Advertisement
អភិវឌ្ឍន៍​ក្រុង

ភ្នំពេញ​គ្មាន​ប្លង់​មេ បាន​បង្កើត​បញ្ហា​អ្វី​ខ្លះ?


ប្លង់មេ (Master Plan) សម្រាប់​ការ​រៀបចំ​ទីក្រុង​នីមួយៗ​ក្នុង​រយៈ​ពេល​វែង ជា​បន្ទាត់​សម្រាប់​គូស​វាស​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មួយ​មាន​សោភ័ណ​ភាព​និង​មាន​សណ្ដាប់​ធ្នាប់ ចៀសវាង​ជួប​នូវ​បញ្ហា​រាប់​រយ​ជំពូក​ទៅ​ថ្ងៃ​ក្រោយ។ តើ​ការ​គ្មាន​ប្លង់មេ​សម្រាប់​ក្រុង​ភ្នំពេញ បាន​បង្ក​ការ​លំបាក​អ្វី​ខ្លះ​សម្រាប់​អ្នក​អភិវឌ្ឍន៍​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា?
អ្នក​ជំនាញ​សេដ្ឋកិច្ច លោក​ ង៉ែត ជូ (រូប​តូច ខាង​ឆ្វេង) និង​លោក​ឧកញ៉ា សៀ ឫទ្ធី អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ និយាយ​អំពី​បញ្ហា​ខ្វះ​ប្លង់មេរាជធានី​ភ្នំពេញ។
ដោយ
Advertisement

លោក ង៉ែត ជូ អ្នក​អភិវឌ្ឍន៍​គម្រោង​បុរី​ធម្មជាតិ និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​រូប បាន​អត្ថាធិប្បាយ​ថា នៅ​ឆ្នាំ​២០៣០ ក្រុង​ភ្នំពេញ​នឹង​ត្រូវការ​ដី​សង់​លំនៅដ្ឋាន​រហូត​ដល់ ៣៦០០​ហិកតា។ បើ​តាម​លោក ង៉ែត ជូ ក្នុង​មួយ​ឆ្នាំ ប្រជាជន​ក្នុង​ក្រុង​ភ្នំពេញ ត្រូវការ​ផ្ទះ​ចំនួន​២​ម៉ឺន​ផ្ទះ ពោល គឺ​ត្រូវការ​ដី ៣០០​ហិកតា​ក្នុង​មួយ​ឆ្នាំ​ដើម្បី​សង់​លំនៅដ្ឋាន​ដោយ​បូករួម​ទាំង​សួន​ច្បារ សាលារៀន និង​ផ្លូវ​ថ្នល់​ជាដើម ហើយ​មិន​ទាន់​គិត​ពី​ដី​សម្រាប់​សង់​រោងចក្រ និង​ឃ្លាំង​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ៖ «យោង​តាម​តម្រូវការ​ខាង​លើ យើង​អាច​ធ្វើ​ផែនការ​ក្នុង​ការ​វិនិយោគ​ដី​ធ្លី​សម្រាប់​រយៈ​ពេល​វែង ដើម្បី​ចាប់​យក​ឱកាស​ពី​តម្រូវការ​ទាំង​នេះ។ សម្រាប់​រដ្ឋាភិបាល គួរ​មាន​ផែនការ​មេ​សម្រាប់​អភិវឌ្ឍ​ក្រុង​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ​​ទៅ​មុខ​ទៀត។ ក្រុង​ភ្នំ​ពេញ សព្វថ្ងៃ ជា​ការ​ផ្តួច​ផ្តើម​កសាង​ដោយ​បារាំង​កាល​ពី​១០០​ឆ្នាំ​មុន ដូច្នេះ មិន​អាច​ឆ្លើយតប​សមស្រប​តាម​តម្រូវការ​នៃ​កំណើន​ប្រជាជន​នា​ពេល​បច្ចុប្បន្ន និង​អនាគត​បាន​ទេ»។

លោក​បន្ថែម​ថា ការ​ធ្វើ​ផែនការ​មេ​សម្រាប់​ក្រុង​ភ្នំពេញ គួរតែ​គិត​បញ្ចូល​ផ្នែក​បច្ចេសទេស លទ្ធភាព​ផ្នែក​សេដ្ឋកិច្ច ទំហំ​វិនិយោគ​សម្រាប់​ផែនការ​មេ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម ជាដើម។ 

លោក​ពន្យល់​ប្រាប់ ខេមបូណូមីស ថា ការ​មាន​ផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ច្បាស់​លាស់ មាន​ផល​វិជ្ជមាន​ជាច្រើន ដូចជា ការ​បែង​ចែក​តំបន់​ក្នុង​ការ​អភិវឌ្ឍ (តំបន់​ធនាគារ​និង​ហិរញ្ញវត្ថុ តំបន់​គមនាគមន៍ តំបន់​លក់​រថយន្ដ…)។ លើស​ពី​នេះ ការ​ដែល​មាន​ផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ គឺ​ជា​ការ​បម្រើ​ដល់​អ្នក​រស់នៅ​ទីក្រុង​ទាំងមូល ហើយ​វា​ជា​តម្រូវការ​របស់​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន។

ផ្ទុយ​ទៅ​វិញ អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​បាន​រអ៊ូ​រទាំ​ជុំវិញ​ផល​លំបាក​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​នៅ​ពេល​គ្មាន​ប្លង់​មេ​ក្រុង​ភ្នំពេញ។ 

លោក ង៉ែត ជូ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ផល​អវិជ្ជមាន គឺ​កង្វះ​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​សាធារណៈ ដូចជា ផ្លូវ​តូច​ចង្អៀត​មិន​អាច​ពង្រីក​បាន ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ និង​ការ​ធ្វើ​ផ្លូវ​រួច តែ​ត្រូវ​កាប់​គាស់​ផ្លូវ​ដាក់​ខ្សែ​កាប ឬ​ដាក់​លូ ដែល​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Land ដែល​វិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​សមរម្យ លំនៅដ្ឋាន​ប្រណីត និង​អគារ​ខ្ពស់ៗ ដូចជា The Bridge, The Peak, The Palms ជាដើម បាន​​អត្ថា​ធិប្បាយ​​ថា ការ​ធ្វើ​ប្លង់​មេ បើ​សម្រាប់​រដ្ឋាភិបាល គឺ​ជា​ត្រី​វិស័យ​មួយ ដើម្បី​ចង្អុល​បង្ហាញ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​មួយ ឬ​តំបន់​មួយ។

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «បើ​គ្មាន​ប្លង់គោល ឬ​ប្លង់​មេ និយាយ​ដោយ​ឡែក ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍន៍ ខ្ញុំ​ពិបាក​ក្នុង​ការ​ស្វែង​យល់​ថា តើ​ខ្ញុំ​គួរ​អភិវឌ្ឍ​ទៅ​ចំណុច​ណា? បើ​ខ្ញុំ​មិន​បាន​យល់​ពី​ប្លង់មេ ឬ​ប្លង់​គោល​នោះ​ទេ។ ក្នុង​នាម​យើង​ជា​អ្នក​អភិវឌ្ឍន៍ យើង​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់ តើ​រដ្ឋាភិបាល​មាន​ប្លង់​មេ​អភិវឌ្ឍន៍​ទៅ​ទិស​ខាង​ណា ដែល​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​ការ​រីក​ចម្រើន បាន​ន័យ​ថា ទិស​ខាង​កើត​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អ្វី? ទិស​ខាង​លិច រដ្ឋាភិបាល​ត្រូវ​ធ្វើ​អ្វី? ទិស​ខាង​ជើង និង​ខាង​ត្បូង​ត្រូវ​ធ្វើ​អ្វី?  ដូច្នេះ ទើប​អ្នក​អភិវឌ្ឍន៍​អាច​យក​ប្លង់​មេ​របស់​រដ្ឋាភិបាល ជា​ត្រី​វិស័យ​មួយ​ក្នុង​ការ​កំណត់​ខ្លួន​ឯង​ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​ស្រប​នឹង​ប្លង់​មេ​របស់​រដ្ឋាភិបាល ព្រោះ អ្នក​អភិវឌ្ឍន៍​ដូច​ពួកខ្ញុំ ត្រូវ​សិក្សា ឬ​ដើរ​តាម​ប្លង់មេ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល»។

បើ​តាម​ឧកញ៉ា សៀ ឫទ្ធី រដ្ឋាភិបាល ជាពិសេស ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​សាលា​រាជ​ធានី​ភ្នំពេញ មាន​ប្លង់​មេ ឬ​ប្លង់​គោល ប៉ុន្ដែ មិន​បាន​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ និង​មិន​ទាន់​បាន​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាជន។  

លោក​ឧកញ៉ា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «តាមពិត រដ្ឋាភិបាល​មាន​ប្លង់មេ ឬ​ប្លង់​គោល ប៉ុន្ដែ អត់​ទាន់​មាន​ការ​កំណត់​ជា​កំហិត​ថា ទិស​ខាង​ណេះ​ត្រូវ​ធ្វើ​អី ទិស​ខាង​នោះ​ត្រូវ​ធ្វើ​អី​ទេ។ បាន​ន័យ​ថា វា​នៅ​តែ​អាស្រ័យ​លើ​អ្នក​អភិវឌ្ឍន៍ ដែល​ធ្វើ​ឲ្យ​វិស័យ​ឯកជន គាត់​គិត​ថា ទីផ្សារ​ណា​ដែល​គាត់​អាច​អភិវឌ្ឍន៍​ទៅ​បាន គាត់​ធ្វើ​តែ​ម្តង។ ដូច្នេះ ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មាន​ការ​យឺត​យ៉ាវ។… អ្នក​អភិវឌ្ឍន៍​គម្រោង​ណា​មួយ ពិបាក​ទៅ​អភិវឌ្ឍ​នៅ​​កន្លែង​ដែល​គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ ទោះបី​តំប​ន់នោះ​មាន​សក្ដានុពល​យ៉ាង​ណា​ក៏​ដោយ។ ជារួម រាជ​រដ្ឋាភិបាល​គួរ​កំណត់​ទិសដៅ​ក្នុង​ការ​អភិឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ប្លង់មេ​និង​ប្លង់គោល​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ពួកយើង​ដែល​ជា​អ្នក​អភិវឌ្ឍន៍ ធ្វើការ​អភិវឌ្ឍ​ស្រប​តាម​ប្លង់​មេ​របស់​រដ្ឋាភិបាល»។

Advertisement

លោក​ឧកញ៉ា​បន្ថែម​ថា៖ «រដ្ឋាភិបាល​បាន​ខិតខំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រួច​ហើយ ដោយ​បាន​ខិតខំ​រក​លុយ​ច្រើន​ដើម្បី​កសាង ព្រោះ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ត្រូវការ​លុយ​ច្រើន​ណាស់។…ខ្ញុំ​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ផ្លូវ ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទឹក ភ្លើង និង​លូ ទៅ​ព្រម​គ្នា​តែ​ម្តង ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​អភិវឌ្ឍន៍ ព្រោះ សម្រាប់​ពួកខ្ញុំ​ជា​អ្នក​អភិវឌ្ឍន៍ ពិត​ជា​លំបាក បើ​សិន​ជា​មាន​តែ​ផ្លូវ តែ​គ្មាន​ទឹក​ភ្លើង​និង​លូ។ ឧទាហរណ៍​ថា ខ្ញុំ​បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ យើង​មាន​ផ្លូវ​ធំ​ល្អ យើង​សប្បាយ​ចិត្ត តែ​អត់​មាន​លូ​និង​ទឹក ដូច្នេះ តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​នេះ​ខ្លួន​ឯង ប៉ុន្ដែ សួរថា តើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ​និង​ទឹក​របស់​យើង ស្រប​នឹង​ប្លង់​មេ ឬ​ប្លង់​គោល​របស់​រដ្ឋាភិបាល​ដែរ​ទេ?»។ 

សារព័ត៌មាន ខេមបូណូមីស បាន​ទូរស័ព្ទ​ទៅ​កាន់​លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ប៉ុន្ដែ លោក​បាន​បដិសេធ​ការ​ធ្វើ​​អត្ថា​ធិប្បាយ​អំពី​បញ្ហា​នេះ។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​អតីត​អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ ដែល​បាន​ថ្លែង​កាល​ពី​ចុង​ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា អភិបាល​ក្រុង​បាន​យល់​ស្រប​គម្រោង​សាងសង់​បណ្ណាល័យ​សាធារណៈ​មួយ​នៅ​ក្នុង​អគារ​ថ្មី​ដែល​នឹង​មាន​ដាក់​ប្លង់មេ ដែល​អ្នក​ណា​ក៏​អាច​ចូល​មើល​បាន​ដែរ។

ប្លង់មេ​ដែល​ដាក់​ថា «ការ​ប្រើប្រាស់​ដី​នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០៣៥ គឺ​ជា​បណ្ដុំ​ឯកសារ​ចំនួន​៣៣០​ទំព័រ​ជា​ភាសា​បារាំង​ដែល​ត្រូវ​ផ្តល់​មូលនិធិ​ដោយ​ស្ថានទូត​បារាំង​ហើយ​មាន​ឈ្មោះថា Livre Blanc ដោយ​ត្រូវ​អនុម័ត​បន្ទាប់​ពី​រយៈពេល​៨​ឆ្នាំ ហើយ​ក្រោយ​មក ត្រូវ​បាន​សង្ខេប​ទៅ​ជា​ឯកសារ​ត្រឹម​តែ ៣៥​ទំព័រ​ ជា​ភាសា​ខ្មែរ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​២០១៥ កន្លង​មក។ នេះបើ​តាម​កាសែត​ភ្នំពេញប៉ុស្តិ៍ ​ចុះ​ផ្សាយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ កន្លង​ទៅ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍៖ ចិនមកលេងស្រុកខ្មែរ ចាយលុយធំជាងទេសចរបរទេសដទៃទៀត!

ព័ត៌មាន
ទេសចរជនជាតិចិន មិនត្រឹមតែមានចំនួនច្រើនជាងគេ ដែលបានធ្វើដំណើរកម្សាន្ដក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែ ពួកគេក៏ហ៊ានក្នុងការចាយវាយធំ ជាងភ្ញៀវទ...

កម្ពុជា វៀតណាម គ្រោង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន

ព័ត៌មាន
រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​​មាន​បំណង​បង្កើត​ផ្សារ​តាម​ព្រំដែន​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​ប្រ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ