កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាគោល


របៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅសប្ដាហ៍នេះ គឺមានច្រើន ប៉ុន្តែ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទំនងជានឹងក្លាយជារបៀបវារៈស្នូល នៃជំនួបកំពូលលើកទី៤៣ នៅហ្សាកាតាឆ្នាំ២០២៣ នេះ ខណៈតាមការព្យាករណ៍ស្ថានភាពវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម័យថ្មី ដែលហៅថា សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ អាចមានវិសាលភាពធំទូលាយ ពោលគឺអាចដល់ទៅ ៣៣០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ខាងមុខ ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជារបៀបវារៈសំខាន់របស់មេដឹកនាំអាស៊ាន

លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi ) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានអះអាងថា កិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំឡើងពីថ្ងៃទី៥ ដល់ ៧ ខែ កញ្ញា នឹងមានការចូលរួមពីមេដឹកនាំប្រទេស ២២ រូប និងអង្គការអន្តរជាតិចំនួន៩។ ទោះយ៉ាងណា អំពីរបៀបវារៈនៃកិច្ចប្រជុំ លោកស្រីមិនបានបញ្ចាក់លំអិតនៅឡើយទេ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចបានជឿជាក់ថា ខ្លឹមសាររួមគឺទំនង ជាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រៅពីនោះ វាអាចមានបញ្ហាផ្សេងៗ ដោយរួមទាំងបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ាជាដើម ។
លោក អាហ្សេត រ៉ាជីត ( Arsjad Rasjid) ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានបានត្រូវទីភ្នាក់ងារសារព័ត៌មាន Antara ដកស្រង់សំដីថា ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាសរសៃឈាមជីវិត នៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន នឹងក្លាយជាប្រធានបទដ៏សំខាន់នៃជំនួបមេដឹកនាំកំពូលរបស់តំបន់នៅសប្តាហ៍ក្រោយនេះ ។
លោក បានថ្លែងនៅពេលបើកវេទិកាវិនិយោគអាស៊ានឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នាពេលខាងមុខថា អាស៊ានត្រូវតែដឹងពីថាមពល និងសក្តានុពលវិនិយោគ ដែលខ្លួនត្រូវតែពង្រឹងជំហរ ហើយប្រែក្លាយអាស៊ាន ជាឋានសួគ៌នៃការវិនិយោគពិភពលោក។

លោកបានកត់សម្គាល់ថា តំបន់អាស៊ានមានសក្តានុពល និងឱកាសខ្ពស់ ជាពិសេស គឺ វិស័យកសិកម្ម និងស្បៀង សេដ្ឋកិច្ចឌីជីថល សុខភាពឯកជន និងសាធារណៈ ឧស្សាហកម្មរថយន្ត អគ្គិសនី និង ទីផ្សារកាបូន ជាដើម។
កាលពីឆ្នាំ២០១០ការវិនិយោគផ្ទាល់ពីបរទេសក្នុងតំបន់អាស៊ាន មានត្រឹមតែប្រហែល ២៣ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្ដែវាកើនដល់លើសពី ៤៧ពាន់លានដុល្លាររួចហើយកាលពីឆ្នាំ២០២១។ ដោយឡែក បើនិយាយអំពីសក្តានុពលនៃទីផ្សារសេដ្ឋកិច្ចឌីជីថល ដែលជាសេដ្ឋកិច្ចបែបថ្មីវិញ សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានឈានដល់ តម្លៃរហូតដល់ ១៩៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ខាងមុខ។
ជុំវិញសក្តានុពលនៃសេដ្ឋកិច្ចរបស់តំបន់នេះ លោកស្រី រ៉េតណូ បានលើកឡើងថា ជាការពិត យើងចង់ឱ្យអាស៊ីអាគ្នេយ៍នៅតែជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច ។
លោកស្រីបានលើកឡើងថា តាមយន្តការនៃការរៀបចំវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិកគម្រោង មួយដែលមានតម្លៃរហូតដល់ទៅ ១២០ ពាន់លានដុល្លារអាចនឹងត្រូវដាក់ចេញ ដោយមេដឹកនាំ របស់តំបន់នៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះ។ ក្រៅពីនេះមេដឹកនាំអាស៊ាន អាចនឹងរិះគិតនូវ គម្រោងចំនួន ៩៣ គម្រោងផ្សេងទៀត ដែលមានតម្លៃសរុប ៣៨ ពាន់លានដុល្លារ ដើម្បីដាក់ចេញសម្រាប់ជំរុញ និងប្រែក្លាយតំបន់ទៅជាតំបន់ដ៏ទាក់ទាញមួយសម្រាប់ពិភពលោក ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយចុះចតនៅឋានព្រះចន្ទ ឥណ្ឌាបានបាញ់រ៉ុក្កែតមួយទៀត ដោយជោគជ័យ ដើម្បីទៅសិក្សាពីប្រព័ន្ធព្រះអាទិត្យ

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងឆាប់រហ័សនៃការចុះចតនៅឋានព្រះច័ន្ទរបស់ឥណ្ឌា ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបាញ់បង្ហោះរ៉ុក្កែតមួយទៀតកាលពីថ្ង…

រុស្ស៊ីផ្តើមដាក់ពង្រាយមីស៊ីលអន្តរទ្វីបដ៏មានឥទ្ធិពលរបស់ខ្លួនហើយ ដើម្បីដាស់តឿនឲ្យគូសត្រូវ គិតឡើងវិញ មុនធ្វើអ្វីមួយ

ប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយមីស៊ីលអន្តរទ្វីបកម្រិតខ្ពស់មួយប្រភេទ ឱ្យត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ