សុវត្ថិភាព​ចំណី​អាហារ

ពលរដ្ឋ​វៀតណាម​ផ្អើល​ដាំ​បន្លែ​សរីរាង្គ​តាម​គ្រួសារ ព្រោះ​បារម្ភ​ពី​​បន្លែ​មាន​ជាតិ​គីមី


នៅ​ប្រទេស​វៀតណាម​ជិត​ខាង ពលរដ្ឋ​វៀតណាម​នាំ​គ្នា​ផ្អើល​បារម្ភ​រឿង​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ជាពិសេស បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​ដែល​មាន​ផ្ទុក​ជាតិ​គីមី​ប៉ះពាល់​សុខភាព។ ចុះ​ខ្មែរ​យើង​ដែល​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​សន្ធឹក​សន្ធាប់​ពី​វៀតណាម តើ​គួរ​គិត​យ៉ាងណា?
វៀតណាម​នាំ​បន្លែផ្លែ​ឈើ​ចេញ​ទៅ​៦០​ប្រទេស ក្នុង​ទឹក​ប្រាក់​ជាង ២ពាន់ ៤រយ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។ រូបភាព៖ pixabay.com
ដោយ

ពលរដ្ឋ​វៀតណាម​រស់នៅ​ក្នុងទីក្រុង​នាំ​គ្នា​ផ្អើល​ដាំ​បន្លែ​ក្នុង​បំពង់​ផ្លាស្ទិក​នៅ​សំយាប​ផ្ទះ ឬ​នៅ​លើ​ដំបូល​ផ្ទះ ដើម្បី​បាន​បន្លែ​គ្មាន​ជាតិ​គីមី​​គ្រាន់​នឹង​ហូប​ក្នុង​គ្រួសារ។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន Viet Nam News។ 

ទន្ទឹម​នឹង​នេះ សហគមន៍​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាមងាក​ទៅរក​ការ​ដាំ​ដុះ​បន្លែ​បែប​សរីរាង្គ​ផង​ដែរ និង​នាំ​គ្នា​ផ្សព្វផ្សាយ​លើក​កម្ពស់​ការយល់​ដឹង​អំពី​សារសំខាន់​នៃ​បន្លែ​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី។ 

និន្នាការនៃ​ការ​នាំ​គ្នា​ដាំ​បន្លែ​បែប​សរីរាង្គ​នេះ គឺ​បន្ទាប់​ពី​មាន​របាយការណ៍​ជា​ញឹកញយ​អំពី​បញ្ហា​ចំណី​អាហារ​គ្មាន​សុវត្ថិភាព ជាពិសេស បន្លែ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​ជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព។ 

ថ្មីៗ​នេះ របាយការណ៍​របស់​គណៈកម្មាធិការជំនាញ​របស់សភា​វៀតណាម បាន​សិក្សា​អំពី​សុវត្ថិភាព​ចំណី​អាហារ និង​បាន​រក​ឃើញថា ចំណី​អាហារ​គ្មាន​សុវត្ថិភាព ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​កើត​ជំងឺ​មហារីក​កើន​ឡើង។ 

ក្នុង​មួយឆ្នាំៗ កម្ពុជា​នាំ​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​សន្ធឹក​ពី​វៀតណាម​និង​ថៃ។

ប៉ុន្តែ ការរកឃើញ​នៃ​របាយការណ៍​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាមបដិសេធ។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់សារព័ត៌មាន VN Express។ 

របាយការណ៍​ដដែល​បាន​រកឃើញថា ៨,៥%​នៃ​បន្លែ​ផ្លែ​ឈើ​វៀតណាម​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ចន្លោះ​ឆ្នាំ​២០១១ និង​ ២០១៦ មាន​ផ្ទុក​ជាតិ​គីមី​លើស​កម្រិត ហើយ ១៦ភាគរយ​នៃ​កសិដ្ឋាន ៥៧.៤០០​កន្លែង ដែល​ត្រូវបាន​សិក្សា​ បាន​រំលោភ​ច្បាប់​ទាក់ទង​នឹង​ការ​ប្រើ​ថ្នាំ​ពុល​កសិកម្ម និង​ជីរ​កសិកម្ម។ 

ចុះ​ខ្មែរ​យើង​វិញ ដែល​ទទួលទាន​​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​វៀតណាម តើ​គួរ​បារម្ភទេ?

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង ៩៣​ម៉ឺន​តោន ក្នុងនោះ​កម្ពុជា​មាន​សមត្ថភាព​ផលិត​បន្លែ​បាន​ដោយ​ខ្លួន​ឯង​ប្រមាណ​តែ​៤២​ម៉ឺន​តោន ដែល​ចំនួន​នេះ​មិន​អាច​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ទៅនឹង​តម្រូវការ​ចំាបាច់ និង​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ប្រចំា​ថ្ងៃ​នៅ​កម្ពុជា​នោះ​ទេ។

ដូច្នេះ​ហើយ កម្ពុជា​នំាចូល​បន្លែ​ប្រមាណ​ជាង ៥០​ភាគរយ​ពី​ក្រៅ​ប្រទេស ភាគ​ច្រើន​មក​ពី​ប្រទេស​វៀតណាម ថៃ និង​មួយ​ផ្នែក​ទៀត​នាំចូល​មក​ពី​ប្រទេស​ចិន ​ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​ទីផ្សារ​កម្ពុជា៕




អត្ថបទបន្ទាប់


បើ​ចង់​រៀន​នៅ​សាលា​​ល្បី​បំផុត​នៅ​សិង្ហ​បុរី គួរ​ធ្វើ​ដូចម្ដេចខ្លះ?

ព័ត៌មាន
កញ្ញា កែវ គូនីឡា អាយុ ២៩ឆ្នាំ ជា​និស្សិត​​ខ្មែរ​មួយ​រូប​ដែល​បាន​បញ្ចប់​ការសិក្សាថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ ពី​សាលា លី …

២៣ឆ្នាំ​ចុង​ក្រោយនេះ តើ​ខ្មែរ​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន?

ព័ត៌មាន
នៅ​ក្នុង​រយៈ​ពេល ២៣​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​បន្ត​ជំពាក់​បំណុល​បរទេស​កើន​ដល់​ជាង ៨​ពាន់​៣០៩​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ