ថាមពលឥន្ធនៈ

តួកគីសន្សំប្រាក់បាន២ពាន់លានដុល្លារពីការទិញប្រេងរុស្ស៊ី ខណៈការនាំចូលកើនឡើង ទោះបីរងទណ្ឌកម្ម


ការគណនាមួយដោយផ្អែកលើទិន្នន័យ LSEG និងការប៉ាន់ប្រមាណរបស់ពាណិជ្ជករបានបង្ហាញថា ប្រទេស និងក្រុមហ៊ុនតួកគីមួយចំនួនសន្សំប្រាក់បានប្រហែល២ពាន់លានដុល្លារលើវិក្កយបត្រថាមពលក្នុងឆ្នាំ២០២៣ តាមរយៈការបង្កើនការនាំចូលប្រេងឆៅ និងប្រេងចម្រាញ់រួចមកពីប្រទេសរុស្ស៊ី ខណៈតួកគី ចង់ទិញប្រេងថែមទៀតពីប្រទេសក្បែរខាងខ្លួនមួយនេះ ទោះជាមានទណ្ឌកម្មពីបស្ចិមលោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ប្រទេសតួកគីបានក្លាយជាប្រទេសនាំចូលថាមពលរបស់រុស្ស៊ីដ៏ធំបំផុតនៅក្នុងអឌ្ឍគោលខាងលិចបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យបណ្តាប្រទេសអឺរ៉ុបបញ្ឈប់ការនាំចូលប្រេង និងឧស្ម័ន​ភាគច្រើនពីរុស្ស៊ី។ ប្រទេសចិន និងឥណ្ឌាបាននាំចូលប្រេងពីរុស្ស៊ីក្នុងបរិមាណច្រើនជាងប្រទេសតួកគី ប៉ុន្តែដោយសារទីក្រុងអង់ការ៉ា ស្ថិតនៅជិតកំពង់ផែរុស្ស៊ីជាងប្រទេសទាំងនេះ ធ្វើឱ្យតួកគីអាចសន្សំប្រាក់បានច្រើនជាងអ្នកទិញផ្សេងទៀត ព្រោះការដឹកជញ្ជូនមានតម្លៃថោកជាង។

ទិន្នន័យ LSEG និងការគណនារបស់រ៉យទ័របានបង្ហាញថា ការនាំចេញប្រេងឆៅ Urals របស់រុស្ស៊ីទៅកាន់ប្រទេសតួកគីបានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់៤០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ (bpd) កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ស្មើនឹង១៤% នៃការនាំចេញប្រេងសរុបរបស់រុស្ស៊ីកាលពីខែមុន។

ប្រភពពាណិជ្ជកម្មមួយចំនួនបាននិយាយថា ការផ្គត់ផ្គង់ប្រេងដល់ប្រទេសតួកគី ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនប្រេងឯកជនរុស្ស៊ី លូកូល (Lukoil) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន SOCAR របស់ប្រទេសអាស៊ែបៃហ្សង់ ដើម្បីចម្រាញ់ប្រេងរហូតដល់២០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃនៅឯរោងចក្រចម្រាញ់ប្រេង Socar STAR របស់ប្រទេសតួកគី។

ក្រៅតែពីការបង្កើនការផ្គត់ផ្គង់ប្រេងឆៅ ប្រទេសតួកគី ក៏បានបង្កើនការនាំចូលប្រេងផ្សេងៗទៀតពីរុស្ស៊ីចំនួន២០០%ផងដែរចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គឺឡើងដល់ប្រហែល២៩ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ ហើយប្រេងទាំងនេះរួមមានប្រេងម៉ាស៊ូត ប្រេងម៉ាស៊ីន និងប្រេងយន្តហោះ និងនាវា។

ទិន្នន័យ LSEG និងក្រុមពាណិជ្ជករបាននិយាយថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំនេះ ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រេងចំនួន១៣លានតោន និងប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រទាបបំផុតជាង៨លានតោនដល់ប្រទេសប្រទេសតួកគី បើប្រៀបធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន គឺមានប្រេងតែជាង៤លានតោន និងប្រេងម៉ាស៊ូតកម្រិតស្ពាន់ធ័រតិចបំផុតជាង៣លានតោន។

ក្រុមពាណិជ្ជករបានឱ្យដឹងថា ប្រទេសតួកគីកំពុងចំណាយប្រាក់ចន្លោះពី២៥ទៅ១៥០ដុល្លារសម្រាប់ប្រេងម៉ាស៊ូតរបស់រុស្ស៊ីចំនួនមួយតោននៅឆ្នាំនេះ ហើយសម្រាប់ប្រេងឆៅមានការបញ្ចុះតម្លៃចន្លោះពី៥ទៅ២០ដុល្លារក្នុងមួយធុងបារ៉ែល។ ការនាំចូលថាមពលដែលមានតម្លៃថោកបានជួយឱ្យទីក្រុងអង់ការ៉ាបន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួន និងកាត់បន្ថយសម្ពាធលើរូបិយបណ្ណរបស់ខ្លួនដែលបានធ្លាក់ចុះ៣០%មកទល់នឹងពេលនេះ។

ទិន្នន័យរបស់ LSEG បានបង្ហាញថា តួកគីក៏បានបង្កើនការនាំចេញប្រេងម៉ាស៊ូតក្នុងរយៈពេលដូចគ្នាក្នុងអត្រា១២០% ពោលគឺឡើងពីជិត៣លានតោនទៅដល់ជាង៦លានតោនក្នុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមសកម្មជន និងអ្នកគាំទ្រអ៊ុយក្រែនជាច្រើននាក់បានចោទតួកគីថា បានជួយរុស្ស៊ីយ៉ាងមានប្រសិទ្ធភាពក្នុងការបញ្ជូនផលិតផលរបស់ខ្លួនទៅកាន់អឺរ៉ុបដោយជៀសផុតពីទណ្ឌកម្ម ប៉ុន្តែប្រទេសតួកគីបានបដិសេធការចោទប្រកាន់នេះ ហើយនិយាយថា ខ្លួនកំពុងនាំចេញឥន្ធនៈដែលចម្រាញ់ចេញពីប្រភេទប្រេងឆៅផ្សេងៗទៀតតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកថា កិច្ចព្រមព្រៀងសន្តិសុខវៀតណាម-ចិន មិនផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាមឡើយ

ព័ត៌មាន
មន្ត្រីអាម៉េរិកមួយរូបបាននិយាយបន្ទាប់ពីជំនួបកំពូលក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម កាលពីសប្តាហ៍មុនថា សហរដ្ឋអា…

សហគ្រិនខ្មែរប្រកាសជ័យលាភីនៃការប្រកួតពានរង្វាន់ ឆ្នាំ២០២៣

ព័ត៌មាន
សហគ្រិនខ្មែរបានប្រកាសជ័យលាភីដែលជាក្រុម និងក្រុមហ៊ុនដែលបានឈ្មះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង៣ប្រភេទប្រចាំឆ្នាំ២០២៣ គឺ៖ ពានរង្វាន់កម្រិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ