ពន្ធដារួម

ប្រទេស១៣០រួមគ្នាព្រមព្រៀងឲ្យមានការយកពន្ធលើក្រុមហ៊ុនអន្តរជាតិធំៗ


ក្រុមប្រទេសចំនួន ១៣០ រួមទាំងប្រទេស G20 កាលពីពេលថ្មីនេះបានព្រមព្រៀងគ្នា ដើម្បីធ្វើកំណែទម្រង់ពន្ធដារសកលលោក ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនអន្តរជាតិធំៗបានបង់ពន្ធដោយស្មើភាពគ្នា នៅតាមប្រទេស ដែលក្រុមហ៊ុនទាំងនោះមានប្រតិបត្តិការ។ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិដែលនឹងត្រូវកំណត់យកពន្ធ តាមរយៈកំណែទម្រង់ថ្មីៗនេះ ត្រូវបានគេមើលឃើញថាមានជិត ៦០%ជាក្រុមហ៊ុនមកពីប្រទេសមហាយក្សចិន និងអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។
រូបតំណាង៖ ប្រទេស ១៣០រួមគ្នាព្រមព្រៀងឲ្យមានការយកពន្ធលើក្រុមហ៊ុនអន្តរជាតិធំៗ - Reuters
ដោយ

ក្រោម​ការ​ជួយ​ជ្រោមជ្រែង និង​ចាត់ចែង​ពី​អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ហៅ​កាត់​ថា OECD (Organisation for Economic Cooperation and Development) ដែល​មា​នទី​តាំងនៅ​ក្នុង​ប្រទេស​បារាំង ប្រទេស​ចំនួន​១៣០ បាន​ព្រម​ព្រមព្រៀង​គ្នា​កាលពី​ស​ប្តា​ហ៍​មុន លើ​ការ​កំណត់​យកពន្ធ​អប្បបរមា​ជាស​កល ចំពោះ​ក្រុមហ៊ុន​អន្តរជាតិ​នានា ដែល​បាន​និង​កំពុង​មាន​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ពិភពលោក​។

ក្រោយ​ការ​ជជែក​ពិភាក្សា​អស់​ពេល​២​ថ្ងៃ រវាង​ប្រទេស​ទាំង​១៣០​ដែល​ដំណាង​ឲ្យ​ជាង ៩០%​នៃ GDP ពិភពលោក និង​មានការ​ជួយ​ជ្រោមជ្រែង​ពី OECD កិច្ចព្រមព្រៀង​គ្នា​ជា​ប្រវត្តិសាស្ត្រ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ហើយ​វា​ជា​លើក​ទី​១​ហើយ ដែល​១៣០​ប្រទេស​នៅ​ក្នុង​ពិភពលោក បាន​ព្រមព្រៀង​គ្នា ឲ្យ​មានការ​កំណត់​អត្រា​ពន្ធដារ រួម​មួយ​លើ​ក្រុមហ៊ុន​អន្តរជាតិ​។

តាម​សេចក្តីថ្លែងការណ៍ របស់​ OECD នៅ​ក្រោយ​ការ​ចរចា​ស្តី​ពី​កំណែទម្រង់​ប្រព័ន្ធ​ពន្ធដារ​ពិភពលោក ក្រុម​ប្រទេស​ទាំង​១៣០​បាន​សម្រេច​លើ​ចំណុច​សំខាន់​ៗ​ចំនួន​ពីរ​។ ទី​១ ក្រុមហ៊ុន​អន្តរជាតិ ត្រូវ​បង់ពន្ធ​អប្បបរមា ១៥% នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​មិន​ថា ពួក​គេ​ធ្វើ​ជំនួញ នៅ​ប្រទេស​ណា​នោះ​ទេ និង​ទី​២ គឺ​ការ​បែងចែក ស្មើភាព​គ្នា​នៃ​សិទ្ធិ​យកពន្ធ​លើ​ក្រុមហ៊ុន​អន្តរជាតិ សម្រាប់​ប្រទេស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ការ​កំណត់​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​អប្បបរមា​របស់​ពិភពលោក​១៥%​ខាងលើ​នេះ អាច​ផ្តល់​ចំណូល​ប្រហែល ១៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត លើ​ចំណូល​ពន្ធ​ពិភពលោក​ជា​រៀង​រាល់​ឆ្នាំ​។

គួរ​កត់​សម្គាល់ថា បើ​តាម​ការ​ស្រាវជ្រាវ និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei មាន​ក្រុមហ៊ុន​ចំនួន ៨១ បាន​ស្ថិត​នៅ​ក្នុង​ការ​កំណត់​យកពន្ធ​នៃ​កំណែទម្រង់​ថ្មី ដូចដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​របស់ OECD ហើយ​ការ​យកពន្ធ​នេះ គឺ​ត្រូវ​បាន​កំណត់​ទៅ​តាម​កម្រិត​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ទាំងនោះ​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៨១ មាន ១១​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ដូច​ជា ក្រុមហ៊ុន​ថេ​ន​សេន (Tencent) និង​ក្រុមហ៊ុន​យក្ស​អា​លី​បា​បា (Alibaba) របស់​មហាសេដ្ឋី​ជេ​ក​ម៉ា​ជាដើម​។ ទន្ទឹម​នឹង​នេះ មាន​៣៥​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក ដូច​ជា​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក (Facebook) ហ្គូ​ហ្គ​ល (Google) អេ​ផល (Apple) និង​អា​ម៉ា​ហ្សូ​ន​(Amazon) ជាដើម​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ អ្នកតំណាង​របស់​ក្រុម​ប្រទេស​ទាំង​១៣០​ត្រូវ​បន្ត​ពិភាក្សា​គ្នា​បន្ថែម​ទៀត​នៅ​ខែតុលា​ខាង​មុខ ដើម្បី​សរសេរ​បិទ​បញ្ចប់​ផ្នែក​បច្ចេកទេស មុន​នឹង​សម្រេច​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ នូវ​វិធានការ​យកពន្ធ​ជា​រួម​នេះ ដែល​ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ផ្តើម​ធ្វើ​ឡើង​នៅ​អំឡុង​ឆ្នាំ ២០២៣៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនធំៗ២បោះទុនវិនិយោគ៤០០លានដុល្លារនៅខេត្តស្វាយរៀង

ក្នុងចំណោមក្រុមហ៊ុនដែលបានបោះទុនវិនិយោគវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០១នេះ មានក្រុមហ៊ុនចិនធំៗចំនួន២ បានបោះទ…

កោះភូកេតរបស់ថៃស្រូបទាញទេសចរបាន ១.៣០០នាក់ ក្រោយបើកបានត្រឹម៣ថ្ងៃ

ក្រោយបើកដំណើរការឡើងវិញបាន៣ថ្ងៃ កោះដ៏មានសក្តានុពលទេសចរណ៍របស់ថៃ គឺកោះភូកេត ស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង ១៣០០នាក់ ស្របពេលដែលអាជ្ញា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ