សុវត្ថិភាព​ចំណី​អាហារ-​បន្លែ​គីមី

វេជ្ជបណ្ឌិត​ប្រាប់​វិធី​ពិនិត្យ​បន្លែ​គីមី ខណៈ​អ្នក​ជំនាញ​ថា​បន្លែ​នៅ​កម្ពុជា​៩៩​%​​មាន​គីមី


បន្លែ​គីមី ឬ​គ្មាន​គីមី បាន​ក្លាយ​ប្រធាន​បទ ដែល​សាធារណជន​ជា​ច្រើន​លើក​មក​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ស្តី​បន្ទោស​ពលរដ្ឋ​ថា មិន​បាន​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​មុន​ទិញ​​បន្លែផ្លែ​ឈើ ដោយ​រង់ចាំ​តែ​បន្ទោស​រដ្ឋាភិបាល។ ការ​ថ្លែង​បែប​នេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ ខណៈ​ពលរដ្ឋ​ជា​ទូទៅ​មិន​អាច​មាន​សមត្ថភាព​ពិនិត្យ​លើ​បន្លែ​ត្រី​សាច់​នៅ​ឡើយ។
កម្ពុជា​នាំ​បន្លែ​ចូល​ពី​ប្រទេស​ជិត​ខាង​គិត​ជា​ទឹក​ប្រាក់​ជាង ១៥០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។
ដោយ

តើត្រូវ​ត្រួត​ពិនិត្យ​ដូចម្តេច​ដើម្បី​អាច​ដឹង​ថា បន្លែ​ណា​មាន​ជាតិ​គីមី ឬ​បន្លែ​ណា​គ្មាន​ជាតិ​គីមី?  

មុន​នឹង​ជួប​វេជ្ជបណ្ឌិត​ជំនាញ ខេមបូណូមីស សូម​នាំ​មិត្ត​អ្នកអាន​ធ្វើ​ដំណើរ​ទៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ។ ក្នុង​ភូមិ​ប៉ារ៉ែន ឃុំ​ស្វាយ​ប្រទាល មាន​ពលរដ្ឋ​ស្ទើរ​គ្រប់​ខ្នង​ផ្ទះ កំពុង​មាន​ភាព​មមាញឹក​ដាំ​បន្លែ ដោយ​ស្រ្តី​ខ្លះ​កំពុង​បោច​ស្មៅ​និង​ជ្រួយ​ដី​លើ​រង​ស្ពៃ ខណៈ​បុរស​កំពុង​លើក​រង​ជា​ជួរ ដើម្បី​ដាំ​បន្លែ​ថ្មីៗ​បន្ថែម​ទៀត។   

ភូមិ​នេះ​បាន​ក្លាយ​ជា​ចម្ការ​បន្លែ និង​ក្លាយ​ជា​កន្លែង​ផ្គត់ផ្គង់​បន្លែ​ដ៏​ធំ​មួយ សម្រាប់​ផ្សារ​ដើម​គ និង​ផ្សារ​នាគមាស។

លោក​យាយ ជា ហឿន អាយុ​៦៧​ឆ្នាំ ម្ចាស់​ចម្ការ​បន្លែ​នៅ​ជាប់​ទន្លេ​បាសាក់ បាន​ឲ្យ​ដឹង​ថា រយៈពេល​១​ខែ ទើប​ស្ពៃ​លោកយាយ​ទទួល​បាន​ផល ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ខែ​២​លាន​រៀល។

ជីដូន ជា ហឿន អ្នក​ដាំ​បន្លែ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (រូបភាព៖ សរ ចាន់ណា)

ក្រឡេក​មើល​ទៅ​រង​បន្លែ​លោក​យាយ​វិញ លោក​យាយ​មើល​បណ្តើរ​និង​រៀបរាប់​ពី​វិធី​ដាំ​បន្លែ​ប្រាប់​ ខេមបូណូមីស ថា ក្នុង​មួយ​ខែ លោក​យាយ​ត្រូវ​ទិញ​អាចម៍​គោ ជី និង​​ថ្នំា​គីមី​អស់​ជិត ២០០​ដុល្លារ ដើម្បី​ថែ​រក្សា​បន្លែ​ឲ្យ​​មាន​ទិន្នផល​ខ្ពស់។

ជីដូន ជា ហឿន រៀប​រាប់​ប្រាប់​ថា ៖ «ខ្លះ​គេ​បាញ់​ថ្នាំ​ភ្លាម រួច​កាត់​យក​លក់​តែ​ម្តង តែ​យាយ​អត់​ទេ បាញ់​ថ្នាំ​បាន​បួន​ប្រាំ​ថ្ងៃ ទើប​កាត់​លក់។ អ៊ីចឹង​បាន​ថា អ្នក​ភ្នំពេញ​ស៊ី​មិន​ដូច​អ្នក​ចម្ការ​ទេ អ្នក​ចម្ការ​បើ​បាញ់​ថ្នាំ​អ៊ីចឹង​អត់​​ស៊ី​ទេ ពួក​ខ្ញុំ​មិន​ស៊ី​ទេ។ ពេល​ខ្លះ​ស៊ី​ដែរ ពេល​បាញ់​ថ្នាំ​រួច ទុក​រហូត​ដល់​១០​ថ្ងៃ​អី​នោះ ទើប​ស៊ី»។

ទាក់ទង​នឹង​តម្លៃ​វិញ ជីដូន ជា ហឿន បាន​រៀប​រាប់​ថា តម្លៃ​ស្ពៃ​ចង្កឹះ មួយ​គីឡូក្រាម ជួន​កាល បាន ៥០០​រៀល ឬ ១០០០​រៀល ហើយ​មាន​ពេល​ខ្លះ​ទៀត ក៏​ហក់​ឡើង​រហូត​ដល់ ៤០០០​រៀល​ក៏​មាន​ដែរ។ តម្លៃ​ឡើង​​ចុះ​នេះ ធ្វើ​ឲ្យ​លោក​យាយ ជា ហឿន មាន​អារម្មណ៍​អាក់អន់​ចិត្ត​នៅ​ពេល​បន្លែ​ធ្លាក់​ថ្លៃ ព្រោះ​បន្លែ​វៀតណាម​ដែល​មាន​តម្លៃ​ថោក​ជាង និង​ទុក​បាន​យូរ​ជាង​បន្លែ​ខ្មែរ បាន​វាយ​លុក​ទីផ្សារ​នៅ​កម្ពុជា​ខ្លាំង។  

លោក​យាយ ញិល ប៉េង អ្នក​ដាំ​បន្លែ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (រូបភាព៖ សរ ចាន់ណា)

ងាក​ទៅ​ចាប់​អារម្មណ៍​ជាមួយ​លោក​យាយ ញិល ប៉េង អាយុ ៦៤ឆ្នាំ ដែល​កំពុង​អង្គុយ​បោច​ស្មៅ និង​ជ្រួយ​ដី​លើ​រង​ស្ពៃ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ លោក​យាយ​កាត់​ស្ពៃ​ម្តង​បាន​ចន្លោះ​ពី ៥០០ ទៅ ៩០០​គីឡូក្រាម ​ដែល​មាន​ឈ្មួញ​មក​ដឹក​ដល់​ផ្ទះ​តែ​ម្តង។

លោក​យាយ ញិល ប៉េង បាន​បញ្ជាក់​ច្បាស់ៗ​ថា អ្នកស្រី​ពិត​ជា​ប្រើ​ជី​ច្រើន និង​បាញ់​ថ្នាំ​គីមី ៣​ដង​ក្នុង​មួយ​ខែ ដើម្បី​សម្លាប់​សត្វ​ល្អិត។

លោក​យាយ​មាន​ប្រសាសន៍​ថា ៖ «បើ​អត់​មាន​សត្វ​ល្អិត គឺ​បាញ់​ថ្នាំ​តែ​៣​ដង អាច​កាត់​មួយ​សា​បាន​ហើយ ប៉ុន្តែ ដី​នៅ​ទី​នេះ មាន​សត្វ​ល្អិត​ច្រើន​ណាស់ បើ​អត់​បាញ់​ថ្នាំ គឺ​អត់​បាន​ផល​ទេ»។

ពលរដ្ឋ​ភាគ​ច្រើន​នៅ​ទីនេះ និយម​ដាំ​បន្លែ​ដោយ​ប្រើប្រាស់​ជី​គីមី និង​បាញ់​ថ្នាំ​គីមី​ច្រើន ខណៈ​មាន​គ្រួសារ​តិច​តួច​ប៉ុណ្ណោះ ដែល​យល់​ព្រម​ទទួល​បច្ចេក​ដាំ​ដុះ​បន្លែ​តាម​បែប​ធម្មជាតិ ដោយ​មាន​ភ្នាក់ងារ​អង្គការ​ផ្នែក​​កសិកម្ម​ចុះ​មក​បង្រៀន និង​ទទួល​ទិញ​យក​កសិផល​ក្នុង​តម្លៃ​ថ្លៃ។ ទោះបី​មាន​អ្នក​ជិត​ខាង​បញ្ចុះ​បញ្ចូល​ឲ្យ​ដាំ​បន្លែ​បែប​ធម្មជាតិ​ក៏​ដោយ ក៏​លោក​យាយ ញិល ប៉េង មិន​ចូលរួម​ឡើយ។  

សកម្មភាព​រៀបចំ​ថ្នាល​បន្លែរបស់​កសិករ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (រូបភាព៖ សរ ចាន់ណា)

លោក​យាយ​ប្រាប់​ហេតុផល​ដូច្នេះ​ថា៖ «ដាំ​បែប​ធម្មជាតិ កាត់​ម្តង​តិចៗ កាត់ ១០​គីឡូ​អីវ៉ិន អាហ្នឹង​បាន​តែ​គេ​ដាំ​តិច តែ​ខ្ញុំ​ដាំ​ច្រើន​បួន​ប្រាំរយ​គីឡូ អ៊ីចឹង​បាន​ខ្ញុំ​ខ្ជិល​ធ្វើ គេ​ហៅ​ឲ្យ​ចូល​ដាំ​ធម្មជាតិ​ដែរ តែ​អត់​ចូល​ទេ»។

បន្លែ​គីមី​បាន​ក្លាយ​ជា​ក្តី​បារម្ភ​របស់​អ្នក​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​មាន​និន្នាការ​របស់​កសិករ​ខ្លះ បាន​ងាក​មក​ដាំ​បន្លែ​តាម​គោលការណ៍​ធម្មជាតិ។ អ្នកស្រី លន សុផា អ្នក​ដាំ​បន្លែ​ធម្មជាតិ​នៅ​ភូមិ​ប៉ារ៉ែន បាន​អះអាង​ថា អង្គការ សេដាក បាន​មក​បង្រៀន​ឲ្យ​ចេះ​ធ្វើ​ជី​ទឹក ជី​កំប៉ុស្ត និង​មេ​ជី​ធម្មជាតិ ដោយ​ប្រមូល​ដើម​ទន្ទ្រាន​ខេត្ត និង​ស្លឹក​ឈើ​ចម្រុះ និង​សំណល់​បន្លែ​ជា​ដើម។

អ្នកស្រី​ប្រាប់​បច្ចេកទេស​ដូច​នេះ​ថា៖ «អត់​មាន​ពិបាក​ភ័យ​រឿង​គីមី រឿង​គេ​ផ្សេង​ខ្ញុំ​អត់​ដឹង​ទេ តែ​ខ្ញុំ​ដាំ​អត់​មាន​គីមី​ទេ ខ្ញុំ​ប្រើ​របស់​ខ្លួន​ឯង​ទាំង​អស់ ទោះ​យក​ទៅ​ពិនិត្យ​ដល់​ណា​ក៏​អត់​មាន​គីមី​នោះ​ដែរ»។ 

អ្នកស្រី​បន្ត​ថា ស្ពៃ​ខៀវ​គ្មាន​គីមី មាន​តម្លៃ​មួយ​គីឡូក្រាម ៣០០០​រៀល ខណៈ​ស្ពៃ​ខៀវ​ប្រើ​ជី​និង​ថ្នាំ​គីមី​មាន​តម្លៃ​ត្រឹម​ជាង ១០០០​រៀល​ប៉ុណ្ណោះ។ អ្នកស្រី​បាន​អះអាង​ពី​ភាព​ខុស​គ្នា​ថា បន្លែ​ធម្មជាតិ មាន​តម្លៃ​ស្ថិត​ស្ថេរ ដែល​ខុស​ពី​បន្លែ​ប្រើ​ថ្នាំ​និង​ជី​គីមី មាន​តម្លៃ​ឡើង​ចុះ​តាម​មាត់​ឈ្មួញ។  ក្នុង​មួយ​ខែ អ្នកស្រី លន សុផា ទទួល​ប្រាក់​ចំណូល​ពី ២ ទៅ ៣​លាន​រៀល ពីព្រោះ​អ្នកស្រី​មិន​ចំណាយ​លុយ​ទិញ​ជី​និង​ថ្នាំ​គីមី​ឡើយ។

អ្នកស្រី លន សុផា កសិករ​ដាំ​បន្លែ​សរីរាង្គ នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល។ (រូបភាព៖ សរ ចាន់ណា)

ឈរ​នៅ​ក្បែរ​នោះ​ដែរ លោក ដាំង ឌឿន អាយុ ៣២​ឆ្នាំ អ្នក​ដឹក​បន្លែ​ពី​ភូមិ​នេះ​ទៅ​លក់​នៅ​ផ្សារ​ដើម​គ បាន​និយាយ​ថា៖ «មាន​គេ​ដើរ​ទិញ​បន្លែ​ក្នុង​ភូមិ​ច្រើន ដូច​ដើរ​ហែ​កឋិន​អ៊ីចឹង។ ពេល​ល្ងាច​ម៉ោង​២ ម៉ោង​៣ ខ្ញុំ​ដឹកចេញ​ទៅ​ផ្សារ​ដើម​គ​ហើយ អ្នក​មក​ពី​ខេត្ត​ឡើង​មក​យក​នៅ​ផ្សារ​ដើម​គ​ដែរ​ហ្នឹង បើ​ពួក​ខេត្ត​មក​ទិញ​ច្រើន យើង​លក់​បាន​ថ្លៃ តែ​បើ​អ្នក​ខេត្ត​អត់​សូវ​មក យើង​លក់​បាន​ថោក​អ៊ីចឹង​ទៅ។ ចំណែក អ្នក​ខេត្ត​សៀមរាប គេ​ឡើង​មក​ទិញ​ដល់​ភូមិ​នេះ​តែ​ម្តង គេ​ដឹក​តាម​ឡាន​រាល់​ថ្ងៃ»។

តាម​ពិត​ទៅ បន្លែ​ដែល​បាន​ចរាចរណ៍​ក្នុង​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​នេះ ទាំង​អ្នក​លក់​និង​ទាំង​អ្នក​ទិញ​សុទ្ធតែ​ពិបាក​ពិនិត្យ​រក​ការ​ពិត​ខ្លាំង​ណាស់ ព្រោះ ពួកគេ​មិន​មែន​ជា​អ្នក​ជំនាញ។

អ្នកស្រី លី ចិន្តា អាជីវករ​នៅ​មុខ​រោងចក្រ​មួយ​នៅ​ម្តុំ​អូរ​បែក​ក្អម ក្នុង​ទីក្រុង​ភ្នំពេញ បាន​ផ្តល់​បទ​សម្ភាស​ដល់ ខេមបូណូមីស ថា អ្នកស្រី​មិន​ដឹង​ថា បន្លែ​នោះ​មាន​គីមី ឬ​មិន​មាន​គីមី​នោះ​ទេ ព្រោះ សូម្បី​តែ​អ្នកស្រី ​ក៏​ហូប​បន្លែ​ទាំង​នេះ​ដែរ។

អ្នកស្រី អះអាង​ថា៖ «ខ្ញុំ​ឮ​​តែ​គេ​ថា បន្លែ​គីមី ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា មាន​ឬ​មិន​មាន​នោះ​ទេ តែ​ពេល​ខ្ញុំ​យក​ទៅ​ស្ល ខ្ញុំ​តែង​លាង​ជាមួយ​ទឹក​អំបិល ព្រោះ​ខ្លាច​គីមី​ដែរ»។

នៅក្បែរ​អ្នក​លក់​បន្លែ​រូប​នេះ លោក យ៉ា ឈន អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្បែរ​នោះ ដែល​ជា​ម៉ូយ​ប្រចាំ​របស់​អាជីវករ​ខាង​លើ បាន​និយាយ​ថា៖ «ខ្ញុំ​បារម្ភ​ដែរ ព្រោះ ខ្ញុំ និង​កូន​៤​នាក់​ទៀត ហូប​បន្លែ​ហ្នឹង​រាល់​ថ្ងៃ តែ​ធ្វើ​ម៉េច បើ​យើង​រក​លុយ​បាន​តិច មាន​លុយ​ឯណា​ទិញ​បន្លែ​ធម្មជាតិ​នៅ​ហាង​នោះ ព្រោះ​វា​ថ្លៃ​ណាស់»។  

សកម្មភាព​រៀបចំ​ថ្នាល​បន្លែរបស់​កសិករ​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ (រូបភាព៖ សរ ចាន់ណា)

ទាក់ទង​នឹង​កង្វល់​ពលរដ្ឋ​ជុំវិញ​បន្លែ​មាន​ជាតិ​គីមី​នេះ លោក​វេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធាន​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ បាន​ប្រាប់​វិធីសាស្រ្ត​សា​មញ្ញ និង​ងាយៗ ៤​យ៉ាង ដើម្បី​សង្កេត​បន្លែ​មាន​ជាតិ​គីមី ឬ គ្មាន​ជាតិគីមី។

  1. ទីមួយ គេអាច​សង្កេត​ដោយ​ភ្នែក​ផ្ទាល់​តែម្តង។ គេ​អាច​ប្រៀបធៀប​រវាង​ស្ពៃ​ធម្មជាតិ និង​គីមី ដោយ​សម្គាល់​លើ​ពណ៌។
  2. ទីពីរ គេ​អាច​យក​បន្លែ​មក​ហិត​ក្លិន​បាន។ ឧទាហរណ៍៖ ជី​នាង​វង គេ​អាច​ញី រួច​ហិត​ក្លិន បើ​វា​មាន​ក្លិន​ជី នោះ​វា​ជា​ជី​ធម្មជាតិ ព្រោះ​ជី​ដែល​ដាក់​ជី​គីមី​វា​គ្មាន​ក្លិន​នោះ​ទេ។  
  3. ទីបី គេ​ប្រើ​អណ្តាត​ទំពា​សិន មុន​លេប​ចូល​ក្នុង​ក្រពះ យើង​នឹង​ដឹង​តែ​ម្តង ដោយ​សង្កេត​តាមរយៈ​បទ​ពិសោធន៍​ដែល​យើង​ធ្លាប់​ញ៉ាំ​កន្លង​មក។  
  4. ទីបួន ពេល​ញ៉ាំ​ហើយ គេ​គួរ​សង្កេត​ថា បើ​បន្លែ​គ្មាន​ជាតិ​គីមី នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​កម្លាំង សប្បាយ​ចិត្ត រីករាយ ឬ​ធ្វើការ​បាន​ច្រើន​មិន​សូវ​អស់​កម្លាំង ប៉ុន្តែ បើ​បន្លែ​គីមី ពេល​ញ៉ាំ​ហើយ ធ្វើ​ឲ្យ​ឈឺ​ពោះ រាក និង​មិន​ចង់​ធ្វើ​អ្វី​ជា​ដើម។

ប៉ុន្តែ លោក​​វេជ្ជ​បណ្ឌិត អៀង ធារ៉ា បញ្ជាក់ថា របៀប​សង្កេត​នេះ ថ្វីត្បិត​តែ​ជួយ​បាន​ខ្លះ ប៉ុន្តែ មិន​​ទទួល​បាន​លទ្ធផល​១០០​ភាគរយ​នោះ​ឡើយ ពីព្រោះ មាន​តែ​ការ​ពិសោធន៍​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​​ទេ​ ទើប​មាន​​លទ្ធផល​ច្បាស់​លាស់។

បន្លែ​សរីរាង្គ​មាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​តិច​ជាង​បន្លែ​មិន​សរីរាង្គ​ ហើយ​តម្លៃ​ក៏​ថ្លៃ​ជាង។

តាម​ពិត នៅ​លើ​ទីផ្សារ​កម្ពុជា គេ​ពុំ​ទាន់​ដឹង​ថា បន្លែ​ទាំង​អស់​សុទ្ធតែ​មាន​គីមី ឬ​គ្មាន​គីមី​នោះ​ទេ។ ប៉ុន្តែ កន្លងមក អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែល​មាន​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​បាន​ធ្វើ​សកម្មភាព​ត្រួត​ពិនិត្យ​បន្លែ​ផ្លែ​ឈើ​នៅ​តាម​ទីផ្សារ ដែល​ពេល​ខ្លះ ក៏​រក​ឃើញ​បន្លែ​ផ្លែ​ឈើ​មួយ​ចំនួន​មាន​សារជាតិ​គីមី​ផង​ដែរ។

ទន្ទឹម​នឹង​ក្តី​បារម្ភ​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​មួយ​ចំនួន បាន​ងាក​មក​ពង្រឹង​ការ​លក់​កសិផល​សរីរាង្គ​បែប​ធម្មជាតិ​ផង​ដែរ។

លោក សម វិទូ ប្រធាន​អង្គការ សេដាក បាន​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន ខេមបូណូមីស ថា បច្ចុប្បន្ន អង្គការ​ សេដាក បានបណ្តុះ​បណ្តាល​កសិករ​ជាង​២​ពាន់​គ្រួសារ ឲ្យ​ចេះ​ដាំដុះ​បន្លែ​សរីរាង្គ និង​មាន​ផ្សារ​​សេដាក ៧​កន្លែង​ផ្សេង​គ្នា​នៅ​ភ្នំពេញ ដើម្បី​ប្រមូល​ទិញ​កសិផល​ធម្មជាតិ​ពី​កសិករ និង​ផ្តល់​បន្លែ​ធម្មជាតិ ជូន​ដល់​អ្នក​ប្រើប្រាស់។

លោក សម វិទូ បាន​អះអាង​ថា ទាំង​បន្លែ​ក្នុង​ស្រុក ទាំង​បន្លែ​នាំចូល​ពី​ខាង​ក្រៅ​ប្រទេស ដែល​កំពុង​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ស្ទើរ​តែ ៩៩​ភាគរយ គឺ​មាន​ជាតិ​គីមី។

ការដាំដុះ​បន្លែ​របស់​កសិករ នៅស្រុក​ស្អាង​​ ខេត្ត​កណ្ដាល។ តាមការសាកសួរ កសិករតិច​តួច​ណាស់​ដែល​ដាំ​បន្លែ​សរីរាង្គ។ (រូបភាព៖ សរ ចាន់ណា)

លោក​ស្នើ​​ដល់​រដ្ឋាភិបាល​ថា ៖ «ទីមួយ ក្រសួង​កសិកម្ម គួរតែ​បញ្ជូន​ភ្ជាក់ងារ​របស់​ខ្លួន​ទៅ​បណ្តុះ​បណ្តាល​កសិករ​អំពី​គោលការណ៍​កសិកម្ម​តាម​បែប​ធម្មជាតិ កុំ​ឲ្យ​ពួកគាត់​ប្រើ​សារធាតុ​គីមី បើ​ប្រើ​គីមី ក៏​គួរ​ប្រើ​កុំ​ឲ្យ ហួស​កម្រិត​សុវត្ថិភាព។ ទីពីរ ក្រសួង គួរ​ទប់​ស្កាត់​ការ​នាំចូល​សារធាតុ​គីមី និង​ថ្នាំ​ពុល​ដែល​ច្បាប់​ហាម​ឃាត់ និង​ទីបី កាំកុងត្រូល គួរតែ​ឆែក​រក​បន្លែ​គីមី​ក្នុង​ទីផ្សារ បន្ទាប់​មក ត្រួត​ពិនិត្យ​ជាតិ​ពុល ឬ​គីមី​ក្នុង​បន្លែ​ផ្លែ​ឈើ​នៅ​តាម​ច្រក​ព្រំដែន»។

កន្លងមក មាន​កសិដ្ឋាន​ពីរ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង របស់​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​របស់ វេជ្ជបណ្ឌិត អៀង សុធារ៉ា ដែល​មិន​ត្រឹមតែ​ផ្គត់ផ្គង់​បន្លែ​ធម្មជាតិ​ក្នុង​ស្រុក​នោះ​ទេ ប៉ុន្តែ កសិដ្ឋាន​ធម្មជាតិ​នេះ ក៏​ទទួល​បាន​វិញ្ញា​បន​បត្រ​ចម្ការ​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​ស្តង់ដារ​អឺរ៉ុប​ផងដែរ។

សូម​បញ្ជាក់​ថា កម្ពុជា​នាំចូល​បន្លែ​ពី​បរទេស​ចំនួន ២០០​តោន ទៅ​ជាង ៤០០​តោន​ក្នុង​មួយ​ថ្ងៃ សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ហើយ​បន្លែ​ភាគ​ច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ហើយ​កម្ពុជា​បាន​​ចំណាយ​លុយ​ទិញ​បន្លែ​ពី​ក្រៅ​ប្រទេស​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ 

នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) របស់​លោក ច័ន្ទ សុផល អ្នក​ជំនាញ​​សេដ្ឋកិច្ច​ដ៏​ល្បី​ឈ្មោះ ដែល​បាន​ធ្វើ​ការ​សិក្សា​ទីផ្សារ​បន្លែ​នៅ​ទូទាំង​ប្រទេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សៀ ឫទ្ធី៖ អ្នក​អភិវឌ្ឍ​​វិស័យ​សំណង់​ត្រូវ​គិត​ពី​ចំណត បើ​មិន​ចង់​ឈឺ​ក្បាល​នៅ​ពេល​អនាគត

ព័ត៌មាន
នៅ​រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ ខណៈ​ដែល​វិស័យ​សំណង់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់ៗ អគារ​ខុនដូ អាផាតមិន រីកលូត​លាស់​ខ្លាំង គេ​ឃើញ​មាន​បញ្ហា​ច…

តើ​កម្ពុជា​គួរធ្វើ​អ្វី​ខ្លះ​​​ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ?

ព័ត៌មាន
ថ្មីៗ​នេះ មាន​ការ​ជជែក​​​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក ជុំវិញ​ប្រធាន​បទ​បន្លែ​មាន​ជាតិ​គីមី បន្ទាប់​ពី​នាយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ