សេដ្ឋកិច្ច-នយោបាយ

អ្នកសេដ្ឋកិច្ចនិងអ្នកជំនួញ៖ ទោះជិតបោះឆ្នោត តែសេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អ


កន្លងមក នៅពេលជិតបោះឆ្នោតជាតិម្ដងៗ អ្នកជំនួញនៅកម្ពុជា មានការភ័យបារម្ភចំពោះបញ្ហាផ្សេងៗ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ឬមិនដំណើរល្អ ប៉ុន្ដែ សម្រាប់អំឡុងពេលជិតបោះឆ្នោតជាតិឆ្នាំ២០១៨នេះ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ មានគំនិតសុទិដ្ឋិនិយម ថា ស្ថានភាពវិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជាមានដំណើរល្អ និងមានភាពប្រក្រតីជាធម្មតា។
ពី​ឆ្វេង៖ លោក ច័ន្ទ សុផល អ្នក​សេដ្ឋកិច្ច លោក​ជំទាវ​ឧកញ៉ា កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំ​ លីលី លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA។
ដោយ

លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានមានប្រសាសន៍ ថា ពីមុនគេតែងគិតថា នៅកៀកថ្ងៃបោះឆ្នោតស្ថានភាពប្រហែលមិនសូវល្អក្នុងការធ្វើអាជីវកម្ម ប៉ុន្តែ នៅឆ្នាំនេះ ស្ថានភាពការធ្វើអាជីវកម្មមានដំណើរជាធម្មតា។     

លោកជំទាវបានពន្យល់ប្រាប់ខេមបូណូមីសយ៉ាងដូច្នេះ៖ «ពីមុនឲ្យតែដល់ពេលជិតបោះឆ្នោត ស្ថានភាពអាចមិនសូវល្អក្នុងការធ្វើអាជីវកម្ម ដីធ្លីផ្ទះសម្បែងចុះថោកអ៊ីចឹងទៅ។ ប៉ុន្ដែ ជាក់ស្ដែង ស្ថានភាពឆ្នាំនេះ មិនដូចការគិតពីមុននោះទេ។ អាជីវកម្មជាទូទៅដំណើរមិនមានជាបញ្ហាអ្វីនោះទេ។ ហើយដីធ្លីផ្ទះសម្បែងមានតែឡើងថ្លៃជាងមុនទៀត»។

លោកជំទាវឧកញ៉ា កែវ មុំ ដែលជាអតីតប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា ដែលមានសមាជិកជាង៥០០ក្រុមហ៊ុនបានបន្ដថា៖ «អ្នកវិនិយោគបានមកវិនិយោគនៅក្នុងវិស័យSMEកាន់តែច្រើន ដូចជា ចិន ជប៉ុនជាដើម។ ហើយសម្រាប់សហគ្រិនចង់ចាប់ផ្តើមអាជីវកម្ម ប្អូនៗគួរតែចាប់ផ្តើម ព្រោះ ស្ថានភាពនយោបាយមានសភាពស្ងប់ស្ងាត់ មិនមានជាបញ្ហាអ្វីទេ មានតែការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខជានិច្ច។ ដូច្នេះ សូមកុំមានការភ័យបារម្ភរឿងស្ថានភាពនយោបាយ សូមបន្ដធ្វើអាជីវកម្មរបស់ខ្លួន»។ 

ដូចគ្នាដែរ លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ KFA បានថ្លែងថា វិស័យអលនវត្ថុ មានសុខភាពល្អជាធម្មតាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសក្ដានុពលមួយចំនួន។ 

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «១០ឆ្នាំមុន នៅពេលជិតបោះឆ្នោត អ្នកវិនិយោគ​មានការបារម្ភ​ ហើយវិស័យអចលនទ្រព្យធ្លាក់ថ្លៃ ប៉ុន្តែ ១០ឆ្នាំចុងក្រោយនេះ វិស័យដីធ្លីមិនមានជាបញ្ហាអ្វីឡើយ ដោយយោងលើទឡ្ហីករណ៍ជាច្រើន។ ទីមួយ មានកំណើនវិនិយោគទុនទាំងក្នុងស្រុក និងក្រៅប្រទេស។ ទីពីរ GDP រក្សាកំណើន៧ភាគរយដដែល។ ទីបី ភ្ញៀវទេសចរ​មានកំណើន។ នៅភ្នំពេញ សៀមរាប បាត់ដំបង នៅតែ​ដីឡើងថ្លៃ ទោះខេត្តខ្លះ​ទ្រឹងបន្តិច តែវាបត់ឡើងវិញ។ ដូចជានៅនៅភ្នំពេញ ម្តុំកាំកូស៊ីធីកំពុងតែពុះសាងសង់ និងការអភិវឌ្ឍន៍ កណ្ដាលក្រុងកំពុងតែកសាង ជាយក្រុងកំពុងមានការអភិវឌ្ឍន៍ជំរុញហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​តភ្ជាប់​ខាងលិចខាងកើតនេះ ធ្វើឲ្យស្ថានភាពការទិញលក់អចលនទ្រព្យ​ប្រសើរខ្លាំងក្នុងមួយរយៈ​ពេល​ចុងក្រោយនេះ»។ 

ដូចគ្នាដែរ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ខេមបូណូមីស ថា បើទោះបីជិតបោះឆ្នោតជាតិមែន ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជានៅតែមានដំណើរល្អ។ លោកថ្លែងថា៖ «ស្ថានភាពសេដ្ឋកិច្ចមានដំណើរធម្មតា និងមានកំណើនជាវិជ្ជមានប្រហែល៧%នៅក្នុងឆ្នាំនេះ»។  

ចំណែក លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីមួយរូប បានបញ្ជាក់ថា ដំណើរការវិស័យចលនទ្រព្យមានសភាពធម្មតា ប៉ុន្តែ ចំណែកទីផ្សារខ្លះមានសភាពស្ងប់ស្ងាត់។   

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីផ្សារអចលនទ្រព្យមានតម្លៃខ្ពស់ ឧទាហរណ៍ ផ្ទះ ឬខុនដូរតម្លៃខ្ពស់ៗចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារ មានលក្ខណៈស្ងាត់ ប៉ុន្តែ ទីផ្សារអចលនទ្រព្យតម្លៃទាបត្រឹមពី៣ទៅ៤ម៉ឺនដុល្លារ គ្មានបញ្ហាទេ គឺមានការលក់ដាច់ជាធម្មតា»។  

បើតាមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានអះអាងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏មានដំណើរការល្អ ខណៈវិស័យឧស្សាហកម្មកាត់ដេរ ហាក់មិនទាន់មានការប្រាកដប្រជានៅឡើយ។ 

លោកពន្យល់យ៉ាងដូច្នេះថា៖ «នៅពេលអាមេរិកបានបន្តអនុគ្រោះពន្ធដល់កម្ពុជា ជាការបង្ហាញពីឥរិយាបថវិជ្ជមានច្រើនក្នុងការទំនាក់ទំនងកម្ពុជា និងអាមេរិក ប៉ុន្តែ ស្ថានភាពនេះ ក៏មិនទាន់ប្រាកដ១០០ភាគរយនោះទេសម្រាប់ទំនុកចិត្តរបស់អ្នកវិនិយោគ ព្រោះ អ្នកវិនិយោគមិនទាន់ដាក់ទុនវិនិយោគបន្ថែមនោះទេ គេក៏អាចរង់ចាំមើលដែរ។ អ្វីដែលជាការសម្រេចចិត្ត អាចមានការប្រែប្រួលទៅខាងមុខទៀត ព្រោះវាជាស្ថានភាពបណ្ដោះអាសន្ន»៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំណើន​ប្រើប្រាស់​លេខ​បារកូដ លើមុខទំនិញ​ក្នុង​ស្រុក កើនដល់​ជាង ១ពាន់​សមាជិក​ហើយ!

ព័ត៌មាន
គិតមកទល់ពេលនេះ អ្នកដែលបានទទួលយកបារកូដ (Barcodes) ពីសមាគម GS1 Cambodia យកទៅប្រើប្រាស់លើមុខទំនិញដែលផលិតនៅក្នុងស្រុកមានរហូតដល់ជាង ១ព…

ឧកញ៉ា សៀ ឫទ្ធី បើក​សម្ពោធ​សាងសង់​ជា​ផ្លូវការ គម្រោង​លំនៅដ្ឋាន​ដ៏ប្រណីត The Palms តម្លៃ​ជាង ១០០​លាន​ដុល្លារ

ព័ត៌មាន
ការទន្ទឹងរង់ចាំជាច្រើនខែកន្លងមកនេះ នៅទីបំផុត គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដ៏ប្រណីត The Palms បានសម្ពោធសាងសង់ជាផ្លូវការហើយ ជាមួយនឹងតម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ