Advertisement
កសិកម្ម​សរីរាង្គ

វៀតណាម​ចាប់ផ្ដើម​សម្លឹងមក​​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា


ស្របពេល​ដែល​ប្រជាជន​កម្ពុជា​ត្អូញត្អែរ​ពី​ការ​គ្មាន​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​របស់​ខ្លួន ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​បាន​ងាក​មក​ចាប់​អារម្មណ៍​លើ​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា សម្រាប់​នាំចូល​ត្រឡប់​​ទៅ​​វិញ និង​បន្ត​ធ្វើការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស ដូចជា​ប៉ែក​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជាដើម។
កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ។ ប្រទេស​វៀតណាម​បង្ហាញ​ការចាប់​អារម្មណ៍​លើ​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា។
ដោយ
Advertisement

នាយក​ប្រតិបត្តិ​អង្គការ សេដាក បាន​លើក​ឡើង​ថា វា​ជា​រឿង​មួយ​ដែល​សម​ហេតុ​ផល ដែល​វៀតណាម​ត្រូវ​ងាក​មក​រក​ទីផ្សារ​ផលិត​នៅ​កម្ពុជា ដោយសារ​ប្រទេស​មួយ​នេះ​ធ្លាប់​បាន​ជាប់​ឈ្មោះ​យ៉ាង​ជោកជាំ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ប្រើប្រាស់​គីមី​ច្រើន​លើ​ការ​ផលិត​កសិកម្ម។

តម្រូវការ​ផលិត​ផល​កសិកម្ម​សរីរាង្គ​នៅ​ប្រទេស​វៀតណាម​កំពុង​ហាក់​មាន​ការ​កើន​ឡើង​ខ្លាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​សរីរាង្គ​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ មាន​រហូត​ដល់​ជាង ៧ម៉ឺន​៦ពាន់​ហិកតា ពោល​គឺ​មាន​កំណើន​ជាង ៣ដង បើ​គិត​តាំង​ពី​ឆ្នាំ​២០១០។ 


👉 គួរអាន ! ពលរដ្ឋ​វៀតណាម​ផ្អើល​ដាំ​បន្លែ​សរីរាង្គ​តាម​គ្រួសារ ព្រោះ​បារម្ភ​ពី​​បន្លែ​មាន​ជាតិ​គីមី


ទន្ទឹម​នឹង​នោះ ទំហំ​នៃ​ការ​នាំចេញ​ផលិត​ផល​កសិកម្ម​សរីរាង្គ​របស់​វៀតណាម ទៅ​ក្រៅ​ប្រទេស ក៏​នៅ​មាន​បរិមាណ​តិច​តួច​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ផលិត​ក្នុង​ស្រុក​កាន់​តែ​ច្រើន ក៏​ដូចជា​ស្វែងរក​ដៃគូ​ខាង​ក្រៅ​ស្រុក​ដើម្បី​ពង្រីក​ផលិតភាព​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​និង​ការ​នាំ​ចេញ។

ការ​ដាំ​ដុះ​​ដំណាំ​សរីរាង្គ​​មិនត្រឹម​តែ​កំពុង​មាន​តម្រូវការ និង​ដាំដុះ​ច្រើន​តែ​នៅ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​កំពុង​អនុវត្ត​ផង​ដែរ។

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ សេដាក បាន​មើល​ឃើញ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ទីតាំង​ភូមិសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​វៀតណាម​ក្នុង​ការ​សហការ​ផលិត​កសិកម្ម​សរីរាង្គ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​វៀតណាម ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​នាំ​ចេញ​បន្ត។ 

លោក​បន្ត​ថា មូលហេតុ​ដែល​ប្រទេស​ភាគ​ខាង​កើត​កម្ពុជា​មួយ​នេះ ជ្រើស​យក​កម្ពុជា​សម្រាប់​ជា​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ ព្រោះ​ប្រទេស​នេះ​ហាក់​កំពុង​មាន​ឈ្មោះ​ជោកជាំ​លើ​ការ​ប្រើប្រាស់​គីមី​ក្នុង​ការ​ផលិត​ដំណាំ ដូច្នេះ ពួកគេ​ចាំបាច់​ត្រូវការ​កម្ពុជា​ដែល​ជា​ទឹកដី​មាន​សក្ដានុពល​សម្រាប់​កសិកម្ម។ 

លោក វិទូ បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​វៀតណាម​ជា​ច្រើន​បាន​និង​កំពុង​សិក្សា​លើ​ការ​វិនិយោគ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា ជាមួយ​អង្គការ​សេដាក ហើយ​កន្លង​មក អង្គការ​សេដាក ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​ក្នុង​ការ​នាំចេញ​អង្ករ​សរីរាង្គ​ទៅ​កាន់​ប្រទេស​វៀតណាម​ផង​ដែរ។ 

Advertisement
បន្លែ​សរីរាង្គ​ទទួល​បាន​ការពេញ​និយម​ពី​អ្នក​បរិភោគ ជាពិសេស អ្នក​រស់នៅ​ភ្នំពេញ។
Advertisement

ដោយឡែក បើ​ពិនិត្យ​ទៅ​លើ​ទីផ្សារ​ជាក់​ស្ដែង​នៅ​កម្ពុជា​វិញ លោក សម វិទូ បាន​គូស​បញ្ជាក់​ថា ទីផ្សារ​បន្លែ​ក៏​ដូចជា​ដំណាំ​សរីរាង្គ​នេះ ហាក់​មាន​ការពេញ​និយម​ទទួល​ទាន​ច្រើន​ពី​អតិថិជន ដ្បិត​ថា​វា​នៅ​មាន​​ការ​ផលិត​តិចតួច តែ​តម្រូវការ​មាន​ច្រើន ពិសេស​គឺ​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ម្ដង។

តាមប្រសាសន៍​នាយក​ប្រតិបត្តិ​អង្គការ សេដាក ដដែល​ រហូត​មក​ទល់​បច្ចុប្បន្ន អង្គការ​អភិវឌ្ឍន៍​កសិកម្ម​មួយ​នេះ មាន​សមាជិក​ដាំ​ដុះ​ដំណាំ​សរីរាង្គ​របស់​ខ្លួន ជាង ២០០​នាក់​ហើយ។ ទោះ​យ៉ាង​ណា លោក​ថា កសិករ​ផលិត​ដំណាំ​សរីរាង្គ​នៅតែ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន ដូចជា បច្ចេក​ទេស​ក្នុង​ការ​ផលិត​មិន​ទាន់​មាន​គ្រប់គ្រាន់ ខ្វះខាត​ជី​ធម្ម​ជាតិ​សម្រាប់​ដាំ​ដុះ ខ្វះ​កម្លាំង​ពលកម្ម ខ្វះ​ប្រព័ន្ធ​ធារា​សាស្ត្រ​ត្រឹម​ត្រូវ និង​បញ្ហា​ទីផ្សារ​ជាដើម។ 

ទន្ទឹម​នឹង​នោះ​ដែរ លោក សម វិទូ ក៏​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យជួយ​ដល់​ការងារ​បច្ចេកទេស​មួយ​ចំនួន​ដល់​កសិករ ដើម្បី​ធានា​បាន​នូវ​គុណភាព​ផលិត និង​តម្លៃ​សមរម្យ ស្រប​ទៅ​តាម​យន្ដការ​ប្រកប​ដោយ​ចីរភាព។ 

គួរ​បញ្ជាក់​ដែរ​ថា ផ្ទៃដី​ដាំដុះ​កសិកម្ម​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ៣​លាន​៥​សែន​ហិកតា ក្នុង​នោះ មាន ២​លាន​៥​សែន​ហិកតា គឺ​ជា​ប្រភេទ​ដី​ស្រែ។ ដោយឡែក​ផ្ទៃ​ដី​ដែល​មាន​ការ​ដាំ​ដុះ​ដំណាំ​សរីរាង្គ​ផ្ទាល់ មិន​ទាន់​មាន​ការ​កត់​ទិន្នន័យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕ 




អត្ថបទបន្ទាប់


គួច ម៉េងលី៖ បើក​សាលារៀន​គឺ​ដូច​គ្រប់គ្រង​កូន​ប្រទេស​តូច​មួយ​អ៊ីចឹង​ដែរ

ព័ត៌មាន
វិស័យ​អប់រំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ហើយ​ក្នុង​នោះ​ដែរ ការងារ​ប្រតិប...

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នឹង​ថមថយ​ចុះ​បី​ឆ្នាំ​ជាប់​គ្នា

ព័ត៌មាន
កំណើន​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​លឿន​​ក្នុង​ទសវត្ស​ចុង​ក្រោយ ហើយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា ក៏​មាន​ចំនួន​ច្រើន​ក្រែល​ដែរ។ ប៉...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ