ការស្រាវជ្រាវរបស់ក្រុមអ្នកវិភាគ Resolution Foundation បានបង្ហាញថា មនុស្សដែលមានអាយុខ្ទង់២០ឆ្នាំស្ដើងដែលមានបញ្ហាសុខភាពផ្លូវចិត្តប្រហែលជាមិនអាចទទួលបានការអប់រំប្រកបដោយស្ថិរភាពបានឡើយ ហើយទីបំផុតពួកគេអាចនឹងគ្មានការងារធ្វើ ឬក៏មានការងារធ្វើ ប៉ុន្តែបានប្រាក់ខែទាប។
បើយោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អត្រា៣៤%នៃមនុស្សដែលមានអាយុពី១៨ ទៅ២៤ឆ្នាំ បានរាយការណ៍ពីរោគសញ្ញានៃជំងឺផ្លូវចិត្តដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ឬជំងឺបាយប៉ូឡា (bipolar)នៅឆ្នាំ២០២១-២០២២។ នេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់លើតួលេខនៅឆ្នាំ២០០០ ដែលមានអត្រា២៤% ដោយស្ត្រីវ័យក្មេងទំនងជារងផលប៉ះពាល់អវិជ្ជមានច្រើនជាងបើធៀបនឹងបុរសវ័យក្មេង។
លោកស្រី ល្វីស មឺហ្វ៊ី (Louise Murphy) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមអ្នកវិភាគ Resolution Foundation បាននិយាយថា ការយកចិត្តទុកដាក់លើបញ្ហានេះមានទំនោរផ្តោតលើការអប់រំខ្ពស់ ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភបំផុតនោះ គឺនៅពេលបញ្ហាសុខភាពផ្លូវចិត្តមិនល្អគួបផ្សំនឹង លទ្ធផលនៃការអប់រំមិនល្អ។ ផលវិបាកផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីសុខភាពផ្លូវចិត្តមិនល្អ គឺជះផលខ្លាំងបំផុតសម្រាប់មនុស្សវ័យក្មេង ដែលមិនបានរៀននៅសកលវិទ្យាល័យ ដោយក្នុងនោះ១ក្នុងចំណោម៣នាក់ដែលមានជំងឺផ្លូវចិត្ត និងមិនបានរៀននៅមហាវិទ្យាល័យ ជាទូទៅបច្ចុប្បន្នគ្មានការងារធ្វើ។
លោកស្រីបានបន្ថែមថា ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្តនេះ ពួកគេត្រូវការសេវាគាំទ្រប្រសើរជាងមុននៅតាមមហាវិទ្យាល័យ ដែលមិនទាន់ទទួលបានសេវាបែបនោះ និងការផ្តល់ ឱកាសកាន់តែប្រសើរជាងមុនដល់អ្នក ដែលត្រូវប្រឡងម្ដងទៀតដើម្បីឱ្យពួកគេអាចមានគុណ វុឌ្ឍិសម្រាប់ការងាររបស់ពួកគេ៕
អត្ថបទ៖ សុខ ជា