វិស័យសេដ្ឋកិច្ច​

ក្រសួងសេដ្ឋកិច្ចដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិ ដើម្បីជួយអាជីវកម្មបង្កើតថ្មីៗ និងលើកកម្ពស់សហគ្រិនភាព


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា» ដើម្បីជួយលើកកម្ពស់ និងផ្តល់ការគាំទ្រដល់វិស័យអាជីវកម្មបង្កើតថ្មី ឬហៅថា Start Up និងសហគ្រិនភាពនៅកម្ពុជា ដែលជាវិស័យស្នូលមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា»

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវគោលការណ៍មួយចំនួនផងដែរ ដើម្បីធ្វើជាយន្តការក្នុងការអនុវត្តកម្មវិធីថ្នាក់ជាតិនេះប្រកបដោយប្រសិទ្ធិភាព និងទទួលបានជោគជ័យ។ បន្ថែមលើនេះថ្នាក់ដឹកនាំរំពឹងថា កម្មវិធីនេះនឹងក្លាយជាកិច្ចការមួយដ៏សំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនជាមួយវិបត្តិកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មីផងដែរ។

ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថនៃការរស់នៅ ការប្រកបអាជីវកម្ម និងការធ្វើអាណិជ្ជកម្មនានា ដែលអាចចាត់ទុកជាវិញ្ញាសាសាកល្បងសមត្ថភាព និងភាពបត់បែនរបស់ប្រជាពលរដ្ឋ និងអ្នកជំនួញ ដើម្បីរក្សាស្ថេរភាពរស់នៅ និងដំណើរការអាជីវកម្ម។ ទោះយ៉ាងណា វិញ្ញាសានេះមិនបានបន្ទច់បង្អាក់សកម្មភាពប្រកបអាជីវកម្ម និងការធ្វើពាណិជ្ជកម្មផ្សេងរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឲ្យមានរាំងស្ទះដល់សកម្មភាពណាមួយរបស់រាជរដ្ឋាភិបាលនោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឲ្យដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា» ឬហៅថា Cambodia Startup។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា»ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងសហគ្រិនភាពនៅកម្ពុជា តាមរយៈការផ្តល់យន្តការគាំទ្រ និងសម្របសម្រួលរវាងភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី។ បន្ថែមលើនេះ គឺដើម្បីបង្កើតឲ្យបានបរិស្ថានធ្វើធុរកិច្ចថ្មី ប្រកបដោយភាពរស់រវើក និងមានលក្ខខណ្ឌអំណោយផល សម្រាប់បណ្តុះធុរកិច្ចថ្មីឲ្យជោគជ័យ ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងរួមចំណែកកសាងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

សម្រាប់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ការបង្កើត«ធុរកិច្ចថ្មី» ឬ Startup គឺជានិន្នាការសកល ដែលគេត្រូវបានបង្កើតដើម្បីឆ្លើយតបនឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែលគេអាចបង្កើតជាសេវាកម្ម ឬផលិតផលបម្រើដល់ការរស់នៅរបស់មនុស្សជាតិឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តមសង្កេតឃើញថា វិស័យ Startup មានការរីកដុះដាលខ្លាំងគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។  

ស្របពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ គួបផ្សំកម្ពុជាប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រំពឹងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរមួយកម្រិតទៀត ហើយកម្មវិធីថ្នាក់ជាតិស្តីពី«ធុរកិច្ចថ្មីកម្ពុជា»នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយស្តារ និងជំរុញវិស័យសេដ្ឋកិច្ចកម្មឲ្យមានភាពធន់ក្នុងការរស់នៅជាមួយកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី។

ដើម្បីឲ្យកម្មវិធីថ្នាក់ជាតិដំណើរការទៅប្រកបដោយភាពជោគជ័យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានដាក់ចេញនូវការមួយចំនួនដោយជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមក្នុងការបង្កើតអន្តរសកម្មរវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, គ្រប់តួអង្គពាក់ព័ន្ធត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសហគមន៍ធុរកិច្ចថ្មីកម្ពុជា និងសិស្ស និស្សិត ធុរជន និងនវានុវត្តជនត្រូវពង្រឹងសមត្ថភាពខ្លួនឯកទាំងជំនាញរឹង និងទន់តាមរយៈការរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សា ការស្រាវជ្រាវ កម្មសិក្សា និងការចូលរួមគាំទ្រកម្មវិធីធុរកិច្ចថ្មីៗនានា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនធុរកិច្ចថ្មីប្រកបដោយនវានុវត្ត និងមានឱកាសទទួលបានជោគជ័យខ្ពស់។

លើសពីនេះក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលត្រូវផ្តល់ការគាំទ្រដល់ការបង្កើតធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីតាមវិស័យរៀងៗខ្លួន តាមរយៈការបញ្ជ្រាបការគាំទ្រទៅក្នុងផែនការប្រចាំឆ្នាំ និងការផ្តល់គោលនយោបាយលើកទឹកចិត្តនានា និងគ្រប់តួអង្គពាក់ព័ន្ធត្រូវចូលរួមចែករំលែកទិន្នន័យដែលមានគុណភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីជាដើម៕

None



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមត្រីកម្ពុជា មានក្ដីសង្ឃឹមឡើងថាចំពោះតម្លៃទីផ្សារត្រីប្រា ក្រោយរដ្ឋាភិបាលចិនបើកភ្លើងខៀវឱ្យនាំចូល

ក្រុមអ្នកចិញ្ចឹមត្រី ហាក់កំពុងមានក្ដីសង្ឃឹមឡើងវិញថា តម្លៃត្រីអាចនឹងប្រសើរឡើង នៅក្រោយពេលដែលរដ្ឋាភិបាលចិនថ្មីៗនេះ បានប្រកាសនឹងនាំចូលត្រីប្រាព…

ក្រុមហ៊ុន Ford គ្រោងចំណាយ ៩០០លានដុល្លារ ធ្វើទំនើបកម្មរោងចក្រនៅប្រទេសថៃ

ក្រុមហ៊ុន Ford គ្រោងនឹងបោះទុនវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្តរបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ