អង្ករ​កម្ពុជា-​ទីផ្សារ​អឺរ៉ុប

អង្ករ​ខ្មែរ​លក់​ដាច់​ខ្លាំង​នៅតាម​ផ្សារ​ទំនើប​នៅ​ហ្វាំងឡង់


ជា​ដំណឹង​ល្អ​និង​គួរ​ឲ្យ​រីករាយ​សម្រាប់​កសិករ​ខ្មែរ ជាពិសេស អ្នក​ខេត្ត​ព្រះវិហារ ព្រោះ​ថា អង្ករ​ខេត្ត​ព្រះវិហារ​កំពុង​មាន​ឈ្មោះ​ល្បី​និង​លក់​ដាច់​ខ្លាំង​នៅ​ទីផ្សារ​ប្រទេស​ហ្វាំងឡង់ ដែល​ជា​ទីផ្សារ​ថ្មី​មួយ​ទៀត​នៅ​អឺរ៉ុប។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ឈ្មួញ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស។
អង្ករ​ដែល​វេចខ្ចប់​ដោយ​បិទ​ស្លាក​យីហោ​ខ្មែរ មាន​រូប​ប្រាសាទ​ព្រះវិហារ​ ដោយ​ក្រុមហ៊ុន Amru Rice ឥឡូវ កំពុង​ចរាចរ​លក់​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​ប្រទេស​ហ្វាំងឡង់។
ដោយ

លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​ Amru Rice ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំជាង​គេ​ទាំង​១០ នៅ​កម្ពុជា បាន​ថ្លែង​ប្រាប់​ ខេមបូណូមីស ថា អង្ករ​ខ្មែរ​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ គឺ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​បារាំង ដោយសារ​នៅ​ទីនោះ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅច្រើន ហើយ​ម្យ៉ាង​ទៀត បារាំង​ស្គាល់​អង្ករ​ខ្មែរ​ព្រោះ​ធ្លាប់​ជា​អាណាព្យាបាល​ប្រទេស​កម្ពុជា​កាល​សម័យ​ដើម។ 

ដោយ​ឡែក សម្រាប់​ទីផ្សារ​ប្រទេស​ហ្វាំងឡង់ ក្រុមហ៊ុន​ Amru Rice របស់​លោក ទើប​តែ​បាន​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ទីនោះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ប៉ុន្តែ លោក​​ថា អង្ករ​ខ្មែរ​​ដែល​ក្រុមហ៊ុន​លោក​ផលិត​ពី​ស្រូវ​របស់​កសិករ​នៅ​ខេត្ត​ព្រះវិហារ និង​វេច​ខ្ចប់​បិទស្លាក​យីហោ​សម្គាល់​ជា​ផលិត​ផល​ខ្មែរ កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អតិថិជន​នៅ​ហ្វាំងឡង់។

លោក​ឧកញ៉ា សុង សារ៉ន និយាយ​យ៉ាង​ដូច្នេះ​ថា «កាល​ពី​២ឆ្នាំ​មុន យើង​លក់​បាន​តែ​មួយ​ ឬ​ពីរ​កុង​តឺន័រ​ទេ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ បរិមាណ​យើង​លក់​សព្វ​ថ្ងៃនេះ គឺ​មួយ​ខែ​មួយ​កុងតឺន័រៗ ហើយ​លក់​ទៅ​ឲ្យ​ផ្សារ​ទំនើប គឺ​ជា​រឿង​ល្អ ព្រោះ​មិន​មែន​លក់​តាម​ទីផ្សារ​អាស៊ី​ទេ តែ​តាម​ផ្សារ​អឺរ៉ុប​តែ​ម្ដង អ៊ីចឹង​បាន​ន័យ​ថា ជនជាតិ​អឺរ៉ុប​គេ​គាំទ្រ​ផលិតផល​​កម្ពុជា​យើង»។

លោក​ឧកញ៉ា​ថៅកែ​នាំ​អង្ករ​ចេញ​ដដែល បាន​បន្ត​ទៀត​ថា នៅ​ហ្វាំងឡង់​ កាល​ពី​មុន ហាងទំនិញ (store) នៅ​ហ្វាំងឡង់​មិន​ទាំងហ៊ាន​ទទួល​យក​អង្ករ​ខ្មែរ​យើង​យក​ទៅ​លក់​រាយ​ផង ព្រោះ​គេ​មិន​ស្គាល់ ប៉ុន្តែ ដល់​ពេល​គេ​ស្គាល់ ឥឡូវ​ រីកលឿន​មែនទែន ក្នុង​មួយ​អាទិត្យ​ លក់​អស់​ ៤០០-​៥០០​កញ្ចប់។ ទន្ទឹម​នឹង​តម្រូវការ​កើន​ឡើង​ក្នុង​ប្រទេស​ហ្វាំងឡង់ លោក​ឧកញ៉ា​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Amru Rice នឹង​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស​នៅ​ក្បែរ​ខាង​ហ្វាំងឡង់​​ច្រើន​ថែម​ទៀត។

គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០១៧ ក្រុមហ៊ុន Amru Rice នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ប្រមាណជិត ៣ម៉ឺន​តោន ក្នុង​នោះ​ ២ម៉ឺន​៥​ពាន់​តោន គឺ​នាំ​ចេញ​ទៅ​ប្រទេស​ជិត ២០​ប្រទេស​នៅ​ក្នុង​អឺរ៉ុប។ 

លោក​ឧកញ៉ា សុង សារ៉ន និយាយថា ការ​ផ្សព្វផ្សាយ​លក់​អង្ករ​ខ្មែរ ដោយ​បិទ​ស្លាក​យីហោ​និង​រូប​សម្គាល់​ជា​លក្ខណៈ​ជាតិ​ខ្មែរ​ នៅ​អឺរ៉ុប​នេះ មិន​ត្រឹម​តែ​ជួយ​ដល់​វិស័យ​ចំណី​អាហារ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ ព្រោះថា កាល​ណា​គេ​ស្គាល់​អង្ករ​ខ្មែរ ទទួល​ទាន​អង្ករ​ខ្មែរ គេ​ក៏​អាច​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​ដែរ។

គួររំឭកថា និយាយ​ជា​សរុប​រួម គិតចាប់​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០១៧​​នេះ កម្ពុជា​នាំចេញ​អង្ករ​​បាន​ចំនួន​ជាង​៣៧​ម៉ឺន​តោន ដែល​ក្នុង​នោះ ជា​ប្រភេទ​អង្ករ​ក្រអូប អង្ករ​ស និង​អង្ករ​ចំហុយ។ នេះ​បើ​យោង​តាម​តាម​​របាយការណ៍​​ថ្មី​បំផុត​​មួយ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ៤៨% នេះ គិត​ជា​បរិមាណ​អង្ករ​មាន​រហូត​ដល់​ជិត​២០​ម៉ឺន​តោន ដោយ​ក្នុង​នោះ​ប្រទេស​សំខាន់ៗ​នៃ​សហភាព​អឺរ៉ុប ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​នោះ មាន​ដូចជា បារាំង ប៉ូឡូញ ញ៉ូស័រឡែន ប៊ែលហ្សិក ឆែក អ៊ីតាលី និង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លួច​លុយ​អ្នក​ដំណើរ​លើ​យន្តហោះ ចិន​ម្នាក់​ត្រូវ​ជាប់​គុក​៨ឆ្នាំ!

ព័ត៌មាន
យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ អំពី​ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ពាក់ព័ន្ធ​នឹង​ជើងហោះ​ហើរ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឥឡូវ​នេ…

អ្នក​ផលិត​អំបិល​​កំពត​-កែប​ធ្លាប់​តែ​ត្អូញ​ត្អែរ ប៉ុន្តែ​ឆ្នាំ​នេះ​លែង​ហើយ! តើ​ហេតុ​អ្វី?

ព័ត៌មាន
តំណាង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​ជា​ទីតាំង​ផលិត​អំបិល​តែ​មួយ​គត់​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ទូទាំង​​ប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ