Advertisement
ការទិញអចលនទ្រព្យតាមគ្នា

អ្នកជំនាញ ក្រើនរំឭកជាថ្មី ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការទិញអចលនទ្រព្យតាមគ្នា


អ្នកជំនាញ​អចលនទ្រព្យដែលមាន​ភាពចាស់ទុំ​ក្នុង​ទីផ្សារ បានលើក​ឡើងថា ការវិនិយោគ​លើ​អចលនទ្រព្យ ដោយមិន​មានការ​ទទួលបាន​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ គឺជាកត្តា​ប្រឈម​ធំបំផុត​សម្រាប់​អ្នកវិនិយោគ ពិសេស​គឺអ្នកដែល​ខ្ចីលុយ​ធនាគារ​មកវិនិយោគ​តែម្ដង។ ការអះអាង​បែបនេះ ដោយសារតែ​អ្នកជំនាញ​អចលនទ្រព្យ កត់​សម្គាល់​ឃើញថា មានអ្នក​ទិញអចលន​ទ្រព្យមួយ​ចំនួន ចេះតែទិញ​តាមគ្នា ព្រោះឃើញគេចំណេញ ចង់ចំណេញ​តាមគេ ដោយមិន​បានគិតគូរ​ច្បាស់លាស់​ពីហានិភ័យ​នោះ​ឡើយ។
អ្នក​ជំនាញថា ឆ្នាំ​២០១៨​នេះ ចរន្ត​នៃ​ការ​ពុះ​ដី​ឡូតិ៍​លក់​នឹង​ថម​ថយ​ចុះ​ជាង​ឆ្នាំ​មុន។
ដោយ

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ស៊ីភីអិល ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំមួយ​នៅកម្ពុជា បាន​លើក​ឡើងថា ការវិនិយោគ​លើ​អចលនទ្រព្យ សំខាន់​បំផុត​គឺការទទួល​បានព័ត៌មាន​គ្រប់​គ្រាន់ទាក់ទង​នឹងអចលនទ្រព្យ​នោះ ដើម្បី​យកកមក​ធ្វើការ​វិភាគ និងពិចារណា មុន​សម្រេចចិត្ត​ទិញ។

ជាក់ស្ដែង កាលពីពេលថ្មីៗ​នេះ ក៏មានការ​ផ្អើល​តាមគ្នា ទៅរកទិញដី​នៅតំបន់​ព្រលានយន្ដ​ហោះ​ថ្មី ស្ថិតនៅ​ខេត្តកណ្ដាល ដែលរដ្ឋាភិបាល​ប្រកាសថា នឹងធ្វើ​ការ​សាងសង់ ក្រោមការ​វិនិយោគ​តម្លៃរាប់ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្ដែ នារយៈពេល​ចុង​ក្រោយនេះ ក៏មាន​ដំណឹង​មិនផ្លូវការ​មួយ​ចំនួនលេចឡើង​​ថា គម្រោងនេះ ត្រូវបាន​ពន្យាពេល​សាងសង់ ដែលធ្វើឲ្យ​អ្នកដែល​បាន​វិនិយោគ​នៅតំបន់​នោះ​កំពុង​មានការ​ជ្រួលច្របល់​ ខណៈដែលមានអ្នកមួយចំនួន​បានខ្ចីលុយធនាគារ​ដើម្បី​មកទិញជាដើម​។

Advertisement

ជុំវិញ​នឹងបញ្ហា​នេះដែរ លោក​ឧកញ៉ា ចេង ខេង បានក្រើន​រំឭក​ដែរថា អ្នក​វិនិយោគ​ដែលរកទិញ​ដីនៅម្ដុំនោះ ត្រូវពិចារណា​ឲ្យបាន​ម៉ត់ចត់​មុនសម្រេចចិត្ត​ទិញ ព្រោះជាទូទៅ​តម្លៃដី​នៅក្បែរ​ព្រលាន​យន្ដ​ហោះ មិនសូវជា​មានតម្លៃ​កើនឡើង​ខ្ពស់ណាស់ណា​ទេ បើធៀប​នឹងតំបន់​អភិវឌ្ឍន៍​សក្ដានុពល​ផ្សេងៗ​ទៀត។ ពិសេសនោះ ដោយសារតែ​តំបន់​ក្បែរព្រលាន​យន្ដហោះ​ តម្រូវ​មិនឲ្យ​អភិវឌ្ឍន៍​អគារខ្ពស់ៗ​នោះឡើយ។ មួយវិញទៀត ក៏ត្រូវ​តាមដាន​ព័ត៌មាន​ពីការអភិវឌ្ឍន៍​ព្រលានយន្ដ​ហោះនោះ​ឲ្យបាន​ជាប់លាប់​ផងដែរ។  

លោក​ឧកញ៉ា ចេង ខេង ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL។

បន្ថែមពីនេះ ត្រូវវិភាគ​​លើដីធ្លី របស់ខ្លួន​​​ដែល​​ចង់​ទិញនោះ ថាតើអាច​​សាង​សង់​​សំណង់​​អ្វីបាន ហើយជួលត្រឡប់​​មកវិញ​​បាន​​​នៅក្នុង​​​​ចំនួន​​​ប៉ុន្មាន? ហើយបើ ខ្ចីលុយ​ធនាគារ​​ទៀត​សោត ត្រូវដឹង​​ពីលំហូរ​សាច់ប្រាក់ ក៏ដូចជា​លទ្ធភាព​​​របស់ខ្លួន​​​ក្នុងការ​សង​ត្រឡប់​​​ទៅកាន់​​ធនាគារ​​វិញ។ យ៉ាងណាមិញ ការផ្អើល​តាមគ្នា​ទៅទិញ​ដី នៅតាម​គម្រោងធំៗ​ ដូចជា​ព្រលាន​យន្ដហោះ​ថ្មីនេះ ត្រូវបាន​លោក​ឧកញ៉ា ចេង ខេង បាន​ក្រើនរំឭក​ថា អ្នកវិនិយោគ ត្រូវស្វែងរក​ព័ត៌មាន​ឲ្យបាន​ច្បាស់ ពាក់ព័ន្ធ​នឹងគម្រោង​នេះ ដូចជា​​ តើគម្រោងនេះ​នឹងសាងសង់​ពេល​ណា? រួចរាល់​ពេលណា? ហើយបើពិត​ជាមានការ​ពន្យាពេលមែន តើវាអាច​ប៉ះពាល់​ដល់ការ​វិនិយោគ​របស់អ្នក​កម្រិត​ណា? ហើយធ្វើការ​ពិចារណា​ឲ្យបាន​ម៉ត់ចត់ ​ទាក់ទង​នឹងលទ្ធភាព​របស់អ្នក និងសក្ដានុពល​នៃអចលនទ្រព្យ​ដែលអ្នក​បម្រុងនឹង​ទិញ​នោះ មុននឹង​បោះទុន​វិនិយោគ។   

បើតាម​ការគូស​បញ្ជាក់​ពីអ្នក​ជំនាញ​អចលនទ្រព្យ ដែលមាន​បទពិសោធន៍​ជាង​២០ឆ្នាំ លោកឧកញ៉ា ចេង ខេង បានឲ្យ​ដឹងថា ដើម្បីអាច​វិនិយោគ​បានល្អ អ្នកវិនិយោគ​គួរតែស្វែង​រកអ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ ដែលមាន​វិជ្ជាជីវៈ ឲ្យជួយ​ប្រឹក្សាយោបល់​ឲ្យបាន​ត្រឹមត្រូវ មុន​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​ណាមួយ។

សូមជម្រាប​ដែរថា ជុំវិញ​ការវិនិយោគ​លើអចលនទ្រព្យ​នេះដែរ កាល​ពីពេល​ថ្មីៗ​នេះ ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម និងសំណង់ ក៏បាន​ប្រកាស​ដែរថា នឹងចាត់វិធាន​ការទៅលើ​​គម្រោង​អភិវឌ្ឍន៍ទាំង​ឡាយណា ដែលគ្មាន​អាជ្ញា​បណ្ណ​ច្បាស់​លាស់ ពិសេស គឺការពុះ​ដីឡូត៍​លក់ដែល​មិនមាន​លិខិតអនុញ្ញាត និងការពង្រឹង​ការសាង​សង់ គុណភាព និងសុវត្ថិភាព​នៅក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​​ការ​អភិវឌ្ឍ​​វិស័យ​សំណង់​ប្រកប​ដោយ​ចីរភាព៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាធារណរដ្ឋឆែកជួយកម្ពុជាមួយឆ្នាំ១,៥លានដុល្លារគាំទ្រវិស័យអប់រំ សុខាភិបាល និងទឹកស្អាត

ព័ត៌មាន
សាធារណរដ្ឋឆែតតាមរយៈលោក MAREK LIBŘICKÝ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគល់គ្នា (MoU)ជាមួយក្រុមប្រឹ...

អគារ Exchange Square កម្ពស់១៦ជាន់ បើកសម្ពោធផ្លូវការហើយ ក្រោយពីដំណើរ​ការ​សាកល្បង​បានមួយរយៈ

ព័ត៌មាន
អគារពាណិជ្ជកម្មទំនើបមួយដែលមានឈ្មោះថា EXCHANGE SQUARE កម្ពស់១៦ជាន់ ដែលស្ថិតនៅក្បែរអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ានោះ បានសម្រេចបើកសម្ពោធជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ