កិច្ចប្រជុំកំពូល APEC

៥ចំណុចសំខាន់ដែលពិភពលោកកំពុងតាមដានពីជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង


ប្រទេសកូរ៉េខាងត្បូង ត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC សម្រាប់ឆ្នាំ២០២៥ នេះ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេ ម្យុង កំពុងព្យាយាមរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ ជំនួបដែលពិភពលោកទន្ទឹងរង់ចាំជាយូរមកហើយរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នៅមុនពេលកិច្ចប្រជុំកំពូល APEC ចាប់ផ្ដើមនៅថ្ងៃសុក្រ ទី៣១ ខែតុលា នេះ អាចជះឥទ្ធិពលលើរបៀបវារៈកិច្ចប្រជុំកំពូលនៅក្នុងសប្តាហ៍នេះ។
កិច្ចប្រជុំកំពូល APEC
ដោយ

កិច្ចប្រជុំកំពូលនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងហ្គឺនជូ (Gyeongju) ប្រទេសកូរ៉េខាងត្បួង នៅសប្ដាហ៍នេះ អាចនឹងជួយសម្រាលភាពតានតឹងក្នុងតំបន់ ប៉ុន្តែទំនងជាមិនសម្រេចបានវឌ្ឍនភាពជាដុំកំភួនឡើយ។ ជាការពិតណាស់ ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង អាចនាំមកនូវស្ថិរភាពរយៈពេលខ្លី ខណៈដែលកូរ៉េខាងត្បូង ព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។

ពេលនេះពិភពលោកកំពុងផ្ដោតតាមដានលើចំណុចសំខាន់ៗចំនួន៥ ពីជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង ដោយចំណុចសំខាន់ទាំងនេះរួមមានដូចខាងក្រោម៖

ទី១៖ ការចរចារវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន

ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងជួបគ្នានៅថ្ងៃព្រហស្បតិ៍ ទី៣០ ដែលជាជំនួបលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក ដើម្បីចរចាបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើពន្ធគយ បច្ចេកវិទ្យា និងការដឹកជញ្ជូនទំនិញតាមកប៉ាល់។ អ្នកវិភាគរំពឹងថា អាចនឹងមានវឌ្ឍនភាពតិចតួចប៉ុណ្ណោះក្នុងជំនួបនេះ ខណៈដែលភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវកិច្ចព្រមព្រៀងជាក្របខណ្ឌណ្តោះអាសន្ន និងគូសបញ្ជាក់ពីរបៀបគ្រប់គ្រងបញ្ហានៅកោះតៃវ៉ាន់ និងសមុទ្រចិន ខាងត្បូង។

ទី២៖ ច្បាប់រក្សាតុល្យភាពរបស់កូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេ ម្យុង នឹងជួបបញ្ហាប្រឈមក្នុងការរក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងពីរនេះ។ ទណ្ឌកម្មរបស់មហាយក្សចិន លើក្រុមហ៊ុនផលិតកប៉ាល់ Hanwha Ocean របស់កូរ៉េខាងត្បូង ឆ្លុះបញ្ចាំងពីភាពតានតឹងកាន់តែខ្លាំងឡើង ខណៈដែលទស្សនៈប្រឆាំងមហាយក្សចិន កំពុងកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក លី ចេ ម្យុង មានគោលបំណងការពារពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ដោយមិនធ្វើឱ្យភាគីមហាអំណាចណាមួយខឹងនោះទេ។

ទី៣៖ កិច្ចព្រមព្រៀងពន្ធគយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក

ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន កំពុងចរចាកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាម៉េរិក ពី២៥% មកនៅត្រឹម១៥% ជាថ្នូរនឹងការបោះទុនវិនិយោគចំនួន៣៥០ ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិក។ លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងពន្ធគយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកនេះ ជិតសម្រេចបានហើយ ប៉ុន្តែលោក លី ចេ ម្យុង ព្រមានថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះអាចជះផលប៉ះពាល់ដល់រូបិយប័ណ្ណ និងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

ទី៤៖ នយោបាយការទូតថ្មីរបស់ជប៉ុន

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោកស្រី តាកាអ៊ិឈិ សាណាអិ (Sanae Takaichi) កំពុងស្វះស្វែងរឹតចំណងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងសេអ៊ូល និងបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មដូចជាហ្វីលីពីន និងអូស្ត្រាលីជាដើម ដើម្បីទប់ទល់នឹងប្រទេសចិន។ លោកស្រីសង្ឃឹមថា នឹងជួបជាមួយលោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូល APEC ទោះបីជាទីក្រុងប៉េកាំង មិនទាន់បានបញ្ជាក់ក៏ដោយ។

ទី៥៖ ជំនួបជាថ្មីដែលអាចកើតមានឡើងរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន

លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបថា លោកអាចនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងទស្សនកិច្ចរបស់លោកនៅកូរ៉ខាងត្បូង។ ប៉ុន្តែអ្នកវិភាគមានមន្ទិលថា លោក គីម ជុងអ៊ុន បានពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន និងរុស្ស៊ី ដូច្នេះនៅតែមិនអាចទុកចិត្តបានក្រោយការចរចាកន្លងមកបានបរាជ័យ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យការអនុវត្តក្របខណ្ឌប្រទេស៣ គោលដៅទេសចរណ៍១ រវាងកម្ពុជា ឡាវ និងវៀតណាម អាចដំណើរការទៅមុខ និងមានប្រសិទ្ធភាព?

ក្របខណ្ឌប្រទេស៣ គោលដៅ១ គឺផែនការស្រូបទាញភ្ញៀវទេសចរ ដែលថ្នាក់ដឹកនាំកម្ពុជាបានពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម និងប្រទេសឡាវ ដើម្បីជ…

ការសិក្សាមួយបង្ហាញថា ចិន តាមជិតទាន់អាម៉េរិក លើសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ប្រទេសចិន តាមជិតទាន់សហរដ្ឋអាម៉េរិកហើយសម្រាប់ការដឹកនាំផ្នែកវិទ្យាសាស្ត្រ ដោយគេរំពឹងថា ចិននឹងអាចតាមទាន់អាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ