Advertisement
សេវា​តាក់ស៊ី​អនឡាញ

វៀតណាមថា Uber, Grab មាន​ប្រៀប​ពី​ការ​ប្រកួត​ប្រជែង​មិន​យុត្តិធម៌


ក្រុមហ៊ុន​ផ្ដល់​សេវា​តាក់ស៊ី​​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ដៃ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភព​លោក គឺ​​ក្រុមហ៊ុន Uber និង Grab ត្រូវ​បាន​ក្រសួង​ចំនួន​ពីរ​នៅ​ប្រទេស​វៀតណាម និយាយថា កំពុង​មាន​ប្រៀប​​លើ​ក្រុមហ៊ុន​តាក់ស៊ី​ក្នុង​ស្រុក ពី​ការ​ប្រកួត​ប្រជែង​​មិន​យុត្តិធម៌។
ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ​ដ៏​ល្បី​នៅ​លើ​ពិភព​លោក Uber និង Grab កំពុង​វាយ​លុក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​វៀតណាម។
ដោយ
Advertisement

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ដឹកជញ្ជូន​វៀតណាម ឲ្យ​ដឹងថា ក្រុមហ៊ុន​បម្រើ​សេវា​តាក់ស៊ី​អនឡាញ​ទាំង​ពីរ Uber និង Grab មិន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​តែមួយ​ដូច​គ្នា​នឹង​អ្នក​ផ្ដល់​សេវា​ដឹក​ជញ្ជូន​ ដូចជា ក្រុមហ៊ុន​តាក់ស៊ី​នៅ​ក្នុង​ស្រុក​ ទេ។ 

ក្រសួងទាំងពីរ​ ចង់​ឲ្យ​មាន​ការ​កែប្រែ​ក្របខ័ណ្ឌ​ច្បាប់​ ដើម្បី​ធានា​ការ​ប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។

បច្ចុប្បន្ន ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ Uber មកពី​អាមេរិក និង​ Grab ដែល​មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បាន​និង​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វៀតណាម ជាផ្នែក​មួយ​នៃ​គម្រោង​សាកល្បង ដែល​អនុញ្ញាត​ឲ្យ​មាន​កម្មវិធី​ទូរស័ព្ទ​ដៃ​បម្រើ​សេវា​តាក់ស៊ី​អនឡាញ​ចំនួន​១០ រួមទាំងកម្មវិធី​ដែល​បង្កើត​និង​ដាក់​ឲ្យ​ប្រើ​ដោយ​ក្រុមហ៊ុន​តាក់ស៊ី​ក្នុងស្រុក Vinasun និង Mai Linh ផងដែរ មិន​ស្ថិត​ក្រោម​ការទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​ចរាចរណ៍ និង​អ្នក​ដំណើរ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​មាន​ការ​តវ៉ា​ជា​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​តាក់ស៊ី​ក្នុង​ស្រុក​នៅ​ប្រទេស​វៀតណាម ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន Uber និង Grab ដោយ​ពួកគេ​ត្អូញត្អែរ​ថា "ឆ្នាំង​បាយ"​របស់​ពួកគេ​កំពុង​ត្រូវ​បាន​គេ​ដណ្ដើម។

ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​និយាយថា ការ​បញ្ឈប់​ប្រតិបត្តិការ​របស់​ Uber និង Grab ទាំងស្រុង គឺ​មិន​អាច​ធ្វើ​បានទេ ប៉ុន្តែថា រដ្ឋាភិបាល​គួរ​តឹងតែង​​ក្នុង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​តាក់ស៊ី​ដែល​បម្រើ​សេវា​ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ដៃ។

សព្វ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្រុមហ៊ុន Uber និង Grab មាន​រថយន្ត​តាក់ស៊ី​ចុះ​បញ្ជី​ជាង ៥ម៉ឺន​​គ្រឿង​ទៅ​ហើយ។

កាលពី​ខែ​កញ្ញា នាយកដ្ឋាន​ពន្ធដារ​ទីក្រុង​ហូជីមិញ បាន​ទាមទារ​ឲ្យ Uber បង់​ពន្ធ​ដែល​ជំពាក់​ជាង ៤សែន ៦ម៉ឺន​ដុល្លារ​អាមេរិក។ 

កន្លង​មក ក្រុមហ៊ុន​តាក់ស៊ី​ក្នុងស្រុក​នៅ​វៀតណាម តែងតែ​ចោទ​ប្រកាន់ថា ក្រុមហ៊ុន Uber និង Grab ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា ឬ​មិន​យុត្តិធម៌​ជាមួយ​ពួកគេ ដែល​នាំ​ឲ្យ​ពួកគេ​មាន​ការ​ខាតបង់​ក្នុង​របរ​រក​ស៊ី។ ប៉ុន្តែ ទាំង Uber និង Grab បាន​បដិសេធ​ជា​រឿយៗថា ខ្លួន​មិន​បាន​រំលោភ​ច្បាប់​ណា​មួយ​របស់​ប្រទេស​វៀតណាម​ទេ។

ក្នុង​ឆ្នាំនេះ ក្រុមហ៊ុន​តាក់ស៊ី​ធំជាង​គេ​បំផុត​នៅ​វៀតណាម គឺ Vinasun បាន​បាត់បង់​បុគ្គលិក ១ម៉ឺន​នាក់ ហើយ​ចំណូល​៩​ខែ​របស់​ខ្លួន បានតែ ៥៨% ប៉ុណ្ណោះ​នៃ​ទិសដៅ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន​ដៃគូ​ប្រជែង ឈ្មោះ Mai Linh បាន​បាត់បង់​បុគ្គលិក ៦ពាន់​នាក់ ស្មើ​នឹង​ ២០% នៃ​បុគ្គលិក​ទាំងអស់​របស់​ខ្លួន៕ 

Advertisement



អត្ថបទបន្ទាប់


វៀតណាម​រក​ចំណូល​ពី​ការនាំ​ចេញ​បន្លែ​ផ្លែ​ឈើ​បានច្រើន​ជាង​នាំ​ចេញ​ប្រេងឆៅ

ព័ត៌មាន
កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ប្រទេស​វៀតណាម​រក​ចំណូល​ពី​ការ​នាំ​ចេញ​បន្លែ​ផ្លែ​ឈើ បាន​ច្រើន​ជាង​ចំណូល​ពីការ​នាំ​ចេញ​ប្រេង​ឆៅ​ទៅទៀត។

ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ភ្នំពេញ​ក្នុង​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ចាប់ពី​ថ្ងៃ​ទី​១១​-១២ ខែ​វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ