Advertisement
សហគ្រិនជោគជ័យ

ជា សុខលាង៖ ជោគជ័យក្នុងមុខជំនួញ ត្រូវអនុវត្តច្រើនជាងទ្រឹស្តី


ក្នុងវ័យត្រឹមតែ៣៤ឆ្នាំ អ្នកស្រី ជា សុខលាង បានក្លាយជាអ្នកជំនួញវ័យក្មេង ដែលក្តោបក្តាប់ជំនួញជាច្រើននៅកម្ពុជា។
អ្នកស្រី ជា សុខលាង គឺជាសហស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION (រូបថត៖ ហេង ភារម្យ)
ដោយ
Advertisement

អ្នកស្រី ជា សុខលាង គឺជាសហស្ថាបនិក និង ជាអគ្គនាយកក្រុមហ៊ុន ECO GREAT MEKONG SOLUTION ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ៣ រួមមាន៖ ក្រុមហ៊ុន Helix Micro-Rebar និង ក្រុមហ៊ុន Adopen ដែលផ្គត់ផ្គង់សម្ភារសំណង់ ក្រុមហ៊ុន Eco Green Codex Waste Solution ដែលផ្គត់ផ្គង់ម៉ាស៊ីនដុតសំរាម រួមទាំងជានាយិកាសណ្ឋាគារ Le Grand Palais Boutique នៅរាជធានីភ្នំពេញផងដែរ។

តាមពិតទៅ ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញទីផ្សារនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង អ្នកស្រី ជា សុខលាង បានចំណាយពេល៣ឆ្នាំ ធ្វើការនៅក្រុមហ៊ុនអចលនទ្រព្យ CPL របស់ លោកឧកញ៉ា ចេង ខេង ហើយនៅឆ្នាំ២០០៧ អ្នកស្រីក៏បានបង្កើតក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលមានឈ្មោះថា LYS Sovanphum Group និងបន្តបន្ទាប់មក អ្នកស្រីក៏បានពង្រីកមុខជំនួញជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។

ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ក្នុងគ្រួសារជីវភាពមធ្យមនៅភ្នំពេញ ស្រ្តីរូបនេះ បានប្រឹងប្រែង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំក្រុមហ៊ុន ដោយធ្វើការជាច្រើនវិស័យក្នុងពេលតែមួយ។ 

យ៉ាងណាក៏ដោយ ទម្រាំមានថ្ងៃនេះ អ្នកស្រី ជា សុខលាង ក៏បានប្រឈមបញ្ហាជាច្រើនផងដែរ កាលអ្នកស្រីចាប់ផ្តើមអាជីវកម្មដំបូង។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលមុន គេមិនចាប់អារម្មណ៍ក្រុមហ៊ុនយើង ព្រោះ ជំនាន់នោះ គេគិតថា អចលនទ្រព្យ គ្រាន់តែទិញលក់ៗយកចំណេញបានហើយ។ តែឆ្នាំ២០០៨មានវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឲ្យអ្នកជំនួញ បែរមកចាប់អារម្មណ៍ ជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ ព្រោះ ទាល់តែគេមានបញ្ហាបានគេមករកអ្នកប្រឹក្សាយោបល់»។

អនុវត្តន៍ផ្ទាល់ ច្រើនជាងរៀនទ្រឹស្តី ជំរុញឲ្យអ្នកស្រី ជា សុខលាង មានភាពជោគជ័យ

តាមពិតទៅ បើទោះបី អ្នកស្រី ជា សុខលាង រៀនចប់ត្រឹមបរិញ្ញាបត្រ ប៉ុន្តែ សង្គមអ្នកជំនួញជាទូទៅ បានទទួលស្គាល់ និង លើកអ្នកស្រីឲ្យកាន់តំណែងជាអនុប្រធាន Business Networking Committee of Cambodia Women Entrepreneurs Association (CWEA)។    

អ្នកស្រីបញ្ជាក់បែបនេះថា៖ «ពេលខ្ញុំប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ខ្ញុំប្រាប់គេថា ខ្ញុំរៀនបានត្រឹមបរិញ្ញាបត្រ គេអត់ជឿ។ ខ្ញុំអត់មានពេលរៀនយកសញ្ញាបត្រខ្ពស់ទេ។ ខ្ញុំមានចំណេះដឹង គឺបានមកពីការរៀនជាមួយអ្នកជំនួញដែលមានបទពិសោធផ្ទាល់ និង ធ្វើជំនួញផ្ទាល់ ដែលខ្មែរយើងនិយាយថា យើងរៀនជាមួយសញ្ញាឃើញ មិនមែនសញ្ញាបត្រនោះទេ។ ខ្ញុំចូលចិត្តស្វែងយល់ចំណេះដឹងទូទៅច្រើន។ ជាង១០ឆ្នាំមកនេះ ខ្ញុំរៀនអនុវត្តន៍ច្រើនជាងទ្រឹស្តីនៅសាលា»។

ចំណុច២យ៉ាង ដើម្បីជោគជ័យក្នុងជំនួញបែបប្រឹក្សាយោបល់

អ្នកស្រី ជា សុខលាង បានប្រៀបធៀបការចាប់ផ្តើមជំនួញថ្មីថ្មោង ដូចការដើរចូលចម្ការមីនដូច្នេះដែរ។ បើទោះបីដឹងថា  ពេលដើរទៅ នឹងអាចដាច់ដៃដាច់ជើង ប៉ុន្តែ ឲ្យតែរស់ គឺត្រូវតែដើរទៅមុខ។  នៅពេលដើរកាត់ចម្ការមីនដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយជីវិតនៅរស់ នោះនឹងជោគជ័យហើយ។ 

ភាពជោគជ័យក្នុងជំនួញបែបផ្តល់ប្រឹក្សានេះ ត្រូវមានចំណុចពីរយ៉ាង គឺជំនាញពិតប្រាកដ និង ភាពស្មោះត្រង់។ អ្នកស្រីពន្យល់ថា៖ «យើងមិនមែនឲ្យតែយោបល់នោះទេ ថា អ្នកធ្វើអ្វីធ្វើទៅនោះទេ តែការងារខ្លះ បើសិន គាត់ចង់ឲ្យយើងធ្វើជាដៃគូជាមួយគាត់ យើងនឹងធ្វើជាដៃគូវិនិយោគជាមួយគាត់ ដើម្បីឲ្យគាត់កក់ក្តៅ ដើរទៅជាមួយគ្នា។ ឧទាហរណ៍ ថា ខ្ញុំចង្អុលគេឲ្យទៅហ្នឹងទៅ តែបើគាត់បដិសេដថា អត់ទៅទេ ព្រោះ ជាចម្ការមីន ដែលអាចជាន់មីនដាច់ដៃដាច់ជើង ប៉ុន្តែ ខ្ញុំថា អត់អីទេ ខ្ញុំទៅជាមួយអ្នកឯង។ ដូច្នេះ ធ្វើឲ្យមនុស្សមិនចង់ចាប់ផ្តើម ឲ្យគាត់ចាប់ផ្តើម»។

ក្រុមហ៊ុន Eco Green Codex Waste Solution

បើប្រៀបនិន្នាការជំនួញផ្នែកការផ្តល់ប្រឹក្សាកាលពី១០ឆ្នាំមុន គឺមិនសូវមានវិស័យហិរញ្ញវត្ថុច្រើន និងទាន់មានវិនិយោគិនមកពីក្រៅច្រើនឡើយ។ តែបច្ចុប្បន្ន ស្របពេលដែលកម្ពុជាធ្វើសមាហរណកម្ម សេដ្ឋកិច្ចជាមួយអាស៊ាន គឺទាមទារអ្នកជំនួញខ្មែរ ត្រូវបត់ឲ្យទាន់សភាពការ និង ត្រូវមានអ្នកផ្តល់ប្រឹក្សា ដើម្បីធ្វើជំនួញឲ្យទទួលបានជោគជ័យ។ 

បើតាមអ្នកស្រី ជា សុខលាង អ្នកជំនួញខ្មែរ គួរតែត្រៀមខ្លួន ចាប់ដៃជាមួយអ្នកជំនួញផ្សេងទៀត ដើម្បីដឹកដៃគ្នាទៅកាន់ថ្នាក់តំបន់ និងពិភពលោក ជាជាងប្រកួតប្រជែងគ្នាតែក្នុងស្រុក៕     

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោង​ផ្ទះ​តម្លៃ​ថោក​របស់​ឧកញ៉ា សៀ ឫទ្ធី នឹង​បើក​លក់​ផ្លូវការ​នៅ​ចុង​ខែ​នេះ​ហើយ!

ព័ត៌មាន
នៅទី​បំផុត​ទៅ គម្រោង​លំនៅដ្ឋាន​សាធារណៈ​សម្រាប់​អ្នក​ចំណូល​ទាប​និង​មធ្យម​របស់​ក្រុមហ៊ុន WorldBridge Group ដែល​ប្រជាពលរដ្ឋ​ជាច្រើន ពិ...

ឧកញ៉ា កែវ មុំ បោះទុនកែច្នៃផ្លែឈើក្រៀម ផ្តល់ការងារដល់ខ្មែរជាង១ពាន់គ្រួសារ

ព័ត៌មាន
លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានបង្ហើបប្រាប់ ខេមបូណូមីស ថា លោកជំទាវ នឹងដំណើររោងចក្រផលិតផ្លែឈើក្រៀមនៅចុងឆ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ