ក្រោយករណីបំផ្ទុះគ្រាប់បែកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅខាងក្រៅអាកាសយានដ្ឋានក្រុងកាប៊ុល ដែលបានសម្លាប់ទាហានអាមេរិកអស់ ១៣នាក់ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចេញមុខប្រកាសពីលទ្ធភាពនៃការវាយប្រហារម្តងទៀតពីសំណាក់ក្រុមភេរវករនៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការចេញមុខមកប្រកាសដូចនេះ ធ្វើឡើងស្របពេលដែលបេសសកម្មជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ដែលបាននិងកំពុងធ្វើឡើងអស់ពេល២សប្តាហ៍មកនេះដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានខិតជិតមកដល់ថ្ងៃកំណត់ហើយ។
ប្រទេសមួយចំនួនដោយរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកផងនោះ រួមមានអង់គ្លេស និងតួគីបាននិងកំពុងញាប់ដៃញាប់ជើងជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ខណៈថ្ងៃកំណត់ចុងក្រោយនៃបេសសកម្មគឺ នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣១ខែសីហានេះ។
ក្នុងនោះបើតាមមន្ត្រីយោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការចាកចេញពីទីក្រុងកាប៊ុលហើយ ជាក់ស្តែង កងទ័ពអាមេរិកចំនួនជិត ២ពាន់នាក់ត្រូវបានគេដកចេញពីព្រលានយន្តហោះក្រុងកាប៊ុលរួចហើយ ដោយបច្ចុប្បន្នកងទ័ពអាមេរិកដែលនៅថែរក្សាសុវត្ថិភាព នៅសល់តែ៤ពាន់នាក់ប៉ុណ្ណោះ ធៀបទៅនឹងចំនួន ជិត៦ពាន់នាក់កាលពីសប្តាហ៍មុនៗ។
ដោយឡែក កងទ័ពអង់គ្លេស ត្រូវបានដកចេញរួចរាល់អស់ហើយកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយបានបិទបញ្ចប់បេសសកម្មជម្លៀសមនុស្សជាង១ម៉ឺន៥ពាន់នាក់ពីអាហ្វហ្គានីស្ថាន ក្នុងរយៈពេល២សប្តាហ៍កន្លងមក។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេសប្រាប់សារព័ត៌មានរ៉យទ័រ។
សូមជម្រាបថា ទោះបីបេសសកម្មជម្លៀសមនុស្សនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ហើយទោះបីកងទ័ពអាមេរិកនឹងត្រូវដកចេញអស់ពីអាហ្វហ្គានីស្ថានក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានសច្ចារួចហើយថា នឹងនៅតែបន្តបោសសម្អាត និងតាមសងសឹកលើក្រុមភេរវកម្មដែលបានសម្លាប់ជីវិតយោធាអាមេរិកចំនួន ១៣នាក់កាលពីសប្តាហ៍មុន៕