ការនាំចេញអង្ករកម្ពុជា

ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះជាង ៣០% ដោយសារតម្លៃដឹកជញ្ជូនឡើង១គុណនឹង៥ នៅខែមករា


របាយការណ៍នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២១បានបង្ហាញថា មានការធ្លាក់ចុះជាង ៣០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២០។ លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ការធ្លាក់ចុះនេះដោយសារថ្លៃដឹកជញ្ជូនទៅកាន់ទីផ្សារអឺរ៉ុបឡើងថ្លៃ និងខ្វះមធ្យោបាយដឹកជញ្ជូន។
ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះជាង ៣០% ដោយសារតម្លៃដឹកជញ្ជូនឡើង១គុណនឹង៥ នៅខែមករា
ដោយ

របាយការណ៍​នាំចេញអង្ករ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាន​ចេញ​ផ្សាយ​ថ្មីនេះ បានឲ្យដឹងថា នៅខែមករា​ឆ្នាំ២០២១ កម្ពុជា​នាំចេញ​អង្ករបាន​ជាង ៣ម៉ឺន​៤ពាន់តោន មានការថយចុះជាង​១ម៉ឺន៦ពាន់​តោន ធ្លាក់ចុះដល់ទៅជាង ៣២% បើធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

បើតាមលោក លន់ យ៉េង អគ្គលេខាធិការ​នៃសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា មូលហេតុ​ដែលធ្វើឲ្យ​ការនាំចេញអង្ករ​របស់​កម្ពុជា​មានការធ្លាក់ចុះ ដោយសារ​តម្លៃដឹកជញ្ជូន​ទៅកាន់​ប្រទេសនៅ​ប៉ែកអឺរ៉ុប​មួយចំនួន​ឡើងថ្លៃខ្លាំង។ កត្តានេះ នាំឲ្យប្រទេស​ទាំងនោះ ត្រូវពន្យារ​ពេល​ក្នុងការ​បញ្ជាទិញ​អង្ករ​ពីកម្ពុជាសិន ដោយរង់ចាំឲ្យ​តម្លៃ​ដឹកជញ្ជូន​ធ្លាក់ចុះវិញ។ 

«សំខាន់ជាងគេអត់មានអីដឹក ហើយអ្នក​ដឹកជញ្ជូន​គេទាឡើង​ថ្លៃ១ជា៥។ បើទៅចិន​អត់ធ្លាក់​ប៉ុន្មានទេ ធ្លាក់ខ្លាំង​ទៅអឹរ៉ុប។ ពេលវាឡើងថ្លៃ​ទៅ អ្នកទិញត្រូវ​ពន្យារសិន ព្រោះធម្មតា​យើង​លក់​ឲ្យគាត់ យើងដឹកជញ្ជូន​ត្រឹម​កំពង់សោម តពីកំពង់​សោមទៅ​ដល់អ្នកទិញ​វាឡើងថ្លៃ»។ នេះជា​ការបង្ហាញ​ហេតុផល​របស់លោក លន់ យ៉េង ដែលអះអាងថា ការឡើងថ្លៃនេះ​បានកើតឡើង​តាំងពី​ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។  

កង្វះទូកុងតឺន័រមាន​គុណភាព ដែលអាច​ច្រកអង្ករ​សម្រាប់​ដឹកពីកម្ពុជា​ទៅទីផ្សារ​អឺរ៉ុប ក៏ជាហេតុផល​មួយធ្វើឲ្យការនាំចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់ចុះផងដែរ។ បើតាមលោក លន់ យ៉េង កត្តាដែល​ធ្វើឲ្យ​កម្ពុជាខ្វះខាតទូកុងតឺន័រ​សម្រាប់​ច្រកអង្ករនេះ ដោយសារ​ទូទាំងនោះ​បានកកស្ទះ​នៅតាម​ប្រទេស ដែលបញ្ជា​ទិញអង្ករពីកម្ពុជា។

លោកសង្កត់ធ្ងន់ថា៖«ចំពោះទីផ្សារ​បញ្ជាទិញ​មាន ប៉ុន្តែ​វាយ៉ាប់តែ​ទៅទីផ្សារ​អឺរ៉ុប​ថ្លៃដឹកជញ្ជូន​វាឡើងថ្លៃខុស​ប្រក្រតី វាឡើង​រហូតដល់​៥ដង។ វាធ្លាប់តែ​មួយ​ទូត្រឹម១ពាន់ដុល្លារ​ ទៅ១,២០០ដុល្លារ វាឡើងរហូតដល់ ៦ ទៅ៧ពាន់ដុល្លារ។ ដូច្នេះអ្នកទិញ​ត្រូវតែពន្យារសិន រង់ចាំ​ធ្លាក់ថ្លៃ»។

អគ្គលេខាធិការរូបនេះបានបន្ថែមថា ការឡើងថ្លៃ​លើសេវា​ដឹកជញ្ជូននេះ វាកើតឡើង​ជាសកល មិនមែនកើតមាន​ចំពោះតែ​កម្ពុជានោះទេ ពោលគឺប្រទេស​ផ្សេងៗ​ដូចជាថៃ និងឥណ្ឌា​ជាដើម ដែលប្រព័ន្ធ​ដឹកជញ្ជូន​អង្ករ​តាមទូកុងតឺន័រ​ដូចកម្ពុជា ក៏ជួបបញ្ហា​នេះដែរ។ បញ្ហានេះអាច​កើតឡើង​ដោយសារ​ចរន្ត​ទីផ្សារទៅប្រទេស​ប៉ែកអឺរ៉ុប នាំចូលច្រើន​ជាង​នាំចេញ ដែលជាហេតុ​ធ្វើឲ្យមាន​ការកកស្ទះ​ទូកុងតឺន័រ​នៅតាមកំពុងផែ​របស់ពួកគេ។

អ្នកជំនាញរូបនេះ​វាយតម្លៃថា ការនាំចេញ​អង្កររបស់​កម្ពុជា​ទៅប្រទេស​នៅអឺរ៉ុប និងចិនអាច​បន្តធ្លាក់ចុះទៀត​​នៅខែកុម្ភៈ ដោយសារ​ស្ថានភាព​ជំងឺកូវីដ-១៩ មិនទាន់​ធូរស្បើយ។ ម្យ៉ាងទៀត ប្រទេស​ចិននឹងរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​របស់​ខ្លួននៅខែនេះ។ លោកជឿជាក់ថា ការនាំចេញ​អង្ករ​របស់​កម្ពុជាទៅកាន់​ប្រទេសចិន នឹងមានស្ថានភាព​ល្អប្រសើរ​ឡើងវិញ​នៅខែ​មីនា ឆ្នាំ២០២១​ ខាងមុខនេះ។ 

បើតាមរបាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខែមករា អង្ករ​កម្ពុជា​បាននាំចេញ​ទៅកាន់​២៨ប្រទេស​ទូទាំង​ពិភពលោក។ ក្នុងនោះចិនឈរ​លំដាប់​លេខ១ ដែលទិញ​អង្ករ​ពីកម្ពុជា​ច្រើនជាងគេ​មានចំនួន ១៦.១៦៣តោន, បារាំងឈរ​លំដាប់​ទីពីរ​មានចំនួន ៣.៧២៣តោន និងប្រទេសហ្គាបុងឈរ​លំដាប់​ទីបី​មានចំនួន ៣.៥៧០តោន។ ក្រៅពីទីផ្សារ​នៅអឺរ៉ុប និងអាស៊ី អង្ករ​កម្ពុជា​ក៏បាន​នាំចេញទៅ​កាន់ប្រទេស​ក្នុងតំបន់​អាស៊ានផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទើបផ្ដាច់ខ្លួនពីអឺរ៉ុប អង់គ្លេសគ្រោងស្នើចូលជាសមាជិកកិច្ចព្រមព្រៀងដ៏ធំមួយCP TPP

ព័ត៌មាន
ចក្រភពអង់គ្លេសនឹងដាក់សំណើរចូលជាធ្វើជាសមាជិកនៃកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធី…

នាយករដ្ឋមន្ត្រីថា កម្ពុជាមិនទាន់ពឹងផ្អែកលើវិស័យប្រេងបានទេ

ព័ត៌មាន
ការទទួលបានប្រេងក្នុងដែនសមុទ្រកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់ជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជានោះទេ ហើយកម្ពុជាក៏មិនទាន់អាចពឹងផ្អែកលើវិស័យនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ