Advertisement
វិនិយោគ​នៅ​កម្ពុជា

កម្ពុជា​មាន​ចំណុច​ល្អ​​៧​យ៉ាង​សម្រាប់​វិនិយោគិន​​ថៃ​មក​រកស៊ី


ស្ថាប័ន​ជំរុញ​សហគ្រាស​ថៃ ណែនាំ​៧​ចំណុច​ពី​កម្ពុជា ឲ្យ​ពាណិជ្ជករ​ថៃ​បាន​ស្គាល់​ឱកាស​រក​ស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​អ្នក​ជិតខាង​គ្នា​។ គេហទំព័រ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​ប្រទេស​ថៃ បាន​ណែនាំ​ថា ជនជាតិ​ថៃ​ដែល​មាន​បំណង​រក​ស៊ី​បណ្តាក់​ទុន​នៅ​ក្រៅ​ស្រុក គួរ​តែ​ស្គាល់​កម្ពុជា​ឲ្យ​ច្បាស់​សិន​មុន​នឹង​ចូល​មក​រកស៊ី។
ធនាគារ អាយុធ្យា ឬ​ធនាគារ ក្រុង​ស្រ៊ី (Krungsri) ជា​ធនាគារ​ធំ​បំផុត​ទី​៥​នៅ​ប្រទេស​ថៃ។
ដោយ
Advertisement

គេហទំព័រ​ជា​ភាសា​ថៃ​ bangkokbanksme.com បាន​លើក​ឡើង​នូវ​ចំណុច​យុទ្ធសាស្ត្រ​៧​យ៉ាង ដែល​កម្ពុជា​មាន​និង​ដែល​អំណោយ​ផល​សម្រាប់​អ្នក​រក​ស៊ី​មក​ពី​ក្រៅ​ប្រទេស។ ចំណុច​អំណោយ​ផល​ទាំង​ ៧ រួមមានដូច​តទៅ៖ 

១. កន្លែង​​ផ្ដល់​​សេវា​​ដល់​​អ្នក​​វិនិយោគ​ (ច្រក​ចេញចូលតែមួយ) 

ត្រង់​ចំណុច​នេះ គេ​ចង់​លើក​ឡើង​សំដៅ​ទៅ​ស្ថាប័ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ទទួល​ខុស​ត្រូវ​ខាង​ទំនាក់​ទំនង​វិនិយោគ​ពី​ក្រៅ​ប្រទេស។ ថៃ​ក៏​បាន​ណែនាំ​ឲ្យ​អ្នក​រកស៊ី​ចូល​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ តាមរយៈ​សភា​ពាណិជ្ជកម្ម ឬ​ចូល​តាម​រយៈ​ស្ថាប័ន​ជាតិ​របស់​គេ​ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​កើត​ឡើង​ជា​យថា​ហេតុ។

Advertisement

២. សិទ្ធិ​ពិសេស​របស់​អាស៊ាន និង​ប្រទេស​ដៃគូ 

នេះ​ជា​កត្តា​ចម្បង​មួយ​ដែល​កម្ពុជា​បើក​ចំហ។ ភាគី​កម្ពុជា​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​គោល​នយោបាយ​លើក​លែង​ពន្ធ​គយ ដែល​ជា​ប្រការ​មួយ​ចំណេញ​គួរសម​សម្រាប់​សហគ្រិន។ ម្យ៉ាង​ទៀត ពាណិជ្ជករ​ថៃ ក៏​អាច​ជួល​បុគ្គលិក​ថៃ ឬ​អ្នក​ជំនាញ​បរទេស​ដទៃ​ទៀត​ក្នុង​អាស៊ាន​ឲ្យ​ធ្វើការ​នៅ​កម្ពុជា​ដែរ បើ​សិន​ជា​រក​អ្នក​ជំនាញ​ក្នុង​ស្រុក​ខ្មែរ​មិន​បាន ដោយ​ផ្អែក​លើ​ច្បាប់​លំហូរ​ពលកម្ម​សេរី​ក្នុង​តំបន់អាស៊ាន។

៣. ស្ថិរភាព​ផ្នែក​នយោបាយ 

ពិត​មែន​តែ​កម្ពុជា​មាន​ទំនាស់​គ្នា​ញឹក​ញាប់​រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​ក្តី ប៉ុន្តែ ភាគី​ថៃ​នៅ​តែ​ចាត់​ទុក​ថា កម្ពុជា​មាន​ស្ថិរភាព​និង​ជា​កន្លែង​ដែល​ស័ក្តិសម​សម្រាប់​សហគ្រិន​ថៃ។ គេហទំព័រ​​ខាង​លើ​ដដែល​​បញ្ជាក់​ថា រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​និង​ស្ថានភាព​សង្គម​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ទៀត​ផង។

Advertisement
Advertisement

៤. GDP កម្ពុជា​មាន​ការ​កើន​ឡើង​ជា​មធ្យម ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ 

ការ​កើន​ឡើង​នៃ​ប្រាក់​ចំណូល​នេះ​ជា​ចំណុច​ដែល​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​មាន​លទ្ធភាព​ទិញ​ខ្លាំង​ជាង​មុន មាន​លុយ​ចាយ​ច្រើន​​ជាង​​មុន ហើយ​ពាណិជ្ជករ​ថៃ​ក៏​អាច​យក​ឱកាស​នេះ​កើប​លុយ​ពី​ស្រុក​ខ្មែរ​បាន​ដែរ។ 

គេហទំព័រ​នេះ​បាន​លើក​យក​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ព្យាករ​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋ​កិច្ច​ល្អ​យ៉ាង​ហោច​ណាស់ ៣​ឆ្នាំ​ទៅ​មុខ​ទៀត។

៥. វប្បធម៌​និង​សាសនា​ស្រដៀង​នឹង​ស្រុក​ថៃ 

ត្រង់​នេះ​សឹង​តែ​មិន​បាច់​និយាយ ព្រោះ​អ្នក​ស្រុក​ខ្មែរ​និង​អ្នក​ស្រុក​ថៃ​ស្រដៀង​គ្នា តាំង​ពី​ឥរិយាបទ សម្លៀក​បំពាក់ និង​ជា​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​​ដូច​គ្នា​ទៀត។ ប្រពៃណី​ទាំង​អស់​នេះ​ហើយ ដែល​នាំ​ឲ្យ​ខ្មែរ​ចូល​ចិត្ត​ប្រើ​ទំនិញ​ថៃ ចូលចិត្ត​មើល​សិល្បៈ​ថៃ​និង​ស្វាគមន៍​ជន​ជាតិ​ថៃ។

Advertisement

៦. ច្បាប់​ទម្លាប់​ដែល​អំណោយ​ផល​ដល់​ការ​វិនិយោគ 

កម្ពុជា​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ មាន​សភា​ពាណិជ្ជកម្ម​ជួយ​សម្រួល​ដល់​ការ​រក​ស៊ី ហើយ​ក៏​អំណោយ​ផល​ដល់​អ្នក​មាន​លទ្ធភាព​រក​ស៊ី​ដែរ។ ថៃ​បាន​បញ្ជាក់​ប្រាប់​អ្នក​រក​ស៊ី​គេ​ថា ព្រោះ​តែ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មន្ត្រី​មិន​សូវ​ហ៊ាន​ជម្រិត​ទារ​ប្រាក់​ក្រៅ​ផ្លូវ​ការ​ពី​វិនិយោគិន​ក្រៅ​ប្រទេស។ 

ម្យ៉ាង​ទៀត កម្ពុជា​ក៏​មាន​ច្បាប់​អនុគ្រោះ​ដល់​វិនិយោគ ឧទាហរណ៍៖ អាជីវកម្ម​ទើប​បើក​ឆ្នាំ​ដំបូង​មិន​ត្រូវ​បង់​ពន្ធ។ល។

៧. ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Generalized System of Preferences) រវាង​កម្ពុជា​និង​អឺរ៉ុប និង​​​កម្ពុជា​-​អាមេរិក 

ប្រការ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​ចិន កាក់កប​នឹង​មុខ​ជំនួញ​រោងចក្រ​នៅ​កម្ពុជា។ ថៃ​ក៏​បាន​ប្រាប់​ពាណិជ្ជករ​របស់​គេ​ឲ្យ​ពិចារណា​ផលិត​ទំនិញ​នៅ​ស្រុក​ខ្មែរ ហើយ​នាំ​ទៅ​អឺរ៉ុប​និង​អាមេរិក ដោយ​រួច​ពន្ធ​ដែរ។ គេហ​ទំព័រ​ខាង​លើ​ដដែល​ បញ្ជាក់​បន្ថែម​ថា កម្ពុជា​អាច​នាំ​ទំនិញ​គ្រប់​ប្រភេទ​ទៅ​កាន់​អឺរ៉ុប ដោយ​មិន​បង់​ពន្ធ លើកលែង​តែ​អាវុធ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក្នុង​វិស័យ​ធនាគារ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ឆមាស​ទី១

ព័ត៌មាន
ក្នុង​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​ធនាគារ​ធំៗ​ពី​បរទេស​ជា​ច្រើន​បាន​ចូល​មក និង​បាន​សន្យា​​នឹង​ចូល​មក​រកស៊ី​...

មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​លក់​ឲ្យ​អ្នក​ឧកញ៉ា ពុង ឃាវ​សែ បាត់​ទៅ​ហើយ!

ព័ត៌មាន
នៅ​ទី​បំផុត គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហ្វូណន បាន​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​ទាំង​ស្រុង​ទៅ​ឲ្យ ធនាគារ ប្រៃសណីយ៍​កម្ពុជា ដែល​ជា​ធនាគា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ