Advertisement
តំបន់សក្ដានុពល

ប៉ែកខាងត្បូងរាជធានី​ភ្នំពេញ កំពុងរីកមុខរីកមាត់ ខណៈវិនិយោគិន បោះទុនរកស៊ីកាន់តែច្រើន


ប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកទីក្រុងនៅ​តាម​តំបន់មួយចំនួននៃ​រាជធានី​ភ្នំពេញ បានធ្វើឡើងយ៉ាង​មមាញឹក។ ក្នុងនោះ តំបន់បែកខាង​ត្បូង​ឈៀងខាងលិចរាជធានីភ្នំពេញ ក៏ត្រូវបានគេវាយតម្លៃថា មានសកម្មភាពអភិវឌ្ឍន៍ខ្លាំងក្លាដែរ ដោយរួមមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សកម្មភាព​សាងសង់លំនៅដ្ឋាន បុរី ខុនដូ រោងចក្រ និងក្រុមហ៊ុនជាដើម។
ប៉ែកខាងត្បូងក្រុងភ្នំពេញ កំពុងរីកមុខរីកមាត់ ខណៈវិនិយោគិន បោះទុនរកស៊ីកាន់តែច្រើន
ដោយ
Advertisement

លោក ស្រី ទួន អ្នករស់នៅតំបន់ចម្ការដូង បានប្រាប់ខេមបូណូមីសថា លោកធ្វើការនៅតំបន់ខណ្ឌដង្កោនេះតាំងពីឆ្នាំ២០០០មក ដោយកាលនោះ ទីនេះ វាលស្រែ និងឧស្សាហ៍​មានទឹកលិចផ្លូវនៅពេលភ្លៀងម្តងៗ ប៉ុន្ដែ បច្ចុប្បន្ន ខណ្ឌដង្កោមានការអភិវឌ្ឍលំនៅដ្ឋាន និងមានហេដ្ឋារចនាសម្ព័ន្ធល្អជាងមុន។ 

លោករៀបរាប់យ៉ាងដូច្នេះថា៖«កាលមុន ខែទឹកជន់ លិចផ្លូវថ្នល់ ហើយបុរីពិភពថ្មីចម្ការដូងនេះ ពីមុនសុទ្ធតែជាបឹង និងវាលស្រែ តែបច្ចុប្បន្ន នៅម្តុំនេះ មានសំណង់ផ្ទះច្រើន មិនមែនមានតែបុរីពិភពថ្មីមួយទេ មានបុរីជាច្រើនទៀត មានរោងចក្រកាត់ដេរ និងក្រុមហ៊ុន និយាយរួម វាខុសពីមុនឆ្ងាយ»។

ដូចគ្នាដែរ លោក ស៊ឺន នីត ម្ចាស់ស្ថានីយ៍ប្រេង PTT មង្គល ស្ថិតនៅម្តុំព្រែកកំពឹស បានឲ្យខេមបូណូមីសដឹងថា បន្ទាប់ពីផ្លូវ៦០ម៉ែត្រ បានសាងសង់រួចរាល់ ចលនាប្រជាជន បានសម្រុកមករស់នៅតំបន់នេះ។ អ្នកជំនួញចាស់វស្សានៅក្នុងខណ្ឌដង្កោរូបនេះ បានរៀបរាប់បន្តថា មូលហេតុ ដែលលោកមកបណ្តាក់ទុនរកស៊ីបើក​​ស្ថានីយប្រេងឥទ្ធនៈ និងភោជនីយដ្ឋាននៅភាគខាងត្បូងរាជធានី​ភ្នំពេញ គឺដោយសារតែវាតំបន់​សក្តានុពល​ក្នុងការ​វិនិយោគលើវិស័យចម្រុះ។ 

លោកពន្យល់យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា ទីក្រុងយើងចង្អៀត។ ដូច្នេះ ប្រជាជនបានផ្លាស់ប្តូរមករស់នៅទីនេះច្រើន ខាងមុខហ្គារ៉ាស់សាំងនេះ មានបុរីពិភពថ្មីរាប់ពាន់ខ្នង ខាងឆ្វេងដៃខ្ញុំមានរោងចក្ររបស់ចិនហុងកុងវិនិយោគផលិតឆ័ត្រ ព្រែកកំពឹសនេះ មានតំបន់សេដ្ឋកិច្ចពិសេស មានបុរីសុវណ្ណភូមិ បុរីកាំងម៉េង…»។ 

បើតាមអ្នកជំនួញខាងលើ ក្រៅពីការអភិវឌ្ឍលំនៅដ្ឋាន នៅភាគខាងត្បូងនេះ មានផ្លូវធំៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយមានគម្រោងព្រលានយន្តហោះនៅមិនឆ្ងាយប៉ុន្មានពីទីនេះ ដែលនឹងធ្វើឲ្យទីនេះ ក្លាយជាទីក្រុងរណបដែលមានការវិនិយោគពហុវិស័យនៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។ 

របាយការណ៍នៅត្រីមាសទី១ ឆ្នាំ២០១៨របស់ក្រុមហ៊ុន Vtrust Appraisal សហការជាមួយ Zillennium បានរកឃើញថា តម្លៃដីធ្លីជាមធ្យមប្រចាំឆ្នាំនៅក្នុងខណ្ឌដង្កោពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ បានកើនឡើង ៣៥ភាគរយ។ ហើយរបាយការណ៍នេះ បានកត់ត្រាថា ខណ្ឌដង្កោ មានការផ្គត់ផ្គង់លំនៅដ្ឋានបានចំនួន ១៧.៦៦៤ ​យូនីត ដែលក្នុងនោះ មាន ១១.៣៨៦ យូនីត បានបញ្ចប់ការសាងសង់ជាស្ថាពរ។ បើតាមរបាយការណ៍ដដែល ខណ្ឌដង្កោមានលំនៅដ្ឋាន​ច្រើនលំដាប់ទី៣ បន្ទាប់ពីខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។   

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA អ្នកជំនាញអចលនទ្រព្យ បានអត្ថាធិប្បាយថា ក្នុងចំណោមខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ ខណ្ឌដង្កោ គឺជាភូមិសាស្រ្តសក្តានុពលខ្លាំងសម្រាប់វិនិយោគទុន ដោយសារតែ មានប្រជាជនរស់នៅច្រើន ដីទីទួល និងមានតម្លៃនៅថោក និងបានតភ្ជាប់ផ្លូវក្រវាត់ក្រុង មានច្រកចេញចូលទៅផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣។

លោកឧកញ៉ាពន្យល់យ៉ាងដូច្នេះថា៖ «ខណ្ឌដង្កោ ជាភូមិសាស្រ្តសក្តានុពល ដោយសារតែជាប់ក្រុងតាខ្មៅ ដែលមានរដ្ឋាភិបាលបានដាក់គម្រោងព្រលានយន្តហោះថ្មី ដែលធ្វើឲ្យខណ្ឌដង្កោមានប្រៀបជាងខណ្ឌជាយក្រុងដទៃទៀតបន្តិច។ នៅខណ្ឌដង្កោមានការផ្គត់ផ្គង់បុរីជាច្រើន ដោយសារតែការពង្រីកផ្លូវមានផ្លូវ៦០ម៉ែត្រ និងផ្លូវ៥០ម៉ែត្រ។ មួយវិញទៀត ដង់ស៊ីតេប្រជាជននៅក្នុងខណ្ឌដង្កោ ក៏កើនឡើងផងដែរ»។ 

បើតាមលោកឧកញ៉ា នួន រិទ្ធី ដើមឡើយខណ្ឌដង្កោ គឺជាកន្លែងចាក់សំរាម ប៉ុន្ដែ បច្ចុប្បន្ន ជាវាទីកន្លែងស្រូបអ្នកវិនិយោគពហុវិស័យ ហើយនៅ១០ឆ្នាំខាងមុខទៀត បើកម្ពុជានៅតែរក្សាកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយបានល្អ ខណ្ឌដង្កោនឹងក្លាយជាទីក្រុងភ្នំពេញទី២ជាក់ជាមិនខានឡើយ៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ថា ត្រៀមខ្លួនរួចហើយ ចំពោះរឿងអាមេរិក ដំឡើងពន្ធ ២៥% លើទំនិញចិន ២០០ ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាល ទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់គ្រប់ជ្រុងជ្រោយហើយ ដើម្បីឆ្លើយតបទៅនឹងការប្រកាសដកហូតពន្ធបន្ថែមដល់ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ