ស្រីលង្កាប្រកាសដំណើរស្ដារប្រទេសជាថ្មី

ប្រធានាធិបតីស្រីលង្កាប្រកាសដំណើរស្ដារប្រទេសជាថ្មី ក្រោយទទួលបានកញ្ចប់ថវិកាជិត៣ពាន់លានដុល្លារពី IMF


ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វិចក្រេម៉េស៊ីងហ្គេ (Ranil Wickremesinghe) កាលពីថ្ងៃពុធទី២២មីនា បានប្រាប់សភាថា ប្រទេសនេះកំពុង «ចាប់ផ្តើមនូវដំណើរថ្មីមួយ» បន្ទាប់ពីទទួលបានថវិកាជួយសង្គ្រោះចំនួនជិត ៣ ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបានប្តេជ្ញាចិត្តនឹងជំរុញឱ្យធ្វើកំណែទម្រង់ និងដោះស្រាយអំពើពុករលួយនៅក្នុងប្រទេស ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងជាប់ផុងពីវិបត្តិឲ្យមានការស្ទុះងើបឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ប្រធានាធិបតីស្រីលង្កាប្រកាសដំណើរស្ដារប្រទេសជាថ្មី ក្រោយទទួលបានកញ្ចប់ថវិកាជិត៣ពាន់លានដុល្លារពី IMF រូបភាព CNN

ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល បាននិយាយនៅក្នុងសុន្ទរកថាមួយថា កញ្ចប់ថវិកាសង្គ្រោះពីមូលនិធិ IMF នេះនឹង «ស្តារការទទួលស្គាល់ជាអន្តរជាតិចំពោះស្រីលង្កាឡើងវិញ និងធានាថាប្រទេសនេះមិនក្ស័យធន ព្រមទាំងជួយធនាគារទទួលបានការទទួលស្គាល់ជាអន្តរជាតិឡើងវិញផងដែរ»។ លើសពីនេះ វានឹងបង្កើតឱកាសសម្រាប់ឥណទានការប្រាក់ទាប ស្តារទំនុកចិត្តរបស់អ្នកវិនិយោគបរទេស និងជាមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ចថ្មីដ៏រឹងមាំ។

ប្រធានាធិបតីស្រីលង្កាដដែលនេះបាននិយាយថា មកដល់ពេលនេះប្រទេសស្រីលង្កាបានទទួលកញ្ចប់ថវិកាសង្គ្រោះលើកដំបូងប្រហែល ៣៣០ លានដុល្លារអាមេរិករួចហើយពី IMF នៃកញ្ចប់ថវិកាសរុបជិត ៣ពាន់លានដុល្លារ។

ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលមូលនិធិ IMF ដែលបានអនុម័តថវិកាសង្គ្រោះកាលពីថ្ងៃចន្ទ ទី២០ ខែមីនានៅទីក្រុងវ៉ាស៊ីនតោននេះ បានធ្វើឡើងក្រោយពីមានការចរចាដ៏តឹងតែងជាច្រើនខែរវាងស្រីលង្កា និងម្ចាស់បំណុលរបស់ខ្លួនជាពិសេសប្រទេសចិនតែម្ដង នៅចំពេលប្រទេសនេះ បានជួបនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណែតពីសហរដ្ឋអាមេរិកលោក Peter Breuer ប្រធានបេសកកម្មជាន់ខ្ពស់របស់មូលនិធិ IMF ប្រចាំស្រីលង្កា លើកឡើងថា ភ្លើងខៀវនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយវិបត្តិរបស់ប្រទេសស្រីលង្កា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក បេនឌូឡា ហ្គូណាវ៉ាដេណា (Bandula Gunawardena) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡុំបូកាលពីថ្ងៃអង្គារថា នៅពេលដែលប្រធានាធិបតីបានជូនដំណឹងទៅ គណៈរដ្ឋមន្ត្រីអំពីការសម្រេចចិត្តរបស់មូលនិធិ IMF ផ្ដល់ថវិកានេះហើយ ពួកគេមានអារម្មណ៍រីករាយដូចពេលដែលកងទ័ពបានឈ្នះសង្គ្រាមស៊ីវិលក្នុងឆ្នាំ២០០៩អ៊ីចឹង។

លោក រ៉ាលីន សង្ឃឹមថា ប្រជាជាតិមួយនេះ នឹងអាចទទួលបានថវិកាសង្គ្រោះចំនួន ៧ ពាន់លានដុល្លារបន្ថែមទៀតពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងពហុភាគីផ្សេងទៀតផងដែរ ក្រៅតែថវិកាពី IMF៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ភ្ញៀវទេសចរចិន ៤លាននាក់ នឹងធ្វើដំណើរមកកាន់ប្រទេសនៃតំបន់មេគង្គចំនួន៤រួមទាំងកម្ពុជា

ព័ត៌មាន
អ្នកការទូតជាន់ខ្ពស់ចិនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា ក្រោយពេលដែលចិនបើកព្រំដែនប្រទេសឡើងវិញ នៅក្នុងឆ្នាំ២០២៣ នេះ រដ្ឋាភិបាលចិនរំពឹងថា នឹ…

ប្រទេសចិននៅតែមានមហាសេដ្ឋីច្រើនជាងគេ ទោះចំនួនមហាសេដ្ឋីកំពុងធ្លាក់ចុះក្ដី

ព័ត៌មាន
បើយោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រទេសចិនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតកាលពីឆ្នាំមុន ទោះជាមហាសេដ្ឋីន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ