លំនៅដ្ឋានប្រណីត

ឧកញ៉ា សៀ ឫទ្ធី បើក​សម្ពោធ​សាងសង់​ជា​ផ្លូវការ គម្រោង​លំនៅដ្ឋាន​ដ៏ប្រណីត The Palms តម្លៃ​ជាង ១០០​លាន​ដុល្លារ


ការទន្ទឹងរង់ចាំជាច្រើនខែកន្លងមកនេះ នៅទីបំផុត គម្រោងលំនៅដ្ឋានបែបរមណីយដ្ឋានដ៏ប្រណីត The Palms បានសម្ពោធសាងសង់ជាផ្លូវការហើយ ជាមួយនឹងតម្លៃមិនធម្មតានោះឡើយ។ តម្លៃលំនៅដ្ឋានប្រភេទនីមូយៗ គឺចន្លោះ ចាប់ពី ៣៩ម៉ឺនដុល្លារអាមេរិក រហូតដល់ ១,៣ លានដុល្លារអាមេរិក។
រូបភាព​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​ប្រណីត The Palms
ដោយ

គម្រោង​លំនៅដ្ឋាន​បែបលំហែកាយ​ដ៏ប្លែក​ប្រណីត The Palms ក្រោម​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១០០លាន​​ដុល្លារ​​​​អាមេរិកនេះ​ បានធ្វើ​ពិធីបញ្ចុះ​បឋមសិលា និងដាក់លក់​ជាផ្លូវការ នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ក្រោម​​អធិបតី​ភាព​​​ដ៏​ខ្ពង់ខ្ពស់​​របស់​​ឯក​ឧត្តម​ទេស​រដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រ​សួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និង​​ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ ព្រម​ទាំង​​មានការ​ចូលរួម​​ពីសំណាក់​​អ្នក​វិនិយោគ​​គ្រាក់ៗ ​ជាច្រើន​​ផងដែរ។

គម្រោង​​លំនៅ​ដ្ឋាន​​បែប​ Resort ប្រណីត The Palms នេះ ជាការ​វិនិយោគ​​រួម​គ្នា​​រវាង​លោក​​ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក ក្រុមហ៊ុន WorldBridge Land ដែល​ត្រូវបាន​មហាជន​​ស្គាល់​ យ៉ាង​​ល្បី​ល្បាញ​​ថា ​ជា​អ្នក​អភិវឌ្ឍ​​​អគារ​ពាណិជ្ជ​កម្ម ​និង​លំនៅដ្ឋាន The Bridge និង​ The Peak នៅ​​កណ្ដាល​រាជ​ធានី​​ភ្នំពេញ សហការជា​ដៃគូ​ជាមួយ​​វិនិយោគិន​​មក​​ពី​ប្រទេស​​សិង្ហ​បុរី ក្រុមហ៊ុន​ Oxley Holdings Limited ហើយ​គម្រោងនេះ​ មាន​ទីតាំង​​ស្ថិត​នៅ​តាម​​ដង​ផ្លូវ​​ជាតិ​លេខ​១ សាងសង់លើ​ផ្ទៃដីជិត​​៤​ហិចតា នៅជាប់​​ទន្លេ​មេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​​ក្ដី​តាកុយ សង្កាត់​​វាលស្បូវ ខណ្ឌ​​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ។ 

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Land  បានមាន​ប្រសាសន៍ ថា គម្រោង The Palms ត្រូវបាន​សាងសង់​ឡើងដោយមាន​​លក្ខណៈ​​ពិសេស​ដូច​គ្នា​ទៅ​នឹង​​គម្រោង ឌឹផាម នៅ​​​ប្រទេស​​កាតា និង​សិង្ហ​បុរី​ ដែល​មាន​​សណ្ឋាន​​រូបរាង​​ដូចជា​​ដើម​ត្នោត។ គម្រោនេះ ត្រូវបាន​រចនា​​ឡើង​ជា​អគារប្រភេទវីឡា​កូនកាត់ ទំហំ៣១៥​ម៉ែត្រការ៉េ មានចំនួន១៩៦ យូនីត ខណៈទំហំ​​ ៣៧៧​ម៉ែត្រ​ការ៉េ មានចំនួន​៨យូនីត និងសាងសង់​​លក្ខណៈ​​រីស៊ត បឹង​កាឡូ​​មានចំនួន​១៦វីឡា។ គ្រាន់តែ​បើក​​លក់​នៅថ្ងៃ​ទី២ ខែឧសភា គម្រោង​ប្រណីត The Palms បាន​លក់​អស់​ប្រមាណ​​៥០​ភាគរយ​ហើយ នៅក្នុង​​គម្រោង​ជំហានទី១។  

រូបលោកឧកញ៉ា សៀ ឫទ្ធី (ឆ្វេង) និងឯកឧត្តម ជា សុផារ៉ា (ស្ដាំ) កំពុងទស្សនាផ្ទះគំរូគម្រោង The Palms

លោកឧកញ៉ា​មានប្រសាសន៍​យ៉ាងដូច្នេះថា៖ «ក្រៅពីសំណង់អគារ ស្ថិតនៅក្នុងបរិវេណ The Palms មាន​​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ មានបង្កើត​ចំណតយានយន្ដ និងទីកន្លែង​កម្សាន្ដ​​​​ជាច្រើន​ដូចជា៖ សួនច្បារ កន្លែង​លំហាត់ប្រាណ កន្លែង​រក្សាកាយសម្បទា អាងហែល​​ទឹក សួនកុមារ ផែចំណត​ម៉ូតូ​ទឹក និងនាវា​កម្សាន្ដ​ខ្នាតតូច ឆ្នេរទន្លេ​លំហែកាយ និង​អាហារ​ដ្ឋាន​ជាដើម»។ ​   ​

ទាក់ទងនឹង​ការអភិវឌ្ឍអគារ The Palms នេះ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​​រៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានមាន​ប្រសាសន៍​ថា ក្រសួង​មានតែការ​លើកទឹក​ចិត្ត​ឲ្យ​មាន​ការ​​អភិវឌ្ឍ​​​​​​​គម្រោង​សាងសង់​នានា ពីព្រោះ មិនត្រឹមតែ​អាចផ្ដល់​ប្រយោជន៍​​ដល់​ម្ចាស់​គម្រោង​​នោះទេ ប៉ុន្តែ អ្នក​​រស់​នៅជាប់​គម្រោង​អភិវឌ្ឍន៍ទាំងនោះ ក៏អាចទាញយក​អត្ថ​ប្រយោជន៍​​ពីគម្រោង​​ផងដែរ។  

រូបលោកឧកញ៉ា សៀ ឫទ្ធី (ឆ្វេង) ក្នុងថ្ងៃសម្ពោធបុកគ្រឹះសាងសង់គម្រោង The Palms

ឯកឧត្តម​រដ្ឋមន្ដ្រី​បានមាន​ប្រសាសន៍ថា៖ «ការសាងសង់​គម្រោង​សាងសង់​នានា បានធ្វើមាន​ការអភិវឌ្ឍ​​ទីក្រុង​ផងដែរ។ ការបណ្ដាក់​ទុនវិនិយោគ​នេះ ​គឺមកពីមាន​ជំនឿជាក់​លើគោល​​នយោបាយ​​​​ដឹកនាំ​​របស់​​រដ្ឋាភិបាល។ អ្នកវិនិយោគ​មានពេល​វេលា និងឱកាស​វិនិយោគ បា​ន​សាទរ​ និងគាំ​ទ្រ​​នូវ​មាតុភូមិ​​របស់យើង ដែលមានសុខ​​សន្ដិភាព​​រឹងមាំ និងស្ថិរភាព​យូរអង្វែង ​ដែលធ្វើឲ្យ​បណ្ដា​វិស័យ​ដទៃ​ទៀត មាន​ការ​រីកចម្រើន​ឥតឈប់​ឈរ។  មុន​បោះឆ្នោត កំពុងតែ​បោះឆ្នោត និងក្រោយ​ការបោះ​ឆ្នោត នៅ​ក្នុង​​បណ្ដា​ឆ្នាំ​កន្លង​មកនេះ ក៏មិនមាន​​ការប្រែប្រួល​​​ធំដុំ​នោះទេ។ ហើយ​បច្ចុប្បន្ននេះ ទីផ្សារ​ដី​នៅ​​ទីកន្លែង​​ណា​ក៏ដោយ មាន​​ការកើន​ឡើង​ខ្ពស់ ជាពិសេស​​នៅខេត្ត​​ព្រះសីហនុ ក៏ដូចជា​​ទីក្រុង​ភ្នំពេញ»។  

គម្រោង​​អភិវឌ្ឍន៍ បុរី ឌឹ ផាម នឹង​មាន​​ការ​សាងសង់​​វីឡា​កូន​​កាត់​​​ចំនួន ២០៤​​​វីឡា​ជា​​​លក្ខណៈ​​បឹងកាឡូ ១៦​វីឡា និង​​មាន​​​កន្លែង​​​ចត​​អូប័រ ជា​ពិសេស សម្រាប់​​អ្នក​ដែល​​ទិញ​វីឡា​​បឹង​កាឡូ។ ហើយ​វីឡា​​ទាំង​អស់​​សុទ្ធ​តែ​​អាច​មើល​​ឃើញ​ផ្ទៃ​​ទន្លេ​ទាំង​​អស់ ហើយ​ផ្ទះ​​មាន​ជណ្តើរ​​យន្ត​សម្រាប់​​មនុស្ស​ចាស់​​ផង​ដែរ។

សូមបញ្ជាក់ថា លោកឧកញ៉ា សៀ ឫទ្ធី ក្រៅពី​ជាម្ចាស់​គម្រោង The Palms លោក​ឧកញ៉ា​ដែល​កំពុងមាន​ឈ្មោះបោះសំឡេង​ខ្លាំងក្នុង​វិស័យអចលន​ទ្រព្យរូបនេះ   ក៏ជាម្ចាស់​គម្រោង​សាងសង់​​​​​អគារ​​ពាណិជ្ជកម្ម និង​លំនៅ​ដ្ឋាន​​កម្ពស់ ៤៥​ជាន់ The Bridge និង អគារ​​ពាណិជ្ជកម្ម លំនៅ​ដ្ឋាន សណ្ឋាគារ ដែល​មាន​​ឈ្មោះ​ថា The Peak ដែល​គម្រោង​​ទាំង​​ពីរ​​នេះ​ទទួល​​បាន​ការ​គាំទ្រ​ និង​មាន​​ភាព​​ជោគជ័យ​​យ៉ាង​ខ្លាំង និងជា​ម្ចាស់​គម្រោងផ្ទះ​តម្លៃសមរម្យ​​ ទីក្រុងរណប​«សិរីមង្គល»​៕     ​   

 តម្លៃ​លំនៅ​ដ្ឋាន​​ប្រណីត ចែក​ទៅ​​តាម​លំដាប់​​ថ្នាក់ ទំហំ និង​ប្រភេទ ដូច​ខាង​ក្រោម​នេះ៖

  1. ប្រភេទ Cluster House (C1& C1A) មាន​ទំហំ ៣១៥​ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៣៩៩.៩៩៩ ដុល្លារ​អាមេរិក
  2. ប្រភេទេ Cluster House (C2 & C2A) មាន​ទំហំ ៣៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៤៤៥.៩៩៩ ដុល្លារ​អាមេរិក
  3. ប្រភេទ វីឡា (V1) មាន​ទំហំ ៦៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,១២០.០០០ ដុល្លារ​អាមេរិក
  4. ប្រភេទវីឡា (V2) មាន​ទំហំ ៩៦៥ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១.២៥០.៩៩៩ ដុល្លារ​អាមេរិក
  5. ប្រភេទ​វីឡា (V3) មាន​ទំហំ ១០៤៣ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១.២៨៧.០៦២ ដុល្លារ​អាមេរិក
  6. ប្រភេទ​វីឡា (V4) មាន​ទំហំ ១០៨៦ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១.៣៣៩.៩៩៩ ដុល្លារ​អាមេរិក។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកសេដ្ឋកិច្ចនិងអ្នកជំនួញ៖ ទោះជិតបោះឆ្នោត តែសេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អ

ព័ត៌មាន
កន្លងមក នៅពេលជិតបោះឆ្នោតជាតិម្ដងៗ អ្នកជំនួញនៅកម្ពុជា មានការភ័យបារម្ភចំពោះបញ្ហាផ្សេងៗ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ឬមិនដំណើរល្អ ប៉ុ…

សួនសត្វភ្នំពេញសាហ្វារី នឹងបិទទទួលភ្ញៀវចូលទស្សនាសាកល្បង នៅត្រឹមថ្ងៃទី ៧ ឧសភា ខាងមុខ

ព័ត៌មាន
សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងថ្ងៃបើកសាកល្បងមួយរយៈពេលកន្លងមកនេះ គ្រោងនឹងបិទទទួលភ្ញៀវទចូលទស្សន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ