បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ថៃ ជាប្រជាជាតិ៤ នៅអាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងចំណោមប្រទេសដៃគូថ្មីទាំង១៣ របស់ BRICS បើទោះបីជាប្រទេសទាំងនេះមិនទាន់ក្លាយជាសមាជិកពេញលេញរបស់ប្លុកនេះក៏ដោយ។ ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសទាំង៤នេះ ទំនងជាចង់ធ្វើពិពិធកម្មពាណិជ្ជកម្ម និងទំនាក់ទំនងបរទេស បើទោះបីជាក្រុមប្រទេសដែលសេដ្ឋកិច្ចកំពុងរីកចម្រើនទាំងនេះ ត្រូវបានគេមើលឃើញថា ជាការប្រឆាំងទៅនឹងលោកខាងលិចក៏ដោយចុះ។
ក្រៅពីប្រទេសទាំង៤ នេះ ប្រទេសចំនួន៩ផ្សេងទៀត រួមមានអាល់ហ្សេរី បេឡារុស្ស បូលីវី គុយបា កាហ្សាក់ស្ថាន នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន ក៏ស្ថិតក្នុងបញ្ជីចង់ក្លាយជាសមាជិករបស់ BRICS នេះដែរ។ បណ្តាប្រទេសទាំង១៣នេះមិនមែនជាសមាជិកពេញលេញរបស់ប្លុកប្រទេស BRICS ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានសមាជិកស្ថាបនិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នោះទេ។ បន្ទាប់ពីប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) បានក្លាយជាសមាជិក BRICS នៅឆ្នាំ២០១០។
មកទល់ពេលនេះក្រុមប្រទេសសមាជិក BRICS មានសក្តានុពលសេដ្ឋកិច្ចសរុបប្រមាណ២៨,៥ទ្រីលានដុល្លារ ឬប្រហែល២៨% នៃសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក មូហាមេត ហាសាន ( Mohamad Hasan ) បាននិយាយថា ម៉ាឡេស៊ី ឥឡូវនេះ អាចទទួលបានឱកាសពាណិជ្ជកម្មកាន់តែប្រសើរឡើង ខណៈដែលប្លុកនេះមានប្រជាជនសរុបជាង៣ពាន់២រយលាននាក់។
លោក ហលមី អាហ្ស៊ី ( Halmie Azrie) អ្នកវិភាគនយោបាយឯករាជ្យម្នាក់បានលើកឡើងថា ប្រទេសអាស៊ានទាំងនេះទំនងជាចង់បង្កើនឱកាសពាណិជ្ជកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងបរទេសរបស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសង្រ្គាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា។
នៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលបានរៀបចំនៅទីក្រុងកាហ្សាន់ កាលពីសប្តាហ៍មុនប្រទេសទាំង៤សុទ្ធតែបញ្ជូនតំណាងចូលរួម ដោយឡែកលោក ថងលួង ស៊ីសូលីត ប្រធានាធិបតីឡាវ ដែលបានចូលរួមដែរនោះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលរួមជាមួយប្លុក BRICS នេះដែរ។
សារព័ត៌មាន Laotian Times បានរាយការណ៍ថា ឡាវមើលឃើញថាការចូលរួមជាមួយ BRICS ជាមធ្យោបាយមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ថាមពលបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយក៏អាចជួយឡាវ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព នាឆ្នាំ២០៣០ ផងដែរ៕
ដោយៈ សរ សុជាតិ