អំពើពុករលួយ

ប្រទេសថៃ ខាតបង់ថវិកា១៤ពាន់លានដុល្លារក្នុង១ឆ្នាំ ដោយសារអំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នរដ្ឋ


អង្គភាពប្រឆាំងអំពើពុករលួយរបស់ថៃ (ACT) បានទម្លាយរបាយការណ៍ដ៏គួរឱ្យតក់ស្លុតមួយ ដោយរកឃើញថា ប្រទេសថៃ បានខាតបង់ថវិកាជាតិ ប្រមាណ៥០០ពាន់លានបាត ឬប្រមាណ១៤ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារអំពើពុករលួយក្នុងប្រព័ន្ធរាជការ។ វិបត្តិនេះមិនត្រឹមតែបំផ្លាញហិរញ្ញវត្ថុជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខសង្គមរបស់ថៃ ទាំងមូលផងដែរ។
អំពើពុករលួយ
ដោយ

យោងតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងទី២៥ ខែមីនា លោក ម៉ាណា និមិតមង់គុល (Mana Nimitmongkol) អគ្គលេខាធិការអង្គភាពប្រឆាំងអំពើពុករលួតរបស់ថៃ បានលាតត្រដាងថា ការបាត់បង់ទឹកប្រាក់ដ៏មហិមារហូតដល់១៤ពាន់លានដុល្លារដោយសារអំពើពុករលួយនៅថៃ កើតចេញពីទម្រង់ពុករលួយជាច្រើនរាប់ចាប់តាំងពីការសូកប៉ាន់ក្នុងការដេញថ្លៃគម្រោងរដ្ឋ ការប្រើប្រាស់ធនធានសាធារណៈខុសគោលដៅ រហូតដល់ការជំរិតទារប្រាក់ និងការទិញ-លក់មុខតំណែងក្នុងជួររដ្ឋាភិបាល។

អង្គភាពប្រឆាំងអំពើពុករលួយមួយនេះបានបែងចែកទម្រង់នៃមហារីកសង្គមនេះជា៣រូបភាពធំៗរួមមានការកេងប្រវញ្ចថវិការដ្ឋតាមរយៈការរៀបចំលទ្ធកម្មសាធារណៈដែលគ្មានតម្លាភាព, ការបោកប្រាស់ប្រជាពលរដ្ឋតាមរយៈការបង្ខំឱ្យបង់សំណូកខុសច្បាប់ និងការជំរិតទារប្រាក់ពីអាជីវកម្មនានា និងអំពើពុករលួយផ្ទៃក្នុងតាមរយៈការប្រើប្រាស់ខ្សែរយៈ ដើម្បីទិញ-លក់តួនាទីមន្ត្រីរាជការ ដែលបំផ្លាញប្រព័ន្ធរដ្ឋបាលជាតិ។

របាយការណ៍ដដែលបានសង្កត់ធ្ងន់ថា ផលវិបាក នៃអំពើពុករលួយបានធ្វើឱ្យតម្លៃដើម នៃអាជីវកម្មកើនឡើងខ្ពស់បំផ្លាញទំនុកចិត្តរបស់វិនិយោគិនបរទេស និងបង្កើតឱ្យមានភាពអយុត្តិធម៌ក្នុងទីផ្សារសេរី។ លើសពីនេះ វាក៏បានទម្លាក់បន្ទុកយ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋតាមរយៈ​សេវាកម្មរដ្ឋបាល ដែលគ្មានគុណភាព និងការប្រើប្រាស់ប្រាក់ពន្ធរបស់ពលរដ្ឋយ៉ាងខ្ជះខ្ជាយ​។

ទោះបីជាមានការព្យាយាមកែទម្រង់ប្រព័ន្ធរដ្ឋបាលជាច្រើនលើកច្រើនសារក៏ដោយ ប៉ុន្តែអ្នកជំនាញនៅតែព្រមានថា ដរាបណាអំពើពុករលួយនៅតែចាក់ឫសយ៉ាងជ្រៅក្នុងផ្នត់គំនិតមន្ត្រីរាជការថៃ វានឹងបន្តក្លាយជាឧបសគ្គដ៏ធំបំផុត ដែលរារាំងអភិបាលកិច្ចល្អ និងបំផ្លាញប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយគ្មានថ្ងៃងើបរួចឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង បញ្ចេញកញ្ចប់ថវិកាជិត១៧ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងរលកអតិផរណា និងវិបត្តិតម្លៃប្រេងហក់ឡើងខ្ពស់

រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបញ្ចេញកញ្ចប់ថវិកាជួយសង្គ្រោះបន្ទាន់ក្នុងស្ថានភាពសង្គ្រាមជិត១៧ពាន់លានដុល្លារ ដើម្បីកាត់បន្ថយសម្ពាធពន្ធលើប្រេងឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ