លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣ ថា ភ្ញៀវទេសចរជនជាតិចិនប្រមាណជា ៤ លាននាក់នឹងមកកាន់ប្រទេសនៃតំបន់ទន្លេមេគង្គរួមមាន ថៃ កម្ពុជា វៀតណាម និង ឡាវ។
លោកបានបញ្ជាក់ថា នៅក្រោយពេលដែលចិនរំសាយគោលការណ៍រឹតត្បិតប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ប្រទេសថៃ កម្ពុជា ឡាវ និង វៀតណាម គឺបានក្លាយទៅជាគោលដៅសាកល្បង នៃការបើកចំហរដល់ពលរដ្ឋចិនធ្វើដំណើរទេសចរក្រៅប្រទេសដំបូងគេមួយ ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ថា នៅក្នុងខែមករា នៃឆ្នាំ២០២៣ភ្ញៀវទេសចរចិនបានធ្វើដំណើរ ៤០ម៉ឺនដងទៅកាន់ប្រទេសវៀតណាម និង ឡាវ ហើយ ប្រមាណជា ១០ម៉ឺនដង បានធ្វើដំណើរទៅកាន់ប្រទសថៃ និង ២ម៉ឺន៤ពាន់ដងមកកាន់ប្រទេសកម្ពុជា ។
លោក Wang Wenbin បានបន្តទៀតថា ក្រៅពីវិស័យទេសចរណ៍ ចិនក៏មានគម្រោងនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូនជាច្រើនទៀតជាមួយនឹងប្រទេសទាំងនេះនៅក្រោមក្រមខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ ។
លោកបានបញ្ជាក់ថា ជាក់ស្តែងក្រោយពេលដែលចិន និង ឡាវ ប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវដែកល្បឿនលឿនរួមគ្នាមក សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញកំពុងតែមានសន្ទុះកើនឡើង ហើយនៅពេលនេះ ចិន និង ថៃ ក៏មានចក្ខុវិស័យជំរុញកិច្ចសហប្រតិបត្តិការតាមច្រកនេះថែមទៀត ខណៈដែលគម្រោងតភ្ជាប់នេះកំពុងតែមានការរីកចម្រើន ។
លោកបានឲ្យដឹងថា នៅឆ្នាំ ២០២២ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គ មានតម្លៃប្រមាណជាង ៤១៦ ពាន់លានដុល្លារ កើនឡើង ៥% ធៀបនឹងឆ្នាំ២០២១ ហើយ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ទីផ្សារទំនិញកសិកម្មពីប្រទេសនៅតំបន់មេគង្គចូលមកចិន គឺមានសន្ទុះកើនឡើងដល់ទៅ ២២% ៕
អត្ថបទ ៖ សរ សុជាតិ