បច្ចេកវិទ្យា

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​​និង​​អ៊ិនថឹណិត។ អនាគត​ទៅ​ជា​យ៉ាងណា?


សម័យ​ជាង​មួយ​ទសវត្សរ៍​មុន បើ​និយាយ​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន គេ​សំដៅ​ទៅ​លើ​កាសែត​-ទស្សនាវដ្ដី វិទ្យុ និង​ទូរទស្សន៍។ មហាជន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ឧបករណ៍​ទាំង​នេះ សម្រាប់​ទទួល​ដំណឹង​និង​ការ​កម្សាន្ត។ មាន​ន័យ​ថា ទោះ​ចង់​មិន​ចង់ មហាជន​ទទួល​បាន​តែ​អ្វី​ដែល​ឧបករណ៍​ផ្សព្វផ្សាយ​ទាំង​នេះ​ផ្ដល់​ឲ្យ​ប៉ុណ្ណោះ មិន​មាន​ជម្រើស​ផ្សេង​ទេ។
និន្នាការ​នៃ​ការ​ប្រើ​បណ្ដាញ​ព័ត៌មាន​សង្គម​កើន​ឡើង​យ៉ាង​លឿន​នៅ​កម្ពុជា
ដោយ

លុះ​មក​ដល់​សម័យកាល​អ៊ិនថឹណិត មហាជន​មាន​ជម្រើស​ច្រើន​ជាង​មុន​ក្នុង​ការ​ទទួល​ព័ត៌មាន​និង​ការ​កម្សាន្ត។ គេហ​ទំព័រ​អ៊ិនថឹណិត​ធំៗ​នៅ​លើ​ពិភព​លោក ដូចជា Google, YouTube, Facebook និង Snap Chat ជាដើម បាន​បង្កើត​បដិវត្ដន៍​ក្នុង​វិស័យ​ផ្សព្វ​ផ្សាយ ទាំង​របៀប​នៃ​ការ​ផ្សាយ និង​ទាំង​របៀប​នៃ​ការ​ទទួល។ ជាមួយនឹង​អ៊ិនថឹណិត មហាជន (អ្នកប្រើប្រាស់) មាន​ជម្រើស​ច្រើន អាច​ធ្វើ​អ្វីៗ​តាម​ចំណង់​របស់​ខ្លួន លើស​ពី​ការ​គ្រាន់​តែ​ទទួល​ នូវ​អ្វី​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រពៃណី​ធ្លាប់​ផ្ដល់​ឲ្យ។

ខាង​ក្រោម​នេះ​ជា​សង្ខេប​នៃ​ខ្លឹមសារ​លិខិត​របស់​ស្ថាបនិក​គេហទំព័រ buzzfeed.com ដ៏​ល្បី​នៅ​លើ​​ពិភព​លោក ផ្ញើ​ជូន​បុគ្គលិក​នៅ​មុន​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ដែល​និយាយ​អំពី​អ្វី​ដែល​អ៊ិនថឹណិត​បាន​ផ្លាស់​ប្ដូរ​វិស័យ​ផ្សព្វ​ផ្សាយ​លើ​ពិភព​លោក៖ 

ប្រពន្ធផ្សព្វផ្សាយប្រពៃណី

ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ធំៗ​បំផុត ចំណាយ​លុយ​វាល់​លាន​ដុល្លារ​ផលិត​កម្មវិធី​ទូរទស្សន៍ ឬ​កុន ឬ​ទស្សនាវដ្ដី រួច​ហើយ​ជំរុញ​ផ្សព្វ​ផ្សាយ​កម្មវិធី​ទូរទស្សន៍ ឬ​កុន​ដ៏​ថ្លៃ​នេះ តាម​រយៈ​បណ្ដាញ​ចែក​ចាយ​ជា​ច្រើន ហើយ​មហាជន ឬ​អ្នក​ទស្សនា ទទួល​ពិសោធន៍​ដូចៗ​គ្នា។

សម័យទើបមានអ៊ិនថឹណិតដំបូងៗ

បន្ទាប់មក ទើប​មាន​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ឌីជីថល​ដំបូងៗ​គេ​បង្អស់ ដូច​ជា Slate, Salon និង Yahoo និង​ក្រុមហ៊ុន​វីដេអូ ដូចជា Vimeo និង YouTube ដែល​បាន​ប្រើ​អ៊ិនថឹណិត​ជា​ប្រយោជន៍ ដើម្បី ១) ចែក​ចាយ​សម្ភារៈ​ផ្សាយ​លឿន​រហ័ស​ភ្លាមៗ ២) រក្សា​ទុក​សម្ភារៈ​ផ្សព្វ​ផ្សាយ​ទាំង​អស់​នៅ​លើ​អ៊ិនថឹណិត​សម្រាប់​អ្នក​មើល​មក​រក​មើល​ឡើង​វិញ​តាម​តម្រូវ​ការ និង ៣) ចែក​ចាយ​សម្ភារៈ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក​ដោយ​មិន​ចាំបាច់​មាន​ការិយាល័យ​ប្រតិបត្តិការ​នៅ​គ្រប់​ប្រទេស។

នេះ​មាន​ន័យ​ថា អ្នក​ប្រើ​ប្រាស់​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន។ ពួក​គេ​អាច​ទទួល​អ្វី​ដែល​គេ​ចង់​មើល​ចង់​អាន​លឿន​រហ័ស តម្លៃ​ចែក​ផ្សព្វ​ផ្សាយ​ទាប​ជាង​ប្រព័ន្ធ​ព័ត៌មាន​រូប​វន្ត គេ​អាច​ត្រឡប់​ទៅ​មើល​អ្វីៗ​ចាស់ៗ​នៅ​ពេល​ណា​ក៏​បាន និង​តាម​តម្រូវការ ហើយ​សម្ភារៈ​ផ្សាយ​គឺ​មាន​ប្រភព​មក​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភព​លោក។ និយាយ​រួម​ទៅ អ្នក​ប្រើ​ប្រាស់​ទទួល​បាន​អ្វីៗ​ដ៏​ច្រើន​សម្បូរ​បែប លើស​ពី​ត្រឹម​តែ​កម្មវិធី​ទូរទស្សន៍ កាសែត និង​ទស្សនា​វដ្ដី​ដែល​មាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន។

សម័យឌីជីថលបច្ចុប្បន្ន

បន្ទាប់​មកទៀត ក្រុមហ៊ុន​នានា​យល់​ថា ផ្ទុយ​ពី​គ្រាន់​តែ​រុញ​ច្រាន​សម្ភារៈ​ផ្សាយ​ដូច​គ្នា​ទៅ​កាន់​មហាជន​ទូទៅ​តែ​មួយ​មុខ ពួក​គេ​អាច​ដឹង​ថា មហាជន​ប្រើ​ប្រាស់​សម្ភារៈ​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច និង​សិក្សា​អំពី​ចំណង់​ចំណូល​ចិត្ត​របស់​មហាជន។ ការី​និពន្ធ​អាច​ដឹង​ថា រឿង​ធំ​ណា​ខ្លះដែល​គេ​ចុច​មើល អ្នក​ផលិត​វីដេអូ​អាច​ដឹង​ថា វីដេអូ​ណា​ខ្លះ​ដែល​គេ​ចូលចិត្ត​មើល​ច្រើន ។ល។ ដោយ​អ្នក​គ្រប់​គ្នា​អាច​មើល​ឃើញ​មតិ​យោបល់ ប្រតិកម្ម ចូលចិត្ត ឬ​មិន​ចូល​ចិត្ត។ មតិ​ត្រលប់​ទាំង​នេះ​ហើយ ដែល​ជួយ​ឲ្យ​អ្នក​ផលិត​ដឹង​ថា គួរ​ផលិត​អ្វី​បន្ទាប់​ដែល​ទាក់​ទាញ​អ្នក​មើល​កាន់​តែ​ច្រើន។

តួអង្គ​ឌីជីថល​ដំបូងៗ​គេ​ជា​ច្រើន ដូចជា YouTube គិតគូរ​ខ្លាំង​ទៅ​លើ​ទិន្នន័យ ដោយ​បង្កើត​ឧបករណ៍ ឬ​កម្មវិធី​នានា​ដោយ​ផ្អែក​លើ​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់។ Netflix បាន​ប្រកាន់​យក​វិធី​នេះ ដោយ​ផ្ដោត​លើ​ការ​ណែនាំ​ឲ្យ​អ្នក​មើល​មើល​អ្វី​មួយ ដោយ​ផ្អែក​តាម​ទម្លាប់​មើល​របស់​គេ និង​ទិញ​កម្មវិធី និង​ផលិត​កម្មវិធី​ផ្ទាល់​ខ្លួន ដោយ​ផ្អែក​លើ​ទិន្នន័យ​អ្ន​ក​មើល។

YouTube និង Netflix យល់​ច្បាស់​ថា ទិន្នន័យ​អ្នក​មើល និង​ទំនាក់​ទំនង​ទៅ​មក​រវាង​អ្នក​មើល​និង​អ្នក​ផលិត ផ្ដល់​ប្រៀប​ប្រកួត​ប្រជែង​យ៉ាង​សំខាន់។ មតិ​ត្រលប់​បែប​នេះ​មិន​អាច​មាន​ឡើយ សម្រាប់​កាសែត​និង​ទូរទស្សន៍។ នៅ​ចំណុច​នេះ សូម្បី​តែ​គេ​មាន​ទិន្នន័យ​នេះ និង​គេ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​រវាង​អ្នក​មើល​និង​អ្នក​ផលិត​ក្ដី ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​តែ​គិត​ចំពោះ​អ្នក​មើល​ក្នុង​ន័យ​ជា​បណ្ដុំ​បុគ្គល​ដាច់​ដោយ​ឡែកៗ​ពី​គ្នា។ បន្ទាប់​មក ទើប​មាន​បណ្ដាញ​សង្គម​កើត​ឡើង ហើយ​យើង​លែង​ឯកោ​ទៀត​ហើយ !!!

បណ្ដាញព័ត៌មាន​សង្គម

ការ​ផុស​ឡើង​នូវ​បណ្ដាញ​ព័ត៌មាន​សង្គម បាន​ផ្ដួច​ផ្ដើម​នូវ​ចំណុច​ប្រសព្វ​រវាង​សម្ភារៈ​ផ្សព្វ​ផ្សាយ និង​ទំនាក់​ទំនង។ 

គេ​មិន​មែន​ប្រើ​ប្រាស់​សម្ភារៈ​ផ្សព្វ​ផ្សាយ​សម្រាប់​​តែ​គុណ​តម្លៃ​ព័ត៌មាន​ប៉ុណ្ណោះ​ឡើយ សម្ភារៈ​ទាំង​នេះ​បាន​ក្លាយ​ជា​វិធី​មួយ​ដែល​មនុស្ស​ម្នា​ប្រាស្រ័យ​ទាក់​ទង​គ្នា​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

បណ្ដាញ​សង្គម​បាន​បើក​ឲ្យ​មាន​លទ្ធភាព​នៃ​ការ​កសាង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អ្នក​អាន ឬ​អ្នក​មើល។ 

ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​មួយ និង​អតិថិជន​របស់​ខ្លួន នឹង​មិន​អាច​ស្និទ្ធ​ស្នាល ឬ​មាន​អត្ថន័យ​ដូច​ទំនាក់​ទំនង​រវាង​មិត្ត​ភក្ដិ​ពីរ​នាក់ ឬ​សមាជិក​គ្រួសារ​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​អាច​ជួយ​សម្រួល​ឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែ​ស៊ី​ជម្រៅ​ជាង​មុន​ថែម​ទៀត ប្រសិន​បើ​ខ្លួន​អាច​ផលិត​នូវ​សម្ភារៈ​ផ្សព្វ​ផ្សាយ ដែល​អតិថិជន (ឬ​អ្នក​ប្រើ​ប្រាស់) អាច​ប្រើ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន៕

អត្ថបទ​នេះ​ជា​សង្ខេប​នៃ​លិខិត​របស់​ស្ថាបនិក www.buzzfeed.com ដែល​ផ្ញើ​ជូន​បុគ្គលិក​របស់​លោក និង​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ www.recode.net




អត្ថបទបន្ទាប់


ប្រទេស​ណា​ខ្លះ​​ដែល​វិនិយោគ​ធំ​ជាង​គេ​បំផុត​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?

បើ​យើង​ក្រឡេក​មើល​វិស័យ​សំណង់​​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា​សកម្មភាព​សាង​សង់​អគារ​តូច​ធំ​ខ្ពស់​ទាប មាន​ការ​រីក​ដុះ​ដាល​ដូច​ផ្សិត ភាគ​ច្រ…

ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​ខ្មែរ​ជា​នរណា?

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តតីយ​លោក​គឺ​ជា​ក្រុម​ប្រទេស​អ្នក​ក្រីក្រ និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ