ទីផ្សាររថយន្ត

តើការបញ្ចុះពន្ធ ០% លើការនាំចូលរថយន្តពីអាម៉េរិក អាចធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ និងឧស្សាហកម្មដំឡើងរថយន្តនៅកម្ពុជា យ៉ាងណាដែរ?


ការលើកលែងពន្ធ ០% របស់កម្ពុជា លើទំនិញរបស់សហរដ្ឋអាម៉េរិក រួមទាំងរថយន្តផងនោះ បានបង្កការភ្ញាក់ផ្អើល និងការបារម្ភចំពោះទីផ្សារប្រកួតប្រជែងរថយន្តនៅកម្ពុជា ខណៈមកទល់ពេលនេះ មានក្រុមហ៊ុនជាច្រើនកំពុងវិនិយោគដំឡើងរថយន្តសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញនាពេលខាងមុខ។
ទីផ្សាររថយន្ត
ដោយ

ការណ៍នេះ ត្រូវបានអ្នកជំនាញគូសបញ្ជាក់ថា នឹងមិនបង្កផលប៉ះពាល់ដល់ទីផ្សាររថយន្តនៅកម្ពុជា នោះទេ ដោយសាររថយន្តផលិតនៅសហរដ្ឋអាម៉េរិក នៅតែមានថ្លៃដើមខ្ពស់ជាងកម្ពុជា និងម្យ៉ាងទៀត អត្រាពន្ធគយ ០% នេះ សំដៅលើទំនិញមានដើមកំណើតនៅអាម៉េរិក និងមិនមែនជាទំនិញដែលប្រើរួចនោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលើកលែងពន្ធ ០% លើការនាំចូលរថយន្តថ្មីពីសហរដ្ឋអាម៉េរិកនឹងធ្វើឱ្យរថយន្តពីសហរដ្ឋអាម៉េរិក ហូរចូលមកកម្ពុជា កាន់តែច្រើន ប៉ុន្តែនឹងពុំមានផលប៉ះពាល់ដល់រថយន្តដំឡើងនៅក្នុងស្រុកនោះទេ ដោយសារការផលិតនៅសហរដ្ឋអាម៉េរិក មានថ្លៃដើមខ្ពស់ជាងការផលិតនៅកម្ពុជា។ ការណ៍នេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរូបនេះ លើកឡើងថា រថយន្តរបស់សហរដ្ឋអាម៉េរិក នៅតែមានតម្លៃខ្ពស់ និងពុំទាន់អាចប្រកួតប្រជែងជាមួយរថយន្តផលិតនៅក្នុងស្រុកបាននៅឡើយទេ។

​ដោយឡែក ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យល់ឃើញថា ការលើកលែងពន្ធ ០% លើការនាំចូលរថយន្តពីអាម៉េរិក មកកម្ពុជា ពុំមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សាររថយន្តនៅកម្ពុជា នោះទេ ដោយសារតែការយកពន្ធនានាដែលច្បាប់បានកំណត់នៅរក្សាដដែល។ ការណ៍នេះ វានឹងធ្វើឱ្យតម្លៃនាំចូលរថយន្តនៅតែខ្ពស់ជាងតម្លៃរថយន្តដែលផលិតនៅក្នុងស្រុកដដែល ដែលវានឹងធានាបាននូវការប្រកួតប្រជែងសម្រាប់រថយន្តដែលផលិតនៅក្នុងស្រុកផងដែរ។

​ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា អត្រាពន្ធគយ ០% ចំពោះទំនិញពីអាម៉េរិក ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដូចជាទំនិញមានដើមកំណើតនៅអាម៉េរិក ហើយទំនិញនោះនាំចេញពីទឹកដីអាម៉េរិកមកកម្ពុជា និងមិនមែនជាទំនិញដែលប្រើរួច។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តការយន្ធគយ ០% លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៨ ខែសីហា នេះតទៅ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ពន្ធ៥០%របស់អាម៉េរិក កំពុងជាន់កអ្នកផលិតសម្លៀកបំពាក់នៅឥណ្ឌា ខណៈអ្នកបញ្ជាទិញកំពុងសម្លឹងរកទីផ្សារផ្សេង

ការដំឡើងពន្ធរហូតដល់៥០%របស់លោក ដូណាល់ ត្រាំ លើការនាំចូលទំនិញរបស់ប្រទេសឥណ្ឌា បានប៉ះពាល់ជាខ្លាំងដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅប្រទេសអាស…

តើការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលរងការខ្ទេចខ្ទាំដោយសារជម្លោះព្រំដែនអាចវិលមករកដូចដើមវិញទេ?

ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានរងផលប៉ះពាល់យ៉ាងដំណំ ក្រោយបញ្ហាជម្លោះព្រំដែនបានរុញច្រានឱ្យមានការបិទច្រកព្រំដែនគោកទាំងស្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ