ក្រុមហ៊ុនចិនទាំង១៣នេះ ត្រូវបានដាក់ក្នុង “បញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាន” ក្រោយមន្ត្រីផ្នែកនាំចេញរបស់អាម៉េរិកមិនអាចចូលពិនិត្យមើលដល់កន្លែងក្រុមហ៊ុនទាំងនេះ ដើម្បីវាយតម្លៃថា តើពួកគេអាចជឿទុកចិត្តបានឬទេនៅក្នុងការទទួលយកបច្ចេកវិទ្យា និងផលិតផលអាម៉េរិកផ្សេងៗទៀត ខណៈដែលចិនទាមទារឱ្យមានការយល់ព្រមពីក្រសួងពាណិជ្ជកម្មចិនជាមុនសិន។
ក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាម៉េរិក តម្រូវឱ្យមានការប្រយ័ត្នប្រយែងបន្ថែមទៀត មុនពេលបញ្ជូនទំនិញរបស់ពួកគេទៅឱ្យក្រុមហ៊ុនចិន ដែលត្រូវបានចុះក្នុងបញ្ជីដែលស្ថិតក្នុងកម្រិតក្រហមមួយនេះ ហើយប្រហែលជាត្រូវស្នើសុំអាជ្ញាប័ណ្ណបន្ថែមទៀតផង។
ការកំណត់បញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាននេះ គឺជាឧបករណ៍មួយដែលសហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់ដើម្បីទប់ស្កាត់ទំនិញ និងបច្ចេកវិទ្យារបស់អាម៉េរិក ដែលងាយរងគ្រោះ កុំឱ្យធ្លាក់ដល់ដៃក្រុមហ៊ុនទុច្ចរិត។ អាម៉េរិក ក៏បានដាក់វិធានការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើប និងឧបករណ៍ ផលិតបន្ទះឈីបទៅកាន់ប្រទេសចិន ផងដែរ ដើម្បីកុំឱ្យចិន ប្រើបច្ចេកវិទ្យារបស់អាម៉េរិក ក្នុងគោលបំណងធ្វើទំនើបកម្មយោធារបស់ខ្លួន។ ការប្រកួតប្រជែងគ្នាផ្នែកបច្ចេកវិទ្យានេះបានធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំង២។
បន្ទាប់ពីអាម៉េរិក បានប្រកាសដាក់ក្រុមហ៊ុនចិន ទាំងនេះចូលក្នុងបញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបានថ្មីៗនេះ លោក លីវ ផេងយូ (Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អាម៉េរិក បាននិងកំពុងយករឿងគ្រប់យ៉ាងមកធ្វើជាបញ្ហាសន្តិសុខជាតិ ដោយអនុវត្តបែបរើសអើង និងអយុត្តិធម៌ចំពោះក្រុមហ៊ុនចិន យ៉ាងច្បាស់ក្រឡែត និងយកបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មធ្វើជានយោបាយ និងជាអាវុធ ហើយការដាក់បញ្ចូលក្រុមហ៊ុនចិន ចូលក្នុង “បញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាន” ថ្មីៗនេះទៀតសោត គឺជាឧទាហរណ៍មួយផ្សេងទៀត។
គោលនយោបាយរបស់រដ្ឋការប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់ថា ប្រសិនបើរដ្ឋាភិបាលបរទេសណាមួយរារាំងមន្ត្រីអាម៉េរិក មិនឱ្យចូលត្រួតពិនិត្យដល់ទីតាំងរបស់ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាននេះ ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមដំណើរការដាក់បន្ថែមក្រុមហ៊ុនទាំងនោះចូលក្នុង “បញ្ជីអង្គភាព” ដែលត្រូវរឹតត្បិតបន្ថែមទៀត បន្ទាប់ពី៦០ថ្ងៃក្រោយ។
សហរដ្ឋអាម៉េរិក នឹងដកក្រុមហ៊ុនទាំងនេះចេញពីបញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាននេះវិញ បន្ទាប់ពីមន្ត្រីត្រួតពិនិត្យរបស់អាម៉េរិក បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយជោគជ័យរួចហើយ។ ជាក់ស្ដែងសហរដ្ឋអាម៉េរិក បានដកក្រុមហ៊ុនចំនួន៤ចេញពីបញ្ជីអង្គភាពដែលមិនអាចត្រួតពិនិត្យបាននេះវិញកាលពីថ្ងៃទី១៥ ខែធ្នូកន្លមកនេះ៕
អត្ថបទ៖ សុខ ជា