រាកដ៕




អត្ថបទបន្ទាប់


តើវិនិយោគិនគួរវិនិយោគលើភាគហ៊ុនប្រភេទណា ដើម្បីចំណេញក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់?

​​សកម្មភាពជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា នៅមួយរយៈពេលចុងក្រោយបានធ្លាក់ចុះមកនៅក្រោម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការរង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ