ទីផ្សារទិញលក់លំនៅដ្ឋាន

តើសុខភាពទីផ្សារទិញលក់លំនៅដ្ឋានមានការប្រែប្រួលយ៉ាងណា ក្រោយបើកប្រទេសជាង១ខែកន្លងមកនេះ?


គិតមកទល់បច្ចុប្បន្នមានរយៈពេលជាង១ខែហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដើម្បីជួយស្តារជីវភាពប្រជាពលរដ្ឋ និងអាជីវកម្ម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះគេសង្កេតឃើញថា ការធ្វើពាណិជ្ជកម្ម និងការប្រកបអាជីវកម្មផ្សេងៗ ក៏បានវិលមករកភាពល្អប្រសើរឡើងវិញបណ្តើរៗផងដែរ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យ ដែលត្រូវបានអ្នកជំនាញចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់នោះ ក៏មានចរន្តទិញលក់ល្អប្រសើរជាងមុនដែរ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា អះអាង​ថា បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​ចាប់ផ្ដើម​មាន​សម្ទុះ​ងើបឡើង​វិញ​បណ្ដើរ​ៗ​ហើយ ប៉ុន្ដែ​ភាគច្រើន​ជា​អតិថិជន និង​អ្នក​វិនិយោគ​ក្នុងស្រុក​តែ​ប៉ុណ្ណោះ ខណៈ​ទីផ្សារ​ពី​ក្រៅប្រទេស​មិន​ទាន់​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ​។ ដោយឡែក បើ​យើង​មើលទៅ​លើ​ទីផ្សារ​ផ្ទះល្វែង ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​វិញ ក៏​ចាប់ផ្តើម​មាន​ចរន្ត​ទិញ​លក់​ល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ​។

ជុំវិញ​បញ្ហា​ទីផ្សារ​ផ្ទះល្វែង​នេះ លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Pointer បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ទីផ្សារ​ផ្ទះល្វែង​មាន​សន្ទុះ​ងើបឡើង​វិញ​ហើយ បើ​ធៀប​នឹង​ការ​លក់​កាលពី​ពេល​កន្លង​មក​។ ការ​ស្ទុះ​ងើបឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​ចរន្ត​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​មានការ​បើក​ប្រទេស​ឡើង​វិញ​ពី​សំណាក់​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​ទិញ​ផ្ទះល្វែង​។ ការ​សម្របសម្រួល និង​ចេះ​បត់បែន​ឲ្យ​ស្រប​តាម​កាលៈទេសៈ និង​ជីវភាព​របស់​អតិថិជន​ពី​សំណាក់​ម្ចាស់​គម្រោង ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ទីផ្សារ​ផ្ទះល្វែង​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​។

ដោយ​ឡេ​ក លោកស្រី អាន ធីតា អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex កត់សម្គាល់​ឃើញ​ថា ទីផ្សារ​ផ្ទះល្វែង​ហាក់​មានការ​ផ្លាស់​ប្តូរ​នៅ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​និន្នាការ​ប្រើប្រាស់​និង​តម្រូវការ​ផ្ទះល្វែង​ហាក់​ពុំ​សូវ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដូច​ពី​មុន​នោះ​ទេ​។ លោកស្រី​វាយតម្លៃ​ថា ការ​ធ្លាក់​ចុះ​នេះ គឺ​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​រស់នៅ​ពី​ផ្ទះល្វែង​ទៅ​ផ្ទះ​វីឡា និង​ការ​ប្រកប​អាជីវកម្ម​នៅ​តាម​ផ្ទះល្វែង​ទៅ​តាម​ផ្សារ​នានា​ជំនួស​វិញ​។ ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​នេះ គឺ​បន្ទាប់​ពី​ការ​ប្រកប​អាជីវកម្ម​នៅ​តាម​ផ្ទះល្វែង​មិន​មានដំណើរ​ការ​ល្អ និង​មានការ​ប្រកួតប្រជែង​ខ្លាំង ដោយ​ផ្ទុយ​នឹង​អ្វី ដែល​ពួក​គេ​បាន​គិត​កន្លង​មក​ថា ទិញ​ផ្ទះល្វែង​បាន​ទាំង​កន្លង​រស់នៅ និង​កន្លែង​ប្រកប​អាជីវកម្ម​។ 

ពាក់ព័ន្ធ​បញ្ហា​ទីផ្សារ​ផ្ទះល្វែង​នេះ​ដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បែងចែក​តម្លៃ​ផ្ទះល្វែង​ជា​បី​កម្រិត គឺ​កម្រិត​មធ្យម ក្រោម​មធ្យម​និង​លើ​មធ្យម​។ អ្នកជំនាញ​រូប​នេះ​សង្កេត​ឃើញ​ថា ផ្ទះល្វែង​ដែល​មាន​តម្លៃ​មធ្យម និង​ក្រោម​មធ្យម​ហាក់​មាន​ទីផ្សារ​ល្អ​ជាង​ផ្ទះ​ដែល​មាន​តម្លៃ​លើ​មធ្យម ដែល​ភាគច្រើន​គេ​ទិញ ដើម្បី​ទុក​ចំណេញ​។ ប៉ុន្តែ​លោក​អះអាង​ថា មិនមែន​គ្រប់​គម្រោង​ផ្ទះល្វែង​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​នោះ​ទេ ពោល​គឺ​វា​អាស្រ័យ​លើ​ទីតាំង​និង​លក្ខខណ្ឌ​នៃ​ការ​បង់ប្រាក់​របស់​គម្រោង​នីមួយ​ៗ​។

គួរ​ជម្រាប​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុងអំឡុងពេល​មានការ​បិទ​ខ្ទប់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយសារ​អ្នកលក់​និង​អ្នកទិញ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​បាន ដ្បិត​ការ​ទិញ​អចលនទ្រព្យ​ត្រូវ​មើល​ទីតាំង​ជាក់ស្តែង​។ ប៉ុន្តែ​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​បាន​ស្ទុះ​ងើបឡើង​វិញ​បណ្តើរ​ៗ​ហើយ ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​។ អ្នកជំនាញ​រំពឹង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០២២ ជាមួយ​កំណើន​សន្សឹម​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នឹងមានទំហំដល់១០០ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ព័ត៌មាន
របាយការណ៍ថ្មីមួយដែលបានចេញផ្សារកាលពីថ្ងៃអាទិត្យទី២៦ធ្នូនេះ បង្ហាញថា ទំហំសេដ្ឋកិច្ចរបស់ពិភពលោកនឹងកើនលើសពី ១០០ទ្រីលានដុល្លារអាមេរិក ជាលើក…

ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលនៅជុំវិញពិភពលោកចុងសប្ដាហ៍នៃថ្ងៃបុណ្យណូអែល ដោយបារម្ភពីមេរោគអូមីក្រុង

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ឯកជនជុំវិញពិភពលោកបានលុបចោលជើងហោះហើរជាង ៤ពាន់៥រយជើងនៅចុងសប្តាហ៍មុននេះ ដោយសារតែបារម្ភពីរលកកើនឡើងនៃជំងឺកូវីដ១៩ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ