
របាយការណ៍វិភាគដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែឧសភា ដោយវិទ្យាស្ថានឡូវី (Lowy Institute) ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយការបរទេសនៃប្រទេសអូស្ត្រាលីបានបញ្ជាក់ថា នៅឆ្នាំ២០២៥ នេះ ប្រទេសក្រីក្របំផុតចំនួន៧៥ នឹងត្រូវទូទាត់សងបំណុលដល់ប្រទេសចិន រហូតដល់ទៅ២២ពាន់លានដុល្លារអាម៉េរិក ដែលជាចំណែកដ៏ច្រើនលើសលប់បើធៀបនឹងបំណុលសរុបចំនួន៣៥ពាន់លានដុល្លារអាម៉េរិក ដែលប្រទេសទាំងនេះខ្ចីពីម្ចាស់បំណុលទាំងអស់សម្រាប់ឆ្នាំ២០២៥។
របាយការណ៍ដដែលបង្ហាញទៀតថា ចាប់ពីពេលនេះទៅ ចិននឹងផ្តោតលើការប្រមូលបំណុលច្រើនជាងការផ្តល់ប្រាក់កម្ចីថ្មីដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ហើយសម្ពាធនៃការទូទាត់បំណុលកំពុងធ្វើឱ្យប្រទេសទាំងនោះកាន់តែពិបាកក្នុងការចំណាយសម្រាប់វិស័យសុខាភិបាល វិស័យអប់រំ និងកិច្ចប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ របាយការណ៍បញ្ជាក់ថា ការផ្តល់ប្រាក់កម្ចីដោយប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលបណ្ដាប្រទេសដែលកំពុងជួបបញ្ហា ត្រូវការប្រាក់កម្ចីទាំងនោះខ្លាំង ស្របពេលពួកគេកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ភាគច្រើននៃប្រាក់កម្ចីរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទួលបានតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលជាកម្មវិធីហេដ្ឋារចនាសម្ព័ន្ធពិភពលោកដ៏សំខាន់មួយដែលដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្ដល់ហិរញ្ញប្បទានដល់ប្រទេសនានា សម្រាប់គម្រោងដូចជាសាលារៀន ស្ពាន មន្ទីរពេទ្យ ផ្លូវហាយវេ និង កំពង់ផែ ជាដើម។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ មហាយក្សចិន ជាម្ចាស់បំណុលធំបំផុតរបស់ពិភពលោក ដោយបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនានា រហូតដល់ទៅជាង ៥០ពាន់លានដុល្លារអាម៉េរិក ពោលគឺមានទំហំច្រើនជាងទំហំកម្ចីដែលផ្ដល់ដោយប្រទេសលោកខាងលិចរួមបញ្ចូលគ្នាទៅទៀត។
បើតាមការបញ្ជាក់របស់បាយការណ៍ខាងលើ ប្រទេសចិន បានចែករំលែកព័ត៌មានតិចតួចណាស់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន។ បើតាមការប៉ាន់ប្រមាណដោយផ្អែកលើទិន្នន័យរបស់ធនាគារពិភពលោក របស់វិទ្យាស្ថានឡូវី បានបង្ហាញថា ចិន បានផ្ដល់កម្ចីច្រើនណាស់ដែលមិនត្រូវបានលាតត្រដាងឱ្យដឹងពីចំនួនពិតប្រាកដ។ នៅឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានប៉ាន់ប្រមាណថា បណ្ដាប្រទេសដែលជំពាក់បំណុលប្រទេសចិន មានបំណុលលួចលាក់សរុបបញ្ចូលគ្នារហូតដល់ទៅ៣៨៥ពាន់លានដុល្លារអាម៉េរិក ឯណោះ៕
ដោយ: តែម សុខុម