Advertisement
តំបន់សេដ្ឋកិច្ចពិសេស

ដើមឆ្នាំ២០១៨នេះ តើតំបន់សេដ្ឋកិច្ចទាំង ៣២ មានសន្ទុះអភិវឌ្ឍន៍ យ៉ាងដូចម្តេចខ្លះ?


ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានបង្ហាញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការវិនិយោគថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ បើគិតមកទល់ដើមឆ្នាំ២០១៨នេះ។ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានចាត់ទុកថា ជាមេដែកដ៏សំខាន់មួយ ក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈបច្ចុប្បន្នមាន ៩៩%ទៅហើយ នៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ គឺជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស។
តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge Logistics បើក​ដំណើរការ​ជា​ផ្លូវការ។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

តាមរបាយ​ការណ៍​ពី ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៣២នោះ មានតំបន់​សេដ្ឋកិច្ច​ពិសេស​តែ ១៩​កន្លែងប៉ុណ្ណោះ ដែល​មានសកម្មភាព​អភិវឌ្ឍន៍​​ខ្លាំងពិសេស គឺតំបន់​​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​តែម្ដង ដែល​កាលពីពេល​ថ្មីៗ​នេះដែរ ទើបតែ​បើកសម្ពោធ​រោងចក្រ​តំឡើង​រថយន្ត​ធំមួយ ស្ថិតក្រោម​​​ការ​វិនិយោគ​​របស់​​ក្រុមហ៊ុន​កូរ៉េ ដើម្បី​លក់ចែកចាយ​នៅលើ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា និងនាំចេញ។ លើសពីនេះ រោងចក្រ​នេះ ក៏មាន​ទិសដៅ​នឹងតំឡើង​រថយន្ត​ឲ្យបាន ២ម៉ឺន​គ្រឿង​ក្នុងមួយឆ្នាំ​សម្រាប់លក់​លើទីផ្សារ​នៅឆ្នាំ​២០១៨នេះ​ផងដែរ។

ដោយឡែក លោកជំទាវ លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេសភ្នំពេញ និងប៉ោយប៉ែត ធ្លាប់​បានលើក​ឡើងថា ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ របស់​លោកស្រី​នៅឆ្នាំនេះ មានភាព​ល្អប្រសើរ​ច្រើន តួយ៉ាង​​កាល​ពី​ប៉ុន្មាន​​ខែមុន​នេះ តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ និងប៉ោយប៉ែត​ ក៏ទើប​តែ​ទទួល​បាន​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​មួយចំនួន​ ចូលមក​វិនិយោគ​ជាបន្ត​បន្ទាប់។ 

បើតាមការ​គូសបញ្ជាក់​ពី លោកជំទាវ លឹម ឈីវហូ នៅឆ្នាំ​២០១៨ ក្រុមហ៊ុន​លោកស្រី ក៏បានតាំងចិត្ត​នឹង​អភិវឌ្ឍ​តំបន់សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ស្ទឹងហាវ នៅខេត្ត​ព្រះសីហនុ​មួយបន្ថែម​ទៀត ឲ្យមាន​សកម្មភាព​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំងក្លា​ឡើង ជាមួយនឹង​ការត​ភ្ជាប់ផ្លូវ​រត់ភ្លើង​ចេញចូល សម្រាប់​ការដឹក​ជញ្ជូន​ទំនិញ​ផងដែរ ខណៈ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយនេះ​ កំពុងមាន​ដំណើរ​ការ​ជាបណ្ដើរៗ​ហើយ។

តំបន់​សេដ្ឋកិច្ច​ពិសេស ភ្នំពេញ

តាមរបាយការណ៍​ពីក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឲ្យដឹង​ថា នៅក្នុងឆ្នាំ​២០១៧​កន្លងទៅ ទុនវិនិយោគ​សរុប​របស់​តំបន់​សេដ្ឋកិច្ចពិសេស​ទាំងអស់ មានប្រមាណ​ជាង ២,៧ ពាន់លាន ដុល្លារអាមេរិក ក្នុងនោះ មាន៩៩% ជាការ​វិនិយោគ​ផ្ទាល់ពី​ក្រៅប្រទេស​ FDI រួម​ជាមួយ​នឹងទឹក​ប្រាក់នាំ​ចេញសរុប​មានជាង ១,៥ ពាន់លាន​ដុល្លារ​អាមេរិក។

ជាមួយគ្នានេះដែរ កំណើននៃការ​នាំចេញរបស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏មានចំនួនមួយខ្ពស់​គួរ​ឲ្យចាប់អារម្មណ៍​ដែរ ពោលគឺ​មានប្រមាណ៤១% ក្នុងមួយ​ឆ្នាំ ខណៈដែល​កំណើន​នៃ​ការនាំចេញ​សរុប​របស់កម្ពុជា​មានប្រមាណ​១៤%​ក្នុងមួយឆ្នាំ​។

ក្នុងនោះ នៅឆ្នាំ២០១៧ ការនាំចេញរបស់តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្រុង​បាវិត​មាន​ចំនួន​ច្រើនជាងគេ ពោលគឺមាន​ប្រមាណ​៤៦៩​លានដុល្លារ​អាមេរិក ឬស្មើនឹង​ប្រមាណ​៥០% នៃការនាំចេញសរុប​របស់តំបន់​សេដ្ឋកិច្ចពិសេស​ទាំងអស់​។ រីឯ ការនាំចេញ​របស់តំបន់​សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញវិញ​មានចំនួន ២៨៦លានដុល្លារអាមេរិក ខណៈដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅខេត្ត​ព្រះ​សីហនុ​មាន ២៥៦លានដុល្លារអាមេរិក តំបន់សេដ្ឋកិច្ចនាងកុក​ខេត្ត​កោះកុង មាន១៤៨លានដុល្លារ និងតំបន់​សេដ្ឋកិច្ច​​ពិសេស​​ផ្សេងៗ​​ទៀត​​​មាន៦៦លានដុល្លារ​អាមេរិក។  

បើពិនិត្យ​មកមើល​របាយការណ៍​នៃ​ចំនួន​គម្រោង​សរុប ដែល​បានវិនិយោគ​តាម​បណ្ដា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​ គិតមក​ទល់បច្ចុប្បន្ន​ ​មាន​ចំនួន​ ៣៤៧គម្រោង ដែលបាន​ផ្ដល់​ការងារជាង ១០ម៉ឺន​កន្លែង​ដល់ប្រជា​ពលរដ្ឋ។ ក្នុងនោះ គម្រោង​ភាគច្រើន​មាននៅ​តំបន់សេដ្ឋ​កិច្ចក្នុង​ខេត្ត​ព្រះ​សីហនុ ពោល​គឺ​មាន​១៣៦ គម្រោង តំបន់សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​មាន​១០៣​គម្រោង​ និងតំបន់សេដ្ឋកិច្ច​ពិសេស​នៅឯក្រុងបាវិត​មាន​៨៣គម្រោង​។

ដោយឡែក បើនិយាយ​ពីតំបន់​សេដ្ឋកិច្ច​ពិសេស​ ដែលបាន​ផ្ដល់ការងារ​ដល់ពល​រដ្ឋច្រើន​ជាងគេ គឺជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ពោលគឺ​ផ្ដល់​ការងារ​ដល់ពលរដ្ឋ​ប្រមាណ​៥ម៉ឺន​នាក់ ព្រោះ​ត្បិតថា​ចំនួន​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​មាន​តិច​ក៏ដោយ ប៉ុន្ដែ​ ភាគច្រើននៃ​គម្រោងទាំង​នោះជាគម្រោង​ធំៗ​ដូចជារោងចក្រកាត់ដេរ រោងចក្រតម្លើងកង់​ និង​រោងចក្រ​តម្លើរថយន្ដ​ដែលទើប​តែ​បើកសម្ពោធ​កាលពីពេលថ្មីៗ​នេះ​ជាដើម​។ល។  

សម្តេចតេជោ ហ៊ុន សែន ទស្សនារោងចក្រតម្លើងរថយន្ដធំមួយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត (រូបភាពពីទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន)

ការវិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស មានភាគ​ច្រើន វិនិយោគ​លើវិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងកាបូប ផលិតផល​ផ្លាស្ទិក គ្រឿងយន្ដ និងគ្រឿង​អេឡិច​ត្រូនិក​ជាដើម។ ក្នុងនោះ ក្រុមហ៊ុន​​ចិន​ត្រូវបាន​ដឹងថា បាន​វិនិយោគ​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ​បង្អស់​ពោល​គឺ​​មាន​២៩% បន្ទាប់មក​គឺក្រុមហ៊ុន​ជប៉ុន​មាន ២៦% ក្រុមហ៊ុន​ពីបណ្ដាប្រទេស​​​អាស៊ានមាន ២៤% ​ក្រុមហ៊ុន​មកពី​ចិន​តៃប៉ិ​មាន ១១% និងសហរដ្ឋ​​អាមេរិក​មាន ៩%។  

សូម​ជម្រាបថា តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវបាន​បង្កើត​ឡើង​លើកដំបូង​បំផុត​នៅ​កម្ពុជា តាំងពីឆ្នាំ២០០៦​មកម្លេះ ហើយ​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាក់ត្រូវ​បានលើក​ទឹកចិត្ត​ច្រើន​ពីសំណាក់​រាជរដ្ឋា​ភិបាល ដូចជា​ការលើក​លែង​ពន្ធ​មួយ​ចំនួន និងការ​ផ្ដល់សេវា​ច្រក​ចេញចូល​តែមួយ​នៅនឹង​កន្លែង​​ជាដើម។ ដោយឡែក បើនិយាយ​នៅក្នុង​តំបន់​អាស៊ាន​វិញ ​ប្រទេស​ក្នុងតំបន់​អាស៊ាន​ទាំងអស់ លើកលែង​តែប្រទេស​ព្រុយណេ​ប៉ុណ្ណោះ សុទ្ធតែ​មាន​តំបន់សេដ្ឋកិច្ច​ពិសេស ប៉ុន្ដែ​មាន​នៅក្នុង​ទម្រង់​ខុសៗ​គ្នា។

លក្ខខណ្ឌ​ក្នុងការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅកម្ពុជា​ គឺទាមទារ​មាន​ផ្ទៃដីទំហំ​ ៥០ហិកតាឡើង​ទៅ ដែលមានទីតាំង​ ព្រំប្រទល់ច្បាស់ ព្រមជាមួយនឹង​មានការរៀបចំ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​បានល្អ​ ដូចជា​ គមនាគមន៍​ ទឹកស្អាត ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងមានថាមពលអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ជាដើម។ល។ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ជប៉ុន​ជាប់ចិត្ត​ខ្លាំង លើការ​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០១៨នេះ បរិយាកាសវិនិយោគនៅកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ និងកំនើនរឹងមាំ ទោះបីជាការបោះឆ្នោតជាតិ កាន់តែកៀកខិតចូលមក...

សង់​រោង​ការ​-​​បុណ្យ​បិទ​ផ្លូវ តើ​ត្រូវ​ឬ​ខុស? ស្ដាប់​ពលរដ្ឋ និង​អាជ្ញាធរ...

ព័ត៌មាន
អ្នក​ដំណើរ​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ បាន​រអ៊ូ​រទាំ​ជុំវិញ​រឿង​ម្ចាស់​កម្មវិធី​អាពាហ៍​ពិពាហ៍ ឬ​ពិធី​បុណ្យ​ផ្សេងៗ ដែល​សង់​រោង​បិទ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ