ដើម្បីអភិវឌ្ឍន៍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាក្នុងអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅក្នុងវិស័យទូរគមនាគមន៍តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅទូទាំងប្រទេសនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ជា វ៉ាន់ដេត ដែលបានបន្ថែមថា បច្ចុប្បន្នបណ្តាញសេវាទូរសព្ទ 4G បានគ្របដណ្តប់ជិត៩៥%នៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ ដើម្បីលើកកម្ពស់គុណភាពសេវាអ៊ីនធឺណិត ក៏ដូចជាជួយសម្រួលដល់ការបំពេញការងារ និងការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងងាយស្រួលបន្ថែមទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងដាក់ឱ្យដំណើរការបណ្តាញសេវាទូរសព្ទ 5G ចាប់ពីឆ្នាំ២០២៦ តទៅ។
បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ ក៏បានសហការជាមួយក្រសួងស្ថាប័ននានារៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញចាំបាច់នានា បង្កើនទំហំអ៊ិនធឺណិត និងផ្តល់កុំព្យូទ័ររាប់ម៉ឹនគ្រឿន ដើម្បីធានាថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលអាចដំណើរការទៅបានដោយរលូនផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ជា វ៉ាន់ដែត៕