ទេសចរណ៍-អាស៊ាន

តើការចូលរួមក្នុងយន្តការ៦ប្រទេសផ្តល់ទិដ្ឋាការរួម ដើម្បីគោលដៅតែ១ អាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដល់វិស័យទេសចរណ៍កម្ពុជា?


គំនិតផ្តួចផ្តើម "៦ប្រទេស គោលដៅ១" គឺជាយន្តការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ក្នុងគោលដៅទេសចរណ៍តែមួយ ដែលផ្ដួចផ្តើមដោយរាជរដ្ឋាភិបាលថៃនេះ។ ប៉ុន្ដែ បើតាម​ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់នៅថ្ងៃទី ២២ ខែតុលាថា កម្ពុជា មិនបានគាំទ្រលើគំនិតផ្ដួចផ្ដើមនេះ ដូចបណ្ដាសារព័ត៌មានអន្តរជាតិចុះផ្សាយនោះឡើយ។
គំនិតផ្តួចផ្តើម៦ប្រទេសគោលដៅ១ នឹងក្លាយជាឱកាសដល់វិស័យទេសចរណ៍កម្ពុជា?

ទោះយ៉ាងណា ជុំវិញគំនិតផ្ដួចផ្ដើម "៦ប្រទេស គោលដៅ១" អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍មានការយល់ឃើញផ្សេងគ្នា អំពីអត្ថប្រយោជន៍ និងកត្តាប្រឈម​នានា ប្រសិនបើ​កម្ពុជា​​ ពិចារណា​ចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះនាពេលអនាគត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ប្រទេសជាសមាជិកគួរតែពិនិត្យមើលឲ្យបានច្បាស់លើគោលនយោបាយរបស់ថៃ អំពីតម្លាភាពនៃការទទួលបានផលប្រយោជន៍ផងដែរ។ ទោះយ៉ាងណា សម្រាប់អ្នកជំនាញរូបនេះ ការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសទាំង៦ ក្នុងគោលដៅទេសចរណ៍តែមួយនេះ ហាក់មិនមានហានិភ័យគួរឱ្យព្រួយបារម្ភឡើយ ដោយសារតែកម្ពុជាមានច្បាប់អន្តោប្រវេសន៍ និងប្រព័ន្ធដឹកនាំល្អ។

ជាការកត់សម្គាល់របស់លោក ធួន ស៊ីណាន កន្លងមកភ្ញៀវបរទេសមកពីតំបន់អឺរ៉ុប តែងតែយកបណ្ដាប្រទេសជិតខាងកម្ពុជាធ្វើជាប្រទេសខ្សែទស្សនកិច្ចតែមួយ ហើយវាជាមធ្យោបាយល្អសម្រាប់កម្ពុជា នៅពេលបានចូលរួមក្នុងគោលដៅទេសចរណ៍តែមួយនេះ។ ទន្ទឹមនេះ លោកស្នើឱ្យភាគីពាក់ព័ន្ធត្រូវចាប់យកឱកាសនេះ ដើម្បីធ្វើជាយន្តការពិសេសក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសទាំង៦ បើពុំដូច្នោះទេ កម្ពុជាអាចនឹងបាត់បង់ផលប្រយោជន៍ពីការចូលរួមនេះ។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសទាំង៦នៅតំបន់អាស៊ានសម្រាប់គោលដៅទេសចរណ៍តែមួយ គឺជាគំនិតផ្ដួចផ្ដើមល្អ ដែលអាចបង្កភាពងាយស្រួលដល់អ្នកទេសចរបរទេស ដែលចង់មកលេងកម្សាន្តនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។ ប៉ុន្ដែ អ្នកជំនាញរូបនេះ ហាក់មានក្ដីបារម្ភចំពោះប្រទេសជាសមាជិកដូចជាកម្ពុជា ឡាវ និងប្រ៊ុយណេថា អាចនឹងទទួលបានផលប្រយោជន៍តិចពីគំនិតផ្តួចផ្តើមនេះ ខណៈប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាមមានអ្នកទេសចរនាំមុខតាំងពីមុន និងក្រោយការរាតត្បាតជំងឺកូវីដ-១៩ ហើយផ្ទុយទៅវិញបណ្ដាប្រទេសទាំងនេះអាចនឹងទទួលបានផលប្រយោជន៍បន្ថែមទៀតពីគំនិតផ្តួចផ្តើមនេះ។

បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីងថ្ងៃទី២២ខែតុលាបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាបានគាំទ្រ និងចូលរួមជាមួយគំនិតផ្តួចផ្តើមជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមរយៈការផ្តល់ទិដ្ឋាការរួមគ្នារវាងប្រទេសទាំង៦ នៅតំបន់អាស៊ាននេះ។ ប៉ុន្ដែ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី ២២ ខែតុលា បានចេញលិខិតបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា គ្រាន់តែ បានកត់​សម្គាល់លើគំនិតផ្តួចផ្តើមនេះប៉ុណ្ណោះ ពុំបានបង្ហាញការគាំទ្រ​លើ​គំនិតផ្ដួចផ្ដើមនេះឡើយ។
តាមកាសែតបាងកកប៉ុស្ដិ៍បានឲ្យដឹងថា ប្រទេសទាំង៦ ដែលស្ថិតក្នុងគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលថៃនេះ រួមមានប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។ គំនិតផ្តួចផ្តើម "៦ប្រទេស គោលដៅ១" មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំង៦នេះ៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ




អត្ថបទបន្ទាប់


ធនាគារជាតិកាណាដា និង ABA គូសបញ្ជាក់ពីបរិយាកាសវិនិយោគវិជ្ជមាននៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 26-27 ខែកញ្ញា 2024 ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតលំដាប់ទី 6 នៅក្នុងប្រទេសកាណាដា និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA…

ការរឹតដ្បិតរបស់ថៃ មិនឱ្យកម្ពុជា ដឹកទំនិញឆ្លងកាត់ កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា

ការបញ្ជាទិញកសិផលស្រស់របស់កម្ពុជា ពីសំណាក់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ